(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើលិខិតមួយច្បាប់ ដើម្បីថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃម្ពុជា ដែលបានបញ្ចេញថវិកាបន្ថែមចំនួន៥០លានដុល្លារអាមេរិក សម្រាប់បម្រើវិស័យកសិកម្ម ជាពិសេសប្រើប្រាស់សម្រាប់ រក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ។ នេះបើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែធ្នូនេះ។
ក្នុងលិខិតរបស់លោក វេង សាខុន បានសរសេរថា «ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូម
អំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ដែលបានបញ្ចេញថវិកាបន្ថែមចំនួន៥០លានដុល្លារអាមេរិក ដើម្បីប្រែក្លាយ "ធនាគារអភិវឌ្ឍន៍ជនបទ” ទៅជា “ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់បម្រើវិស័យកសិកម្ម ជាពិសេសប្រើប្រាស់សម្រាប់ រក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញ ដែលបង្ហាញពីការយកចិត្ត ទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកដោះស្រាយ បញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ដល់វិស័យឯកជន និងប្រជាកសិករ»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា លោកពិតជាមានការត្រេកអរឥតឧបមា និងសូមគោរពកោតសរសើរយ៉ាងក្រៃលែង ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងម៉ឺងម៉ាត់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសន្តិភាព ស្ថិរភាពឯករាជ្យ វិបុលភាព និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យពីបាតដៃទទេ រហូតបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានអ្វីៗគ្រប់បែបយ៉ាង ដូចពេលបច្ចុប្បន្ននេះ ស្របតាមគោលនយោបាយ «ឈ្នះ-ឈ្នះ» ដ៏ត្រចះត្រចង់របស់រាជរដ្ឋាភិបាល៕
សូមអានលិខិតរបស់លោករដ្ឋមន្ត្រី វេង សាខុន ទាំងស្រុង៖