(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) សូមអបអរសាទរដែលរាជរដ្ឋាភិបាល សម្រេចទម្លាក់កញ្ចប់ឥណទានបន្ថែម ចំនួន៥០លានដុល្លារអាមេរិក ដែលអាចឲ្យរោងម៉ាស៊ីនកិនស្រូវ មានលទ្ធភាពប្រមូលទិញស្រូវពូជផ្ការំដួល និងសែនក្រអូប ដែលចាប់ផ្តើមប្រមូលផលក្នុងសប្តាហ៍ទី២ ខែធ្នូ ឆ្នាំ២០១៩នេះ។
ការអបអរសាទរ របស់សហព័ន្ធស្រូវអង្ករកម្ពុជានេះ បានធ្វើឡើងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤ អាណត្តិទី៣ ដោយមានវត្តមានចំនួន២៣រូប លើ២៥រូប នៃសមាជិកក្រុមប្រឹក្សាភិបាល ក្រោមអធិបតីភាពឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល ស.អ.ក អាណត្តិទី៣ ដើម្បីពិភាក្សាលើបញ្ហាប្រឈម ក្នុងវិស័យស្រូវអង្ករកម្ពុជា ដែលបាននឹងកំពុងជួបប្រទះ នាពេលបច្ចុប្បន្ននេះ។
សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងទៀតថា ក្រុមការងារគណៈកម្មាធិការប្រតិបត្តិផ្នែកកហិរញ្ញវត្ថុ និងវិនិយោគ របស់សហព័ន្ធស្រូវអង្ករកម្ពុជា និងធ្វើការជាមួយធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីជួយផ្តល់ព័ត៌មានស្តីពីលក្ខខណ្ឌ ដែលតម្រូវ និងលក្ខខណ្ឌដែលទទួលបាន ដល់សមាជិក ស.អ.ក និងជួយសម្របសម្រួលតាមលទ្ធភាព ដែលអាចធ្វើបាន។
ក្នុងឱកាសនោះ សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងពីបញ្ហាស្រូវមាននិន្នាការធ្លាក់ថ្លៃ តាមការពិនិត្យជាក់ស្តែង តម្លៃស្រូវគុណភាពល្អ ផ្កាម្លិះ ផ្ការំដួល និង សែនក្រអូប មានតម្លៃធ្លាក់ចុះបន្តិចបន្តួចប្រហែល១០០រៀល តែមិនអាក្រក់ដូចការផ្សាយ តាមប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គម ហ្វេសប៊ុក នោះទេដែលថា ចុះថោករហូតដល់គ្មានទីផ្សារ ទន្ទឹងនឹងនោះរោងម៉ាស៊ីនកិនស្រូវ ក៏នៅមានតម្រូវការទិញស្រូវច្រើនទៀតដែរ។
តម្លៃស្រូវដែលធ្លាក់ចុះនោះ គឺជាស្រូវដែលមានគុណភាពអន់ (បាក់ច្រើន) អង្ករដើមភាគរយតិច ជាក់ស្តែងដូចជា ស្រូវម្លិះ និង សូម៉ាលីកន្លះតំបន់មួយចំនួន នៃខេត្តពោធិ៍សាត់គឺ មិនមានក្លិនក្រអូប អង្កររឹង ដែលអតិថិជនមិនទួលយកបាននៅទីផ្សារ។ គុណភាពស្រូវមកពីតំបន់ខ្លះ នៃខេត្តបន្ទាយមានជ័យ និងសៀមរាប មានបញ្ហាផងដែរ ដោយសារគុណភាពបាក់ច្រើន និងជម្ងឺអុចលើគ្រាប់ស្រូវ។
តែស្រូវនៅតំបន់មួយចំនួន នៃខេត្តកំពង់ស្ពឺ តាកែវ កំពត និងខេត្តកណ្តាល គឺមានគុណភាពខ្ពស់ តម្លៃពេញ ហើយរោងម៉ាស៊ីនកិនស្រូវប្រមូលទិញមិនគ្រប់តម្រូវការនៅឡើយ។ តំលៃស្រូវក្រអូបរបស់យើង គឺមានតំលៃ ប្រហាក់ប្រហែលប្រទេសថៃ គឺ៧បាតសំរាប់ប្រភេទពូជប្រហាក់ប្រហែលគ្នា។
ស្រូវដែលធ្លាក់ថ្លៃជាងគេ គឺពពួកពូជស្រូវស្រងែ និងប្រភេទស្រូវចំរុះ ដែលមិនមានតម្រូវការទីផ្សារនាំចេញ។ ហើយទីផ្សារក្នុងស្រុក ក៏មាននិន្នាការថយចុះផងដែរ ដោយសារប្រភេទនេះ អ្នកប្រើប្រាស់និយមប្រភេទ ដែលគេផ្សព្វផ្សាយច្រើនដូចជា ផ្កាម្លិះ ផ្ការំដួល និងសែនក្រអូបជាដើម។
តាមការប្រមូលទិន្នន័យ របស់លេខាធិការដ្ឋានពីរោងម៉ាស៊ីនកិនស្រូវសំខាន់ៗចំនួន៤៦ រោងម៉ាស៊ីនកិនស្រូវ បានបង្ហាញឃើញថា បរិមាណស្រូវដែលមានស្តុកស្រូវជាក់ស្តែង ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺមានជាង ៣៥ម៉ឺនតោនស្រូវ ដោយមិនគិតការទិញចូល និងកិនលក់ចេញពេលចាប់ផ្តើមប្រមូលផល។
លើសពីនោះទៀត សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានពិភាក្សា និងឯកភាពលើលទ្ធភាព នៃការបន្ថែមយន្តការបើកទីផ្សារថ្មី លើយន្តការដែលមានស្រាប់ ជាមួយប្រទេសចិន តាមរយៈក្រសួងពាណិជ្ជកម្ម ជាអ្នកចរចារដោយយោងលើបទពិសោធន៍ ដែលទទួលបានពីប្រទេសជិតខាង តួយ៉ាងប្រទេសថៃដែលមានរូបមន្ត លើរក្សាបាននូវទីផ្សារបញ្ជាទិញអង្ករពីប្រទេសថៃ ទៅប្រទេសចិននាពេលបច្ចុប្បន្ន។
គូសបញ្ជាក់ថា ការរៀបចំវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ដែលនឹងគ្រោងឡើងក្នុងកំឡុងពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុនេះ ត្រូវបានគ្រោងរៀបចំឡើង ដោយសហការជាមួយបណ្តាក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួង ពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕