(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បេសកកម្មរបស់អ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន មានសារសំខាន់ក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព និងការពារការរស់ឡើងវិញរបស់ប្រជាជន ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា យ៉ាងពិតប្រាកដ។ នេះបើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី «សារព័ត៌មានកម្ពុជា ក្នុងយុគសម័យ៤.0» នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន ក៏សូមកោតសរសើរដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានមួយចំនួនធំ ដែលបានខិតខំប្រឹងប្រែងធ្វើការបកស្រាយ ពន្យល់ឆ្លើយតបនឹងការប្រើប្រាស់ ព័ត៌មានក្លែងក្លាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ និងពួកឱកាសនិយមដែលមានបរទេសនៅពីក្រោយខ្នង តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា និងបណ្តាញទំនាក់ទំនងសង្គមក្នុងបំណងបំពុល បរិយាកាសសង្គមប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ជូនដល់ជនរួមជាតិ និងអន្តរជាតិ ឱ្យបានជ្រួតជ្រាបអំពីសភាពការណ៍ពិតនៅកម្ពុជា ព្រមទាំងទប់ស្កាត់បានទាន់ពេលវេលានូវរាល់ឧបាយកល ដ៏ពិសពុលរបស់ពួកគេ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងអូសទាញប្រទេសកម្ពុជា ឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមសារជាថ្មី។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បេសកកម្មរបស់បងប្អូនអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន គឺពិតជាមានសារសំខាន់ ក្នុងការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព និងការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ព្រមទាំងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា យ៉ាងពិតប្រាកដ»។
តាមរយៈសាលិខិតដដែលរបស់សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា កត្តាទាំងនេះ ហើយដែលរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ ភាពជាដៃគូដែលមិនអាចខ្វះបាន ជាមួយសារព័ត៌មាន ក្នុងក្របខណ្ឌប្រទេសប្រកាន់យករបបប្រជាធិបតេយ្យ សេរីពហុបក្ស៕