(ភ្នំពេញ)៖ លោក មិកាមិ ម៉ាស្សាហិរូ (Mr. MIKAMI Masahiro) ឯកអគ្គរាជូតទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា បានកោតកោតស្ញប់ស្ញែងចំពោះការអភិវឌ្ឍយ៉ាងខ្លាំងរបស់កម្ពុជា ជាពិសេសទីក្រុងភ្នំពេញ ដែលផ្ទុយខុសកាលពី ១៧ឆ្នាំមុន នៅក្នុងពេលដែលលោកបានមកបំពេញទស្សនកិច្ច។
ការកោតសសើរពីភាពរីកចម្រើនរបស់កម្ពុជាពីសំណាក់លោក មិកាមិ ម៉ាស្សាហិរូ បានធ្វើឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលព្រមទាំងលោកបណ្ឌិត ថោង ខុន និងលោក Eigo Onuma អគ្គនាយក នៃអង្គការទេសចរណ៍ជប៉ុន ប្រចាំទីក្រុងបាងកក បានអញ្ជើញចូលរួមក្នុងពិធីបើក Japan Travel Fair លើកទី៣ នៅផ្សារទំនើប AEON សែនសុខ រាជធានីភ្នំពេញ។
ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជារូបនេះ បានបង្ហាញការកោតស្ញប់ស្ញែងយ៉ាងដូច្នេះថា៖ «ខ្ញុំបានមកប្រទេសកម្ពុជា ក្នុងនាមជាឯកអគ្គរាជទូត កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ហើយជីវភាព របស់ខ្ញុំនៅទីនេះ មានរយៈពេល៣ខែហើយ ខ្ញុំបានមកទស្សនកិច្ចនៅទីក្រុងភ្នំពេញ កាលពី១៧ឆ្នាំមុន ប៉ុន្តែទេសភាព របស់ទីក្រុងភ្នំពេញ បច្ចុប្បន្ន គឺខុសគ្នាឆ្ងាយពីពេលនោះហើយ ខ្ញុំមានការស្ងប់ស្ញែងយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា»។
នៅក្នុងឱកាសនោះដែរលោក មិកាមិ ម៉ាស្សាហិរូ បានបន្តថា ក្រោមការអភិវឌ្ឍសេដ្ឋកិច្ចនេះ ប្រជាជនកម្ពុជា បាននឹងកំពុងទៅទស្សនាប្រទេសជប៉ុន កាន់តែច្រើនជាងពេលមុន។ ដូចដែលអ្នកបានដឹងហើយថាប្រទេសជប៉ុនមាន៤រដូវ គឺនិទាឃរដូវ រដូវក្ដៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារ។ លោកឱ្យដឹងថា ជាពិសេសប្រជាជនកម្ពុជា ជាច្រើនបានទៅកម្សាន្តនៅប្រទេសជប៉ុន ក្នុងរដូវផ្កាសាគូរ៉ារីក។
បើតាមលោក មិកាមិ ម៉ាស្សាហិរូ ក្នុងខែមីនា និងមេសា ដែលជារដូវផ្កាសាគូរ៉ា ឆ្នាំនេះមានប្រជាជនកម្ពុជា ប្រមាណ ៨,០០០នាក់ បានទៅទស្សនា ប្រទេសជប៉ុន កើនឡើងចំនួន៣៦% បើប្រៀបធៀបនឹងរយៈ ពេលដូចគ្នានៃឆ្នាំកន្លងទៅ។ នៅក្នុងពិព័រណ៍ទេសចរណ៍ជប៉ុនឆ្នាំនេះ យើងមានការដាក់តាំងដើមផ្កាសាគូរ៉ា ចំនួន២ដើម ដើម្បីធ្វើជាកន្លែងថតរូប សម្រាប់អ្នកចូលរួមទស្សនា ដូច្នេះ លោកអ្នកអាចទទួលអារម្មណ៍ពី សម្រស់ផ្កាសាគូរ៉ា របស់ជប៉ុននៅទីនេះ ក្នុងរាជធានីភ្នំពេញ។
ឯកអគ្គរាជទូតជប៉ុន បានឱ្យដឹងថា មិនត្រឹមតែផ្កាសាគូរ៉ាទេ នៅប្រទេសជប៉ុន អ្នកអាចទទួលបានបទពិសោធន៍ពីធម្មជាតិដូចជា៖ ស្លឹកឈើពណ៌ នៅរដូវស្លឹកឈើជ្រុះ និងទេសភាពព្រិល ក៏ដូចជាទីក្រុងប្រវត្តិសាស្ត្រជាណារ៉ា ព្រមទាំងវប្បធម៌អាហារជប៉ុន និងសេវាកម្មល្អិតល្អន់ (បដិសណ្ឋារកិច្ចល្អ)។ ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក លើកក្រោយនឹងត្រូវប្រារព្ធធ្វើឡើង នៅប្រទេសជប៉ុន ជាលើកទី២ ក្នុងរយៈពេល៥៦ឆ្នាំ នៅរដូវក្តៅខាងមុខនេះ។ នេះគឺជាឱកាសដ៏ល្អ ដើម្បីទទួលថ្វានបទពិសោធន៍ ក្នុងការទស្សនាជប៉ុន ជាមួយកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ក្នុងពេលតែមួយ៕