(ភ្នំពេញ)៖ ដោយឆ្លងកាត់ការប្រកួតដ៏តឹងតែងរយៈពេលជិត១ខែមកនេះ សម្រាប់ពានរង្វាន់បាល់ទាត់ Soccer League លើកទី៥ ឆ្នាំ២០១៩ គឺបានរកឃើញក្រុមជើងខ្លាំងចំនួន២ក្រុម ដែលនឹងឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកឆ្នាំនេះ គឺក្រុមស.ស.យ.ក. ខណ្ឌពោធិ៍សែនជ័យ និងក្រុមសុភីណា អេហ្វស៊ី ដែលការប្រកួតនឹងប្រារព្ធធ្វើ នៅវេលាម៉ោង៤៖០០នាទី រសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

វគ្គប្រកួតផ្តាច់ព្រ័តនេះ នឹងមានការចូលរួមជាអធិបតីភាពពីសំណាក់ នាយកឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានទទួលបន្ទុកក្តោបរួមរៀបចំការប្រកួតបាល់ទាត់ Soccer League លើកទី៥ ឆ្នាំ២០១៩ ព្រមទាំងមានការចូលរួមពីសំណាក់សមាជិក ស.ស.យ.ក. នៅរាជធានីភ្នំពេញ និងអ្នកគាំទ្រនៃក្រុមទាំងពីរផងដែរ។

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃស្អែកនេះ ក៏មានការសម្តែងសិល្បៈអបអរសាទរ ដោយមានការចូលរួមពីក្រុមតារាចម្រៀងល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដូចជាលោក ព្រាប សុវត្ថិ លោក ហ្សូណូ និងកញ្ញា វី ឌីណែត ជាដើម។

ការប្រកួតជើងឯកពានរង្វាន់ Soccer League លើកទី៥ ឆ្នាំនេះ គឺមានកីឡាករបាល់ទាត់ចំនួន ៧២ក្រុម ដែលបានដាក់ពាក្យចូលរួមប្រកួត ដែលសុទ្ធជាក្រុមយុវជនមកពីសមាគម អង្គការ សហគ្រាស និងក្រុមហ៊ុននានាទូទាំងប្រទេស ហើយសម្រាប់ក្រុមដែលនឹងទទួលជ័យលាភី គឺទទួលបានពាន១ រួមជាមួយនឹងមេដាយមាស ព្រមទាំងថវិកា ចំនួន២០លានរៀល ចំណែកឯក្រុមលេខ២ នឹងទទួលបានមេដាយប្រាក់ ព្រមទាំងថវិកា ចំនួន១០លានរៀល ហើយក្រុមលេខ៣ នឹងទទួលបានមេដាយសំរិទ្ធិ ព្រមទាំងថវិកា ចំនួន៥លានរៀល ព្រមទាំងមានរង្វាន់ សម្រាប់ក្រុម Fair Play អាជ្ញាកណ្តាលល្អជាងគេ កីឡាករស៊ុតចូលច្រើនជាងគេ អ្នកចាំទីល្អជាងគេ និងគ្រូបង្វឹកល្អជាងគេ។

សូមបញ្ជាក់ថា ក្រុមសុភីណា អេហ្វស៊ី បានយកឈ្នះក្រុមអាវតា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ដោយលទ្ធផល ២ទល់នឹង១ ហើយក្រុមស.ស.យ.ក. ខណ្ឌពោធិ៍សែនជ័យ បានយកឈ្នះក្រុមអាណាចក្របៃតង ដោយលទ្ធផល ៤ទល់នឹង១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា កាលពីពេលថ្មីៗនេះ៕