(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរព្យាបាលធ្មេញបស្ចិម បានរៀបចំកម្មវិធីអបអរសារទរគម្រប់ខួប ២០ឆ្នាំ នៃអាជីកម្មរបស់ខ្លួន ដែលបានបម្រើ និងព្យាបាលលើសុខភាពមាត់ធ្មេញ ទន្ទឹមនឹងនោះដែរបស្ចិមក៏ប្រគល់រង្វាន់ដល់បុគ្គលិកឆ្នើម ដែលបានបំពេញការងារបានល្អប្រសើរ ជូនដល់អតិថិជនអស់រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ។
បស្ចិមបានប្រកាស ពីបំណងបង្កើតគំរូសេវាមាត់ធ្មេញថ្នាក់ជាតិ ដោយបន្តវិនិយោគទៅលើបច្ចេកវិទ្យាទំនើប មិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងអ្នកជំនាញផ្នែកទន្តវិទ្យា។ ក្នុងរយ:ពេល ២ទសវត្សកន្លងមកនេះ បស្ចិមបានផ្លាស់ប្ដូរខ្លួន ពីគ្លីនិកតូចមួយទៅជាស្ថាប័នលំដាប់ពិភពលោក។ បស្ចិមអាចធ្វើដូចនេះបានដោយនាំចូល និងប្រើប្រាស់បរិក្ខា
និងឧបករណ៍ទំនើបៗចុងក្រោយបង្អស់ ក៏ដូចជាការជ្រើសរើសទន្តពេទ្យ ដែលមានសមត្ថភាពខ្ពស់ៗ នៅក្នុងមុខជំនាញរបស់ពួកគេ។
លោកទន្តបណ្ឌិត ឡេង តុង ដែលជាសហស្ថាបនិក នៃមន្ទីរព្យាបាលធ្មេញបស្ចិម បានថ្លែងថា «នៅពេលស្ថាបនិករបស់យើង បានរួមគ្នាបើកដំណើរការមន្ទីរព្យាបាលនេះ កាលពី២០ឆ្នាំមុន យើងបានទទួលកម្លាំងចិត្តពីភាពប៉ិនប្រសប់ របស់អ្នកជំនាញផ្នែកទន្តសាស្ត្រ នៅបណ្តាប្រទេសលោកខាងលិច។ នៅពេលនោះហើយ ដែលយើងបានសម្រេចចិត្តដាក់ឈ្មោះគ្លីនិករបស់យើងថា «បស្ចិម» ដែលសំដៅលើលោកខាងលិច
ព្រោះថា យើងមានបំណងពាំនាំ យកការព្យាបាលមាត់ធ្មេញ ដែលមានលក្ខណៈស្តង់ដារខ្ពស់ ដូចលោកខាងលិចមកកាន់ប្រទេសកម្ពុជាយើង។
លោកបន្តទៀតថា «គន្លឹះនៃភាពជោគជ័យនៅក្នុងពេលនេះ និងទៅថ្ងៃអនាគតរបស់យើង អាស្រ័យលើបុគ្គលិករបស់យើងទាំងអស់គ្នា ដែលមានតាំងពីទន្តពេទ្យ គិលានុប្បដ្ឋាយិកា អ្នកបច្ចេកទេស និងបុគ្គលិកអនាម័យផងដែរ។ យើងពិតជាមានសំណាងណាស់ ដែលមានមនុស្សដ៏អស្ចារ្យបែបនេះ ធ្វើការជាមួយយើងឆ្ពោះទៅកាន់បេសកកម្មមួយ ដើម្បីជួយមនុស្សគ្រប់គ្នា ឲ្យទទួលបានស្នាមញញឹម ប្រកបដោយជំនឿចិត្ត។ ក្នុងកម្មវិធីផ្តល់រង្វាន់ថ្ងៃនេះ យើងទទួលស្គាល់ស្នាដៃ និង អបអរសាទរចំពោះសមិទ្ធិផលដ៏មហិមារ របស់បុគ្គលិកយើងទាំងអស់ផងដែរ»។
លោកបានបន្តថា តាំងពីដើមមកបស្ចិមបានរក្សាជំហររបស់ខ្លួន ក្នុងវិស័យទន្តសាស្ត្រ តាមរយៈសកម្មភាពផ្សេងៗ តបស្នងទៅកាន់សង្គម ដោយឡែកកាលពីឆ្នាំ២០១១ បស្ចិមបានជួយគាំទ្រដល់កាកបាទក្រហមកម្ពុជា ដូចជាការបរិច្ចាកថវិកា និងសកម្មភាពរៃអង្គាសថវិកាសម្រាប់ជួយដល់កុមារ និងជនចាស់ជរានៅកម្ពុជា។
នាយិកាបស្ចិម អ្នកស្រី ក ណារី មានបញ្ជាក់ថា «ដូចមន្ទីរពេទ្យព្យាបាលទូទៅដែរ គ្លីនិកធ្មេញ គឺជាផ្នែកសំខាន់មួយរបស់សហគមន៍ ហើយបស្ចិម ពិតជាមានមោទនភាពណាស់ ដែលបានបម្រើប្រជាជនកម្ពុជា អស់រយៈពេលជាងពីរទសវត្សរ៍មកនេះ ហើយយើងសង្ឃឹមថា នឹងរក្សាភាពជាដៃគូនេះឲ្យបានយូរអង្វែងទៅមុខទៀត។ វាគឺជាសំណាងដែលយើងបានព្យាបាល និងបង្កើតទំនាក់ទំនងជាមួយអតិថិជនរបស់យើង នាពេលកន្លងមក និងពេលបច្ចុប្បន្ន ខ្ញុំមានមោទនភាពនឹងនិយាយថា យើងទទួលបានការជឿទុកចិត្តពីអតិថិជន និងបានបង្កើតមិត្តភាពយូរអង្វែង ជាមួយពួកគេ តាមរយៈទំនាក់ទំនងល្អ និងការយកចិត្តទុកដាក់របស់បុគ្គលិកយើង។ នាឱកាសព្រឹត្តិការណ៍ថ្ងៃនេះ យើងសូមថ្លែងអំណរគុណដល់សមាជិកគ្រួសារបស្ចិមទាំងអស់ ដែលបានខិតខំផ្តល់សេវាកម្មដ៏ល្អប្រសើរ ជូនអតិថិជនរបស់យើងផងដែរ»។
លោកស្រីបានបញ្ជាក់ទៀតថា មន្ទីរព្យាបាលធ្មេញបស្ចិម គឺជាស្ថាប័នផ្តល់សេវាកម្មទន្តសាស្ត្រ ឈានមុខគេមួយនៅកម្ពុជា ដែលទទួលស្គាល់ដោយមនុស្សជាច្រើន ជាមួយសេវាកម្មដ៏ល្អ គុណភាពខ្ពស់ និងតម្លៃសមរម្យបំផុត។ ហើយបស្ចិមតែងតែប្តេជ្ញាចិត្ត ជួយអតិថិជនរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាមាត់ធ្មេញ របស់ពួកគេតាមរយៈការផ្តល់សេវាកម្ម ព្យាបាលដែលមានគុណភាពខ្ពស់។
សូមបញ្ជាក់ផងដែរថា ចាប់ផ្តើមពីទីតាំងតូចចង្អៀត និងកៅអីតិចតួច កាលពីឆ្នាំ១៩៩៩ ហើយចាប់ពីក្រោយកិច្ចសហការ ជាមួយស្ថាប័នជប៉ុន Aishikai Shimizu មក បស្ចិមបានអភិវឌ្ឍទៅជាមន្ទីរព្យាបាលធ្មេញដ៏ធំទំនើបមួយក្នុងប្រទេស និងតំបន់ដែលផ្តល់ដំណោះស្រាយច្នៃប្រឌិត រហូតដល់សព្វថ្ងៃនេះ៕