(ភ្នំពេញ)៖ រដ្ឋាភិបាលចិន តាមរយៈអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក(AQSIQ) ទើបតែបានតែសម្រេចអនុញ្ញាត ផ្តល់សិទ្ធិឲ្យក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ របស់កម្ពុជាចំនួន១៨បន្ថែមទៀត អាចកិន កែច្នៃ និងផ្គត់ផ្គង់អង្ករដោយផ្ទាល់ ទៅកាន់ទីផ្សារប្រទេសរបស់ខ្លួន។
ការបន្ថែម១៨ក្រុមហ៊ុន-រោងម៉ាស៊ីកិនស្រូវថែមទៀតនេះ ធ្វើឲ្យក្រុមហ៊ុន-រោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជា ដែលមានសិទ្ធិនាំចេញទៅចិន កើនឡើងដល់៤៤ក្រុមហ៊ុន ដែលមានលទ្ធភាពឈាន ដល់សម្រេចបានកូតានាំចេញ៤០ម៉ឺនតោនអង្ករ ដែលចិនផ្តល់ឲ្យកម្ពុជា។
ស្ថានទូតចិនប្រចាំកម្ពុជា បានចាត់ទុកការផ្តល់សិទ្ធិបន្ថែម ដល់សហគ្រាសទាំង១៨ក្រុមហ៊ុន ដែលទើបតែចូលរួមនេះ នឹងជួយសម្រេចបាននូវគោលដៅ នៃការនាំចេញអង្ករទៅកាន់ប្រទេសចិន ចំនួន៤០ម៉ឺនតោន ជារៀងរាល់ឆ្នាំកាន់តែល្អប្រសើរ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានអបអរសារទរដែលរដ្ឋបាល AQSIQ របស់ប្រទេសចិន បានសំរេចបន្ថែមរោងម៉ាស៊ីនកិនស្រូវថ្មីចំនួន១៨ទៀត ឲ្យមានសិទ្ធិកិន កែច្នៃ ផ្គត់ផ្គង់ផ្ទាល់ទៅប្រទេសចិន។ សរុបរោងរោងម៉ាស៊ីន ដែលអនុញ្ញាត្ត គឺមានចំនួន៤៤រោងម៉ាស៊ីនកិនស្រូវហើយ។
ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា សូមថ្លៃងអំណរគុណ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងកសិកម្ម និងមន្រ្តីជំនាញទាំងអស់ដែល ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងជំរុញសហការជាមួយស្ថាប័នជំនាញរបស់ប្រទេសចិន ក្នុងការដាក់ចូលរោងម៉ាស៊ីនបន្ថែមរហូតទទួលបានលទ្ធផលល្អនេះ។
សហព័ន្ធស្រូវអង្ករចាត់ទុកថា តាមរយៈការសំរេចបន្ថែមនេះនឹងជួយ ឲ្យវិស័យអង្ករកម្ពុជាកាន់តែមានលទ្ធភាពបង្កើនបរិមាណកិន ផ្គត់ផ្គង់លក់ទៅប្រទេសចិន។
សូមជម្រាបថា ក្នុងរយៈពេលចំនួន១១ខែឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារមានចំនួន៦០ប្រទេស និងតំបន់លើពិភពលោកជាង៥១ម៉ឺនតោន ហើយប្រទេសចិន នៅតែជាទីផ្សារនាំចូលធំជាងគេបង្អស់។ ប្រទេសកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិន មានចំនួនសរុបលើសពី២០ម៉ឺនតោន និងមានចំនួនកើនឡើង៥៣% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨៕