(កណ្តាល)៖ លោក ណុប រ័ត្ននិមល បានថ្លែងថា «បើគ្មានថ្ងៃជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជាទាំងអស់ មិនមានជីវិតរស់នៅបានមើលឃើញនូវការអភិវឌ្ឍប្រទេសជាតិ ហើយក៏មិនបានមកជួបជុំគ្នា មានឱកាសបានលេងកីឡាជាមួយយុវជនដ៍ទៃទៀតដូចសព្វថ្ងៃដែរ»។
លោក ណុប រ័ត្ននិមល ប្រធានគណៈអចិន្ត្រៃក្រុមការងារថ្នាក់កណ្ដាលចុះជួយយុវជនស្រុកកណ្ដាលស្ទឹងតំណាង នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ មូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានថ្លែងក្នុងពិធីបើកការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចាន្នី ដើម្បីចូលរួមអបអរសាទ័រខួបអនុស្សាវរីយ៍លើកទី៤១ ថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩-២០២០ ព្រឹកថ្ងៃទី៧ ខែធ្នូ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
លោក ណុប រ័ត្ននិមល បានបន្តថា «ទិវាជ័យជំនះ ៧ មករា គឺជាថ្ងៃប្រវត្តិសាស្ត្រដែលថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា មានសម្តេចអគ្គធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាងរំដោះប្រទេសជាតិយើង ពីការកាប់សម្លាប់យ៉ាងព្រៃផ្សៃរបស់ពួកបនប្រល័យពូជសាស្រ្ត ប៉ុល ពត។ ថ្ងៃជ័យជម្នះ ៧ មករា ជាថ្ងៃកំណើតទី២របស់យើង និងការរស់រានឡើងវិញនូវសង្គមជាតិទាំងមូល»។
លោកបានលើកឡើងពីគោលបំណង នៃការបើកឱ្យមានការប្រកួតគឺដើម្បី ចូលរួមអបអរសាទ័រខួបអនុស្សាវរីយ៍លើកទី៤១ ថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ -២០២០និងដើម្បីឱ្យយុវជនមានសុខភាពល្អ បង្កើនការសាមគ្គីគ្នារវាងយុវជន ក្នុងស្រុក និងយុវជនទូទាំងប្រទេស ជាពិសេសបញ្ជៀសយុវជនឱ្យចៀសឆ្ងាយពីគ្រឿងញៀនដែលសង្គមមនុស្សជាតិស្អប់ខ្ពើម។ យុវជនសព្វថ្ងៃជាទំពាំងស្នងឬស្សី និងជាសសរទ្រូងនៃប្រទេសជាតិដូចនេះ យុវជនត្រូវមានកម្លាំងខ្លាំងក្លាប្រាជ្ញាស្មាតីរឹងមាំដើម្បីជាអ្នកបន្តវេនដឹកនាំប្រទេស។
គោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលអណត្តិទី៦ បានផ្ដោតយកចិត្តយ៉ាងខ្លាំងទៅលើអប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសស្រទាប់យុវជន។ លោក ណុប រ័ត្ននិមល បានអំពាវនាវដល់យុវជនទាំងអស់ ចូលរួមលេងកីឡានាំឱ្យយុវជនយើងមានសុខភាពល្អ មានទំនាក់ទំនងល្អ មានមេត្រីភាព និងមានសាមគ្គីភាពជាមួយអ្នកដ៏ទៃ ព្រមទាំងនាំឱ្យយើងជៀសផុតពីគ្រឿងញៀន ដែលសង្គមមនុស្សជាតិស្អប់ខ្ពើម។ យើងដឹងហើយថា គ្រឿងញៀននាំឱ្យយើងមានគ្រោះថ្នាក់ដល់អាយុជីវិត សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំងធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចជាតិទៀតផង។
លោក ឆែម រតនៈវិសាល ប្រធានគណៈកម្មការនៃការប្រកួតបានឱ្យដឹងថា មានក្រុមកីឡាករយុវជន២១ក្រុម មកពី១៨ឃុំ និង៣វិទ្យាល័យ។ វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត វិទ្យាល័យព្រែកស្លែង និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ដើមឬស ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលរួមការប្រកួត។
ក្នុងឱកាសនោះដែរលោក ណុប រ័ត្ននិមល បាននាំយកអំណោយរបស់នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងនិងលោកស្រី ឧបត្ថម្ភជូនដល់ក្រុមកីឡា២១ ថវិការ ៩២លាន៤សែនរៀល សិស្សចូលរួម២០០នាក់ម្នាក់ៗ១ម៉ឺន រៀល ឧបត្ថម្ភថវិការជូនក្រុមគណៈកម្មការ សាលាស្រុក កងអាវុធហត្ថ នគរបាលយោធា ប្រជាការពារសរុបថវិការ ជាង១៨លានរៀលនិង៤០ម៉ឺន៕