(ភ្នំពេញ)៖ ថ្មីៗនេះក្រុមមេធាវីលោក កឹម សុខា បានសម្រេចដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍ ដើម្បីជំទាស់ដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចបញ្ជូនករណីសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះដោយក្រុមមេធាវីលោក កឹម សុខា ចាត់ទុកដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ មិនទាន់មានហេតុផលច្បាស់លាស់។
ការដាក់ពាក្យបណ្តឹងរបស់ក្រុមមេធាវីលោក កឹម សុខា ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ បានសម្រេចបញ្ជូនសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ទៅជំនុំជម្រះ បន្ទាប់ពីបានបិទការស៊ើបសួរ កាលពីពាក់កណ្តាលខែវិច្ឆិកា។
ឆ្លើយតបនឹងពាក្យបណ្តឹងឧទ្ទរណ៍របស់ក្រុមមេធាវីលោក កឹម សុខា, នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News បានធ្វើកិច្ចសម្ភាសន៍សំណួរ-ចម្លើយ ជាមួយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ដែលជាតំណាងដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា។ ខាងក្រោមកិច្ចសម្ភាសន៍សំណួរ-ចម្លើយរវាងលោក គី តិច ជាមួយលោក លឹម ជាវុត្ថា៖
លឹម ជាវុត្ថា៖ ចំពោះពាក្យបណ្តឹងឧទ្ធរណ៍របស់ក្រុមមេធាវីលោក កឹម សុខា ប្រឆាំងទៅនឹងដីកាសម្រេចបញ្ជូនរឿងទៅជំនុំជម្រះ របស់សាលាដំបូងរាជធានីភ្នំពេញ តើក្រុមមេធាវីរាជរដ្ឋាភិបាល ដែលជាតំណាងដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿងនេះមានយោបល់ដូចម្តេចដែរ?
គី តិច៖ យោងតាមបញ្ញត្តិមាត្រា ២៦៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ភាគីជនជាប់ចោទមិនអាចប្តឹងឧទ្ធរណ៍ទៅនឹងដីកាសម្រេចបញ្ជូនទៅជម្រះ បានទ្បើយ ប៉ុន្តែអាចប្តឹងបានតែទៅលើវិធានការនៃការរក្សាជនត្រូវចោទក្នុងការឃុំខ្លួនជាបណ្តោះអាសន្ន និងវិធានការនៃការរក្សាជនត្រូវចោទក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ដែលមាននៅក្នុងដីកាដំណោះស្រាយ (ដីកាបញ្ជូនទៅជំនុំជម្រះ) តែប៉ុណ្ណោះ។ ដូចនេះក្រុមមេធាវីការពារ និងតំណាងដើមបណ្តឹងរដ្ឋប្បវេណីយល់ឃើញថា ពាក្យបណ្តឹងឧទ្ធរណ៍របស់ក្រុមមេធាវីការពារក្តីឲ្យជនជាប់ចោទ កឹម សុខា ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ដែលបានប្តឹងប្រឆាំងនឹងដីកាសម្រេចបញ្ជូនរឿងទៅជំនុំជម្រះ លេខ៦៤០០ “គ” ដ.ដ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញនេះ គឺបានធ្វើឡើងដោយមានកំហុសឆ្គងផ្នែកនីតិវិធី។ ការដាក់ពាក្យបណ្តឹង ឧទ្ធរណ៍នេះ គឺអាចគ្រាន់តែជារបៀបនៃការពន្យានីតិវិធីតុលាការ និងអាចមានចេតនាគេចវេសពីការទទួលខុសត្រូវតែប៉ុណ្ណោះ។ (សូមអាន ក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា២៦៧ នៅខាងក្រោម)
លឹម ជាវុត្ថា៖ តើបណ្តឹងឧទ្ទរណ៍នេះ នាំឲ្យផ្អាកនីតិវិធីរបស់តុលាការពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា ដែរឬទេ?
គី តិច៖ បណ្តឹងឧទ្ធរណ៍នេះមិនអាចនាំឲ្យផ្អាកនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញនោះទេ។ តាមបញ្ញត្តិមាត្រា២៥០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ក្រោយពីចៅក្រមស៊ើបសួរ សម្រេចចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះ ចៅក្រមស៊ើបសួរត្រូវបញ្ជូនសំណុំរឿងជាបន្ទាន់ទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ ហើយប្រធានសាលាដំបូងរាជធានីភ្នំពេញ នឹងចាត់តាំងក្រុមប្រឹក្សាជំនុំជម្រះ និងបន្តកំណត់ពេលធ្វើសវនាការ។ ក្នុងន័យនេះបញ្ជាក់ថា បណ្តឹងឧទ្ធរណ៍របស់ក្រុមមេធាវីការពារក្តីឲ្យជនជាប់ចោទ កឹម សុខា មិនមានអានុភាពតាមផ្លូវច្បាប់ណាមួយ មកបង្អង់ចំណាត់ការរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញនោះទេ។ (សូមអាន ក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា២៥០ នៅខាងក្រោម)
ក្រុមមេធាវីការពារនិងតំណាងដើមបណ្តឹងរដ្ឋប្បវេណីយល់ថា ក្រុមមេធាវីការពារក្តីឲ្យជនជាប់ចោទ កឹម សុខា គួរទុកពេលវេលានេះ ដើម្បីសិក្សាសំណុំរឿង និងខិតខំស្វែងរកភស្តុតាងដោះបន្ទុកលើបទចោទប្រកាន់ ដែលតំណាងអយ្យការ និងចៅក្រមស៊ើបសួរបានប្រើប្រាស់ពេលវេលា២ឆ្នាំ លើការស្រាវជ្រាវ និងប្រមូលភស្តុតាងដាក់បន្ទុកដ៏ធ្ងន់ធ្ងរនេះ និងវាជាការប្រសើរជាងមកធ្វើបណ្តឹងឧទ្ធរណ៍ដោយមិនត្រឹមត្រូវតាមច្បាប់បែបនេះ។
ក្រុមមេធាវីការពារនិងតំណាងដើមបណ្តឹងរដ្ឋប្បវេណី ពិនិត្យឃើញថា ចៅក្រមស៊ើបសួរមានភស្តុតាងដ៏រឹងមាំ ដែលបង្ហាញថា ជនជាប់ចោទ កឹម សុខា បានប្រព្រឹត្តបទល្មើស សន្ទិដ្ឋិភាព ជាមួយរដ្ឋបរទេស តាមបញ្ញត្តមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំគាំទ្រការសម្រេចរបស់ចៅក្រមស៊ើបសួរក្នុងការបញ្ជូន សំណុំរឿងនេះទៅជំនុំជម្រះ និងបានត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីតតាំងក្តីនេះ នៅចំពោះមុខតុលាការនាពេលសវនាការខាងមុខ។
សូមជំរាបថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានដោយសម្រេចដាក់ លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវការ។
ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះ, ដោយសារជនត្រូវចោទលោក កឹម សុខា នាពេលកន្លងមកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទ ដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។ ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម៖
ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។
គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានសម្រេចបញ្ជូនសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ទៅជំនុំជម្រះហើយ បន្ទាប់ពីបានបិទការស៊ើបសួរ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩៕