(កណ្តាល)៖ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈពង្រឹងស្រុកស្អាង នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល, ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកស្អាង និងតាមបណ្ដាឃុំទាំងអស់ ព្រមទាំងមន្ដ្រី អាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី បានថ្លែងអបអរសាទរជាមួយប្រជាពលរដ្ឋ ដែលទទួលបានផ្លូវមួយខ្សែចាក់បេតុងនេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែគិតពីភាពលំបាករបស់ប្រជាពលរដ្ឋ ហើយផ្លូវមួយខ្សែនឹងសាងសង់រួលរាល់ មុនឆ្នាំខ្មែរខាងមុននេះ។
ឧបយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា នៅពេលផ្លូវសាងសង់រួចរាល់ហើយនឹង លែងពិបាកទៀតហើយ ពិសេសនោះក្មួយៗ សិស្សានុសិស្សធ្វើដំណើររៀន លែងប្រឡាក់ដីហ៊ុយទៀតហើយ។ ជាងនេះទៀតប្រជាពលរដ្ឋ ក៏មានភាពងាយស្រួលក្នុងការដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ និងទៅកាន់បណ្តាខេត្តនានា ដែលជាប់គ្នាបានយ៉ាងស្រួលផងដែរ។
ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអបអសាទជាមួយប្រជាពលរដ្ឋ ក្នុងឃុំព្រែកអំបិល នៅពេលធ្វើហើយ យើងលែងប្រឡាក់ ឬហ៊ុយទៀតហើយ។ ពេលចូលឆ្នាំយើងអាចធ្វើដំណើរស្រួល ឬនិយាយបានទៀត អាចចាក់ធុងបាស់រាំលើផ្លូវក៏ថាបាន»។
ចំពោះមុខប្រជាពលរដ្ឋ ឧបនាយករដ្ឋមន្ត្រី លើកឡើងទៀតថា ប្រទេសមានសុខសន្តិភាព ទើបធ្វើផ្លូវបានបែបនេះ មិនដូចការចោទប្រកាន់របស់មនុស្ស មួយចំនួចតូចនោះទេ ហើយសម្តេចតេជោ ហ៊ុន សែន បានគិតគូរណាស់រឿងផ្លូវ ទឹក ភ្លើងសម្រាប់ប្រជាជនទាំងអស់គ្នា។ ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋនាំគ្នាជួយថែរក្សាផ្លូវ ដោយកុំដឹកទំនិញធ្ងន់បណ្តាលឲ្យឆាប់ខូចផ្លូវ កុំបើកបរ លឿនពេក និងមានការប្រុងប្រយ័ត្នចំពោះកូនៗ ពេលឆ្លងកាត់ផ្លូវផងដែរ៕