(ភ្នំពេញ)៖ ដំណើរទស្សនកិច្ច នៅប្រទេសថៃ ផ្តោតលើការជួយជនរងគ្រោះ ដោយអំពើជួញដូរមនុស្សបានបញ្ចប់ ដោយភាពជោគជ័យ យ៉ាងត្រចះត្រចង់។
ជោគជ័យយ៉ាងត្រចះត្រចង់ដោយសារភាគីថៃ បានយល់ព្រមតាមសំណើរបស់កម្ពុជា គឺភាគីថៃនឹងបំពាក់បរិក្ខារទាំងអស់ នៅក្នុងមជ្ឈមណ្ឌលរួមទាំង ផ្តល់ការបណ្តុះបណ្តាល ដល់បុគ្គលិកជំនាញក៏ដូចជា បុគ្គលិកបម្រើការងារ នៅក្នុងមជ្ឈមណ្ឌល ហើយភាគីថៃ ក៏នឹងបន្ថែមអ្នកជំនាញរបស់ខ្លួន មកអមក្នុងការគ្រប់គ្រងមជ្ឈមណ្ឌល ដើម្បីឱ្យមជ្ឈមណ្ឌលនោះ ដំណើរការប្រកបដោយនិរន្តរភាព។
នេះជាការលើកឡើងរបស់ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងឲ្យលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ អំពីលទ្ធផលនៃទស្សនកិច្ច របស់គណប្រតិភូអន្តរក្រសួង នៅលើទឹកដីថៃ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែធ្នូ។
លោក ញ៉ឹក វណ្ណារ៉ា មានលើកឡើងថា ដូចការគ្រោងទុកដំណើរទស្សនកិច្ចនេះ បានពិភាក្សាគ្នាលើចំណុច មួយចំនួនរួមមាន៖
*ទី១ ៖ ការផ្លាស់ប្តូរព័ត៌មានពីជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្នុងគោលបំណងធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម
*ទី២ ៖ ការសម្របសម្រួលក្នុងការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម
*ទី៣ ៖ ការសម្របសម្រួលក្នុងកិច្ចខិតខំប្រឹងប្រែង ផ្តល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស
*ទី៤ ៖ ការតាមដានត្រួតពិនិត្យ និងការប៉ាន់ប្រមាណលទ្ធផល នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម។
គួរបញ្ជាក់ថា កម្ពុជា និង ថៃ បានព្រមព្រៀងគ្នា ហើយថានឹង សាងសង់មជ្ឈមណ្ឌលសំចតមួយនៅប៉ោយប៉ែត ដែលនឹងចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២០នេះ សម្រាប់សង្គ្រោះ និងផ្តល់សេវាដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដែលចំណាយថវិកា ប្រមាណជា១លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលថៃ ដើម្បីជាចំណងដៃមិត្តភាព រវាងប្រទេសទាំងពីរ ។
លោក ញ៉ឹក វណ្ណារ៉ា បានបន្ថែមថា ការសម្រេចកសាងមជ្ឈមណ្ឌលសំចតទី១ និងដំបូងបង្អស់ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅក្រុងប៉ោយប៉ែត នាពេលនេះ គឺបានបង្ហាញពីចំណុចចាប់ផ្តើមជាវិជ្ជមានរបស់កម្ពុជា-ថៃ លើការពង្រឹង និងគ្រប់គ្រងករណី នៃការធ្វើមាតុភូមិនិវត្តន៍ និង សមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅក្នុងប្រទេសថៃ ដែលកម្ពុជា និងថៃបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។
លោកបន្តថា ការបង្កើតមជ្ឈមណ្ឌលសំចតជួយជនរងគ្រោះ នៅតាមព្រំដែនជាច្រើនកន្លែង នៅតាមច្រកព្រំដែន ពិតជាមានសារសំខាន់ណាស់ និងបានចូលរួម ចំណែក ការងារសង្គមកិច្ច ក្នុងការទទួលមើលខុសត្រូវលើជនងាយរងគ្រោះឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពជាងមុន ជាពិសេសជាការលើកមុខមាត់ រាជរដ្ឋាភិបាល និងប្រទេសកម្ពុជា។
បើតាមរបាយការណ៍ពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្មជនរងគ្រោះ បានឲ្យដឹងថា គិតមកដល់ពេលនេះ នាយកដ្ឋានមួយនេះទទួលបាន ជនរងគ្រោះ ពីការធ្វើមាតុភូមិនិវត្តន៍ ពីប្រទេសនានាសរុបចំនួន១១៧នាក់ ក្នុងនោះស្រ្តី៥៧នាក់ ដែលជនរងគ្រោះទាំងនោះ មកពីប្រទេសម៉ាឡេស៊ីចំនួន ៤១នាក់ ឥណ្ឌូនេស៊ី ចំនួន២០នាក់ ប្រទេសថៃចំនួន ៤៥នាក់ ប្រទេសចិនចំនួន ៤នាក់ ប្រទេសជប៉ុនចំនួន ៦នាក់ និងប្រទេសសិង្ហបុរីចំនួនម្នាក់៕