(ភ្នំពេញ)៖ ម្ចាស់ហាងពេជ្រ ហេង ហេង លក់គ្រឿងអលង្ការ គ្រប់ប្រភេទ នៅរាជធានីភ្នំពេញ លោកស្រី គង់ ពិសី បងប្អូន និងក្រុមគ្រួសារ បានមូលមតិគ្នាជាឯកច្ឆ័ន្ទនិមន្តព្រះសង្ឃ១០៧អង្គ មកពីវត្ដចំនួន៥ នៅរាជធានីភ្នំពេញ សូត្រមន្តបុណ្យបច្ច័យបួន ជូនឱបាសិកា អូម ជីម ដែលមានព្រះជន្ម ៩០ឆ្នាំ។
នៅក្នុងពិធីតាមបែបសាសនា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នោះ ដែលប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់១ លោកស្រី និងក្រុមគ្រួសារ បានអញ្ជើញបូជាទៀនធូផ្កាភ្ញីទឹកអប់ប្រេងម្សៅ ថ្វាយព្រះពុទ្ធរូប និងប្រារព្វធ្វើបទនមសិកាព្រះរតនត្រ័យ ជាកិច្ចរំលឹកដល់គុណព្រះរតនត្រ័យ តាមប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ពិសេសរំលឹកដល់គុណបុណ្យនៃព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម្មវិន័យដ៏វិសេសវិសាលបន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយ ដែលជាពុទ្ធសាសនិកជនគោរពប្រតិបត្តិជារៀងដរាប រហូតមកដល់បច្ចុប្បន្ន។
លោកស្រី គង់ ពិសី ព្រមទាំងក្រុមគ្រួសារ កូនចៅ ចៅទូតទាំងអស់ ដែលមានសន្ធាជ្រះថ្លាប្រកបដោយកត្តញ្ញូ កត្តវេទី ចំពោះឧបាសិកា អូម ជីម បាននិមន្តព្រះសង្ឃ ១០៧អង្គ ប្រារព្ធពិធីនមស្ការព្រះរតនត្រ័យ សមាទាន សិល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា វេរភត្តាហារ ដារពិស្តា ប្រគេន ព្រះសង្ឃ ដើម្បីសុំនូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ ជន្មាយុយ៉ឺន យូរចូល កើតមានដល់ឧបាសិកា អូម ជីម ដើម្បីជាម្លប់ដល់កូនចៅ ចៅទូតជ្រកកោនជាម្លប់ជា យូរអង្វែងតរៀងទៅ។
ម៉្យាងវិញទៀត ឧទ្ទិសដល់បុព្វការីជនទាំងឡាយ ដែលបានធ្វើកាលកិរិយា ទៅកាន់លោកខាងមុខហើយនោះ សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ដែរថា ឧបាសិកា អូម ជីម ជាពុទ្ធសាសនិកមួយរូប ដែលជ្រះថ្លា នឹងព្រះពុទ្ធសាសនា ជាពិសេស ជានិច្ចកាលតែងតែធ្វើបុណ្យចែកទានផងដែរ៕