(កណ្តាល)៖ ដើម្បីជួយជីវិតជនរងគ្រោះដែលត្រូវការឈាមចាំបាច់ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំពិធីផ្តល់ឈាម។
សមាសភាពចូលរួមមានលោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្តកណ្តាលតំណាងបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល, លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ចាការកងរាជអាវុធហត្ថខេត្ត, លោកឧកញា សុខ ស្រស់ ប្រធានសភាពាណិជ្ជកម្មខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងក្រុមការងារព្រមទាំងលោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ស្រុកទាំង១១ ព្រមទាំង នាយទាហាន នាយរង និងពលទាហាន នៃកងរាជអាវុធហត្ថ ចំណុះឱ្យខេត្ត រួមទាំងសមជិកសហភាពសហព័ន្ធយុវជនខេត្តកណ្តាល សរុបជាង ២០០នាក់ មកស្ម័គ្រចិត្តផ្ដល់ឈាមនាពេលនេះ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សំ តុលា បានលើកឡើងថា អនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឱ្យនាយ នាយរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតីអនុវត្តតួនាទីភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់ជាពិសេស កម្លាំងកងរាជអាវុធហត្ថបានត្រៀមរួចជាស្រេច ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះឈាម និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថខេត្តកណ្តាលបានធ្វើជាគំរូល្អ និងមានស្នាដៃកិត្តិយសកេរ្ត៍ឈ្មោះល្អ នេះដោយមានការដឹកនាំចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា ឱ្យយកចិត្តទុកដាក់ឈរលើការគោរពបទបញ្ជា ការគោរពវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រម ពិសេសមានឆន្ទៈក្នុងការការពារនិងបម្រីប្រជាជន។
ជាមួយនោះផងដែរ កងរាជអាវុធហត្ថក៏មានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សាការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថខេត្តកណ្តាលបានបង្កើតនូវសមិទ្ធផលជាច្រើន សម្រាប់អង្គភាពជាពិសេសក្រៅពីការងារស្នូល កងរាជអាវុធហត្ថខេត្តបានចូលរួមសហការ និងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា នៅពេលដែលប្រជាពលរដ្ឋមានតម្រូវការ។
សូមបញ្ជាក់ថា ក្នុងពេលកំពុងធ្វើការផ្តល់ឈាមនេះផងដែរលោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ មេបញ្ជាការ មេបញ្ជាការរង ក្រុងស្រុកទាំង១១ នាយ នាយរង ពល អាវុធហត្ថទាំងអស់ បានចូលរួមស្តាប់អនុសាសន៍សំខាន់ៗ របស់លោកឧត្តមសេនីយ៍ត្រី សំ តុលា ដែលបានផ្តល់កម្លាំងចិត្តដល់បងប្អូន ចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាមសម្រាប់ បម្រើឱ្យជនរួមជាតិដែលមានតំរូវការឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្សនាពេលបច្ចុប្បន្ន និងទៅអនាគត ជាពិសេសលោក មេបញ្ជាការ បានចូលរួមផ្តល់ឈាមមុនគេ ដើម្បីធ្វើជាគំរូជូនដល់កងកម្លាំងចូលរួមទាំងអស់៕