(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ព្រះប្រធានមូលនិធិស្ត្រី សម្តេចរស្មីសោភណ្ឌ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រោសប្រទានចែកអំណោយជាសម្ភារសិក្សា ថ្នាំដុសធ្មេញ សាប៊ូ ព្រមទាំងបានដឹកនាំក្រុមគ្រូពេទ្យ ចុះព្យាបាលសុខភាពមាត់ធ្មេញ ដល់កុមារកំព្រា និងក្រីក្រ ៣០០នាក់ នៅក្នុងរាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះដែរ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ក៏បានមានព្រះបន្ទូល ក្រើនរំលឹកដល់អាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់អប់រំកូនចៅ ឱ្យធ្វើអំពើល្អ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី ទៅថ្ងៃអនាគត ជាពិសេសត្រូវតាមដានរាល់សកម្មភាពសិក្សារបស់កូនៗ។
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី បានមានបន្ទូលទៀតថា ក្នុងនាមជាប្រធានមូលនិធិស្ត្រីសម្តេចរស្មីសោភណ្ឌ ក៏អំពាវនាវដល់ម្តាយទាំងអស់ ត្រូវដានរាល់សុខភាពរបស់កូនឱ្យជាប់ជាប្រចាំ មិនប៉ុណ្ណោះ មិនត្រូវប្រើហិង្សាមកលើកុមារជាដាច់ខាត ដែលជាហេតុធ្វើកុមារមានភាពតក់ស្លូត ដែលអាចបណ្តាលឱ្យជួបបញ្ហាណាជាយថាហេតុ។
ការប្រគល់អំណោយជាសម្ភារសិក្សាដល់កុមារកំព្រា និងក្រីក្រនេះ បានធ្វើឡើងដោយមានការចូលរួមពីសំណាក់អង្គការ Rotary Club Johor Bahru Malayia ដែលជានិច្ចកាលតែងតែចូលរួមយ៉ាងសកម្ម ចំពោះសកម្មភាពមនុស្សធម៌ របស់មូលនិធិស្ត្រីសម្តេចរស្មីសោភណ្ឌ ដើម្បីជាចំណែកមួយចូលរួមកាត់បន្ថយការលំបាកដល់កុមារកំព្រា និងក្រីក្រ នៅកម្ពុជាបានមួយចំណែកផងដែរ។
សូមបញ្ជាក់ថា មូលនិធិស្ត្រីសម្តេចរស្មីសោភណ្ឌ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៥ នៅក្នុងជំរំភៀសខ្លួន ខ្មែរនៅក្នុងទឹកដីថៃឡងដ៏ កាលពីសម័យសង្គ្រាម ហើយបច្ចុប្បន្ននេះ មូលនិធិស្ត្រីសម្តេចរស្មីសោភណ្ឌ ត្រូវបានរើទីស្នាក់របស់ខ្លួនមករាជធានីភ្នំពេញ កាលពីឆ្នាំ១៩៩២ និងបានធ្វើសកម្មភាពមនុស្សធម៌របស់ខ្លួន ក្នុងនាមជាសមាគមមិនមែនរាជរដ្ឋាភិបាល ដោយបានជួយកុមារកំព្រា ក្រីក្រនៅកម្ពុជា បានយ៉ាងច្រើនផងដែរ៕