(កំពង់ចាម)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា ដើម្បីជំរុញការលើកកម្ពស់សុខភាព ប្រជាជនឱ្យកាន់តែប្រសើរ ជាពិសេសការកាត់បន្ថយអត្រាមរណភាព របស់មាតានិងទារក ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដោយក្រសួងសុខាភិបាល បានដាក់ពង្រាយឆ្មប បានគ្រប់មណ្ឌលសុខភាព ដូចនេះហើយសូមបងប្អូនប្រជាពលរដ្ឋទុកគ្រូពេទ្យជាកូន ជាចៅរបស់ខ្លួន ហើយចូលមកទទួលសេវាពិនិត្យសុខភាព ជាពិសេសសេវាផ្នែកសុខភាពស្រ្តី និងសម្រាលកូនឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយបញ្ហា ប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងជំរុញយ៉ាងដូចនេះនាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញ ជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកសម្ភព និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែក ហ៊ុនសែន ស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំកំពង់ចាម, លោកស្រី Yoonsang Lee នាយិកាប្រតិបត្តិអង្គការ Nanum International នៃសាធារណរដ្ឋកូរ៉េ រួមទាំងលោកគ្រូ អ្នកគ្រូពេទ្យ លោកតា លោកយាយ សិស្សានុសិស្សជាច្រើនផងដែរ។
លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង ក៏បានពាំនាំនូវការសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនចំពោះលោក លោកស្រី មន្ត្រីសុខាភិបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ចាម
ជាពិសេសនៅស្រុកស្ទឹងត្រង់ផងដែរ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន បានអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ក្នុងនោះវិស័យសុខាភិបាល ក៏បានរីកចម្រើនដុះដាល តាំងពីថ្នាក់កណ្តាលដល់ទីប្រជុំជនធំៗ រហូតដល់ជនបទដាច់ស្រយាល ធ្វើឲ្យប្រជាពលរដ្ឋយើងគ្រប់ជាន់ថ្នាក់ អាចទទួលបាននូវសេវាសុខាភិបាលនៅគ្រប់ទីកន្លែង។
ជាក់ស្តែងការសម្ភោធដាក់ឱ្យដំណើរការអគារផ្នែកសម្ភព និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែក ហ៊ុនសែន ស្ទឹងត្រង់នេះ គឺជាការគិតគូរមួយទៀត របស់រាជរដ្ឋាភិបាល ទៅលើសុខភាពរបស់ពលរដ្ឋ ដូចនេះហើយសូមបងប្អូនប្រជាពលរដ្ឋ ចាត់ទុកលោកគ្រូ អ្នកគ្រូពេទ្យ នៅក្នុងមណ្ឌលសុខភាពនេះ ជាកូន ជាចៅ ជួយមើលថែទាំសុខភាពរបស់ឪពុកម្តាយ ដោយត្រូវមកពិនិត្យសុខភាពឱ្យបានញឹកញាប់ជាប់ជាប្រចាំ ដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នា។
លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង ក៏បានកោតសរសើរដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋមិនខ្លាចនឿយហត់ និងសូមឱ្យបន្តកាយវិការដ៏ល្អប្រពៃនេះ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីរួមចំណែកក្នុងការអនុវត្តកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកសាស្ត្រចារ្យ ក៏បានស្នើរឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីបុគ្គលិកសុខាភិបាល និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយថែទាំអគារផ្នែកសម្ភព និងសង្គ្រោះបន្ទាន់ថ្មីនេះ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីជាគុណប្រយោជន៍ ដល់ប្រជាជនគ្រប់ៗ រូបផងដែរ។
សូមបញ្ជាក់ដែរថា អគារផ្នែកសម្ភព និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែក ហ៊ុន សែនស្ទឹងត្រង់នេះត្រូវបានកសាងឡើង ក្រោមការជួយឧបត្ថម្ភថវិកាពីអង្គការ NANUM INTERNATIONAL នៃសាធារណរដ្ឋកូរ៉េ៕