(ព្រះវិហារ)៖ នៅម៉ោង៧៖០០នាទីយប់ថ្ងៃសៅរ៍ ១១កើត ខែមិគសិរឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តព្រះវិហារ នឹងធ្វើការចាក់បញ្ចាំងបន្តផ្ទាល់ ការប្រកួតបាល់ទាត់ SEA Games 2019 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងកម្ពុជា និងវៀតណាម នៅក្នុងបរិវេណពហុកីឡដ្ឋានខេត្ត ស្ថិតក្នុងភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ស៊ីហ្គេម ២០១៩ រដ្ឋបាលខេត្ត សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរអប់រំ មន្ទីរសាធារណការ មន្ទីរអភិវឌ្ឍន៍ មន្ទីរសេដ្ឋកិច្ច មន្ទីរបរិស្ថាន មន្ទីរដែនដី កងពលលេខ៣ និងអង្គភាពនានាជុំវិញខេត្ត បានរៀបចំផ្សាយបន្តផ្ទាល់ ជាមួយផ្ទាំងសំពត់សទំហំ ៤០០អ៊ីញ (៨ម*៦ម) នៅពហុកីឡាដ្ឋានខេត្តព្រះវិហារ។ ការចូលរួមទស្សនាមិនត្រឹមតែជាការបង្កើនភាព រំភើបសប្បាយរីករាយប៉ុណ្ណោះទេ តែថែមទាំងបង្កើននូវសាមគ្គីភាព មោទនភាពជាតិ និងស្មារតីស្រឡាញ់មាតុភូមិទៀតផង។
អាស្រ័យហេតុនេះ សូមបងប្អូនអញ្ជើញចូលរួមទស្សនាការប្រកួតរវាងជម្រើសជាតិកម្ពុជា ជាមួយជម្រើសជាតិវៀតណាម នៅល្ងាចថ្ងៃនេះ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៧៖០០នាទីយប់ តទៅ ដើម្បីលើកទឹកចិត្តកីឡាករជាតិយើងឱ្យទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ៕