(ក្រចេះ)៖ នៅសាលាមហោស្រពខេត្តក្រចេះ បានប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ ក្រោមអធិបតីភាពលោក ទុយ ប៊ុនសេរីរត្នមុនី អភិបាលខេត្តស្តីទី រួមនិងមន្ទីរអង្គភាពពាក់ព័ន្ធ យុវជន សិស្សានុសិស្សជាង៤៥០នាក់ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។
គ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមមួយ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃ និងវាជាក្តីកង្វល់មួយរបស់ប្រមុខថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយ អប់រំ នៅតាមទីសាធារណៈ គ្រឹះស្ថានសិក្សាអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលគ្រោះថ្នាក់ទាំងអស់នេះបានធ្វើឲ្យមនុស្សជួបបញ្ហា រងគ្រោះ បាត់បង់អាយុជីវិត និងខ្លះពិការភាពជាដើម។
លោក សាំង ប៉ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា រយៈពេល ៩ខែ ឆ្នាំ២០១៩នេះ គ្រោះថ្នាក់កើតឡើងចំនួន ៩៤ករណី ធៀបនឹងខែ ៩ខែ ឆ្នាំ២០១៨ មាន១៣៣ ករណី ថយចុះ ៣៩ករណី ស្មើនឹង២៩% ក្នុងនោះមនុស្សស្លាប់ចំនួន ៤៨នាក់ ឆ្នាំ២០១៨ ចំនួន ៥៥នាក់ ថយចុះ ៧នាក់ ស្មើនឹង ១៣% និងរបួសធ្ងន់ស្រាលចំនួន ១២៦នាក់ ឆ្នាំ២០១៩ ចំនួន ១៩៧នាក់ ថយចុះ ៧១នាក់ ស្មើនឹង៣៦%។
លោក ទុយ ប៊ុនសេរីរត្នមុន្នី បានលើកឡើងថា ក្នុងការប្រារព្ធទិវានេះឡើង គឺជាការផ្សព្វផ្សាយនិងបំផុសនូវច្បាប់ថ្មីស្តីពី ចរាចរណ៍ផ្លូវគោក ដែលទើបតែមានការធ្វើវិសោធនកម្មថ្មី ដើម្បីដាស់តឿន អ្នកប្រើប្រាស់ផ្លូវទាំងថ្មើរជើង និងអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវតែផ្លាស់ប្តូរឥរិយាបថ ដែលមិនគោរពច្បាប់ មកប្រកាន់យកឥរិយាបថ ចេះអធ្យាស្រ័យគ្នា និងគោរពច្បាប់ចរាចរណ៍ នៅពេលធ្វើដំណើរ និងបើកបរយានយន្ត។
ផ្អែកតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ សម្រាប់រយៈពេល ៩ខែ ឆ្នាំ២០១៩នេះ នៅទូទាំងប្រទេសគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៣,១៥៩ករណី ធៀបនិង៩ ខែឆ្នាំ ២០១៨ មានចំនួន ២.៣៧៨ករណី កើនឡើង ៧៨១ករណី ស្មើនឹង ៣៣% ក្នុងនោះ មនុស្សស្លាប់ចំនួន ១.៥២១នាឆ្នាំ២០១៨ ចំនួន ១.៣១៣នាក់ កើនឡើង២០៨នាក់ ស្មើនឹង ១៦% របួសធ្ងន់ស្រាលចំនួន ៤.៧២១នាក់ ឆ្នាំ២០១៨ ចំនួន ៣.៣៤៧នាក់ កើនឡើង ១.២៩៤នាក់ ស្មើនឹង៣៨ % ជារួមក្នុងមួយថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១១ ទៅ១២ករណី និងមានមនុស្សស្លាប់ចំនួនពី ៥ ទៅ ៦ នាក់ ដោយសារកត្តា៣គឺ ១៖កត្តាមនុស្ស ២៖ កត្តាយានយន្ត ៣៖កត្តាផ្លូវ និងអ្នកមិនគោរពច្បាប់៕