(ភ្នំពេញ)៖ បើនិយាយអំពីកម្មវិធី World Scholar’s Cup 2019 គឺជាកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយ ដែល ត្រូវបានរៀបចំឡើងក្នុងគោលបំណងទាក់ទាញសិស្សានុសិស្ស ឲ្យចាប់អារម្មណ៍លើការសិក្សាបន្ថែមពីលើកម្មវិធីសិក្សា នៅតាមសាលារៀន ព្រមទាំងផ្តល់ឱកាសឲ្យពួកគេបង្ហាញគំនិត បញ្ញា ព្រមទាំងសមត្ថភាពជុំវិញបញ្ហាដែលកើតមាននៅជុំវិញខ្លួនរបស់ពួកគេ ក្នុងពេលបច្ចុប្បន្ន។
កម្មវិធី World Scholar’s Cup 2019 បានធ្វើឡើងក្រោមប្រធានបទ «ពិភពលោកលើដែនកំណត់អតិបរមា ឬពិភពលោកក្នុងស្ថានភាពតឹងតែង (World on the Margins)» ដែលមានសិស្សានុសិស្សមកពីជាង៨២ប្រទេសលើពិភពលោកចូលរួមប្រកួតនៅក្នុងកម្មវិធីនេះ។
ជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ដោយនៅក្នុងចំណោម៨២ប្រទេសនោះក៏មានសិស្សានុសិស្សកម្ពុជាចូលរួមផងដែរ។ លើសពីនេះទៅទៀតយុវតីខ្មែរយើងមួយរូបទទួលបាន មេដាយមាសចំនួន១៧ និងមេដាយប្រាក់ចំនួន៨ថែមទៀត។ អ្នកដែលធ្វើឲ្យកម្ពុជាមានកិត្តិយសលើឆាកអន្តរជាតិ ក្នុងការប្រកួតសមត្ថភាពសិក្សាលំដាប់ថ្នាក់ពិភពលោកនេះគឺជាយុវតី សោម តាសា ដែលមានអាយុ១៤ឆ្នាំ ដែលត្រូវជាកូនរបស់លោកឧត្តមសេនីទោ សោម សុធី និងអ្នកស្រី ឆាយ ហុង។
យុវតី សោម តាសា ដែលកំពុងសិក្សាថ្នាក់ទី៩ នៅសាលា Canadian International School Of Phnom Penh បានឲ្យដឹងថា កម្មវិធី World Scholar’s Cup 2019 មានការប្រកួតចំនួន៣ដំណាក់កាល។ ដំណាក់កាលទី១ ធ្វើឡើងផ្ទាល់នៅក្នុងប្រទេសនីមួយៗដែលមានឈ្មោះថា Regional Rounds នៅក្នុងវគ្គដំបូងនេះ យុវតី សោម តាសា ទទួលបានមេដាយមាសចំនួន៥ និងមេដាយប្រាក់ចំនួន៣។ បានធ្វើឲ្យតាសា អាចបន្តទៅកាន់វគ្គ Global Round ដែលធ្វើឡើងនៅក្នុងប្រទេសហូឡង់ ហើយយុវតីវ័យ១៤ឆ្នាំខាងលើ បានដណ្ដើមបាន ពានរង្វាន់ចំនួន១ មេដាយមាសចំនួន៨ និងមេដាយប្រាក់ចំនួន១។
នេះជាឱកាសឲ្យកូនខ្មែរខាងលើមានសិទ្ធិបន្តការប្រកួតទៅកាន់វគ្គ Tournament Of Champions ដែលធ្វើឡើងនៅសាកលវិទ្យាល័យយែល (Yale University) សហរដ្ឋអាមេរិក។ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ក្នុងវគ្គ Tournament Of Champions យុវតី សោម តាសា បានមេដាយមាសចំនួន៤ និងមេដាយប្រាក់ចំនួន៤ថែមទៀត។
នេះជាការលើឡើងរបស់យុវតី សោម តាសា ៖ «ខ្ញុំប្រឡងនៅក្នុងកម្មវីធី World Scholar’s Cup ហើយកម្មវិធីនេះធ្វើឡើក្នុងមួយឆ្នាំគាត់មាន៣វគ្គ វគ្គទីមួយគឺ Regional Rounds ហើយបើសិនជាយើងប្រឡងជាប់នៅក្នុងវគ្គ Regional Rounds យើងអាចបន្តទៅកាន់វគ្គ Global Round ដែលនៅប្រទេសក្រៅ។ ហើយបើសិនជាយើងជាប់ យើងអាចបន្តទៅកាន់វគ្គ Tournament Of Champions ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក នៅYale University។ រាល់ឆ្នាំគាត់មាន៦មុខវិទ្យាមានដូចជា Literature,Art and Music, Social study, Science, History and Special Area។ ការប្រឡងនេះខ្ញុំចង់ពង្រឹងសមត្ថភាព និងភាពក្លាហានរបស់ខ្លួនឯង ហើយចង់ឲ្យបានលទ្ធផលឲ្យប៉ាម៉ាក់មានសមត្ថភាព ហើយជាពិសេសខ្ញុំចង់ឲ្យពិភពលោកដឹងថា កូនខ្មែរក៏គាត់មានសមត្ថភាព ហើយនិងភាពក្លាហានដើម្បីចេញទៅក្រៅប្រឡងជាមួយគេដែរ»។
ដោយទទួលបានភាពជោគជ័យ និងបានលើកមុខមាត់ប្រទេសកម្ពុជានៅលើឆាកអត្តរជាតិនៅលើការសិក្សានោះ យុវតី សោម តាសា បានចែករំលែកបទពិសោធន៍នៅក្នុងការសិក្សាដែលធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពយ៉ាងដូច្នេះថា៖ «ការលេងគឺល្អសម្រាប់ខួរក្បាលយើងពេលយើងនៅកូនក្មេង ប៉ុន្តែយើងត្រូវតែចេះបែងចែករវាងការលេង ជាមួយការរៀនសូត្រ ដើម្បីថ្ងៃមុខទៅយើងចេះរៀបចំកម្មវិធីរបស់យើងឲ្យងាយស្រួលដើម្បីទទួលបានភាពជោគជ័យ។ រាល់ថ្ងៃខ្ញុំតែងតែប្រាប់ខ្លួនឯងថារៀនចាប់ពី៣០នាទី ទៅ១ម៉ោង ហើយពពេលខ្លះក៏យើងត្រូវមានពេលខ្លះសម្រាប់លំហែរកាយដែរ ដើម្បីឲ្យខួរក្បាលយើងងាយស្រួលចាំ ហើយងាយស្រួលរៀនឲ្យចូល។ ជាធម្មតាខ្ញុំរៀនដដែលឲ្យស្ទាត់សិនទើបខ្ញុំទៅរៀនមុខវិទ្យាផ្សេង»។
មិនត្រឹមតែមានសមត្ថភាពខ្ពស់ក្នុងការសិក្សានោះទេ បន្ថែមពីនេះ សោម តាសា ក៏មានភាពក្លាហានខ្លាំងផងដែរ។ ដោយសារតែការចូលរួមប្រលក្ខណៈពិភពលោកនេះ យុវតី តាសា បានរៀបចំការដាក់ពាក្យតាមប្រព័ន្ធអ៊ីធើណេត និងរៀបចំឯកសារក្នុងការប្រកួតដោយខ្លួននឯង បន្ថែមដោយមានការផ្តល់យោបល់និងជ្រោមជ្រែងពីសំណាក់គ្រូក្នុងសាលាខ្លះៗ។
តែយ៉ាងណាភាពក្លាហាននេះក៏ព្រោះតែ យុវតីសោម តាសា ទទួលបានបទពិសោធន៍ក្នុងការណែនាំរបស់សាលលើការប្រកួតលក្ខណៈអន្តរជាតិនេះម្ដងកាលពីឆ្នាំ២០១៦។ យ៉ាងណាយុវតី សោម តាសា បានជម្រុញនិងលើកទឹកចិត្តដល់សិស្សានុសិស្សដទៃទៀត ឲ្យមានភាពក្លាហានក្នុងការចូលរួមប្រកួតកម្មវិធីផ្សេង ដែលអាចធ្វើបានតារយៈការស្រាវជ្រាវដោយខ្លួនផ្ទាល់ តាមប្រព័ន្ធអ៊ីនធើណេត។
យុវតី សោម តាសា បានបន្ថែមយ៉ាងដូច្នេះថា៖ «យើងអាច Research តាម google ព្រោះថាមានកម្មវិធីច្រើនណាស់ដែលលយើងអាចចូលរួមបានប្រសិនជាយើងយកពេលមកឈ្វេងយល់ហើយស្រាវជ្រាវ។ នរណាក៏អាចក្លាហានហើយទៅប្រឡងបានដែរ ឲ្យតែយើងមានចិត្តហើយមានគំនិតថាយើងអាចធ្វើបានយើងនឹងអាចធ្វើបាន ឲ្យតែមានភាពក្លាហាន ហើយនិងភាពតស៊ូរ»។
បើទោះជាយុវតី សោម តាសា មានការស្រាវជ្រាវច្រើនដោយខ្លួនឯងក្ដី ក៏យុវតីរូបនេះ មិនភ្លេចឡើយពីការជួយជ្រោមជ្រែងនិងលើកទឹកចិត្តពីលោកគ្រូអ្នកគ្រូ និងក្រុមគ្រួសារនោះដែរ «ខ្ញុំអរគុណប៉ាម៉ាក់ ម៉ា ហើយនិងប្អូន ដែលតែងតែនៅពីក្រោយខ្ញុំចេះជួយខ្ញុំ ហើយចេះឲ្យកម្លាំងចិត្តខ្ញុំរហូត។ ហើយចង់អរគុណលោកគ្រូអ្នកគ្រូដែលជួយបង្រៀនខ្ញុំ ឲ្យបានឈានដល់ថ្ងៃនេះ ដែលបានជូនទៅក្រៅប្រឡងជាមួយអ្នកនៅក្រៅ»។
សូមបញ្ជាក់ផងដែរថា កម្មវិធី World Scholar’s Cup 2019 បានធ្វើឡើងក្រោមប្រធានបទ «ពិភពលោកលើដែនកំណត់អតិបរមា ឬពិភពលោកក្នុងស្ថានភាពតឹងតែង (World on the Margins)» ដែលមានសិស្សានុសិស្សប្រមាណ១,៥០០នាក់ មកពី៨២ប្រទេសលើពិភពលោកចូលរួមប្រកួតនៅក្នុងកម្មវិធីនេះ៕