(ព្រះសីហនុ)៖ ផ្សារទំនើបដ៏ទាន់សម័យ និងស៊ីវិល័យលើកដំបូងគេបង្អស់ ប្រចាំនៅក្នុងក្រុងព្រះសីហនុ គឺផ្សារទំនើប FURI Times Square នឹងចាប់បើកដំណើរការសាកល្បងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ជាមួយនឹងការនាំមកនូវបទពិសោធន៍ថ្មីនៃការទិញលក់ទំនិញ គ្រប់ប្រភេទយ៉ាងសម្បូរបែប។
តាមការគ្រោងទុកផ្សារទំនើបថ្មី ដុះលើទឹកដីខេត្តជាប់មាត់សមុទ្រមួយនេះ នឹងបើកដំណើរការសាកល្បងក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
ជាមួយនឹងការត្រៀមខ្លួនបង្ហាញវត្តមានថ្មី នៃការបើកទំព័រជាប្រវត្តិសាស្ត្រ ប្រចាំនៅក្នុងក្រុងព្រះសីហនុ ផ្សារទំនើបដ៏ធំលើកដំបូងគេបង្អស់ ប្រចាំនៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទី២ ប្រចាំប្រទេសកម្ពុជា FURI TIMES SQUARE នឹងធ្វើឱ្យមហាជន ក៏ដូចជាអតិថិជនទូទៅមានភាពភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង ទៅនឹងទិដ្ឋភាពដ៏អស្ចារ្យ នៃការរចនាម៉ូដផ្សារទំនើបទាំងមូលរាប់ទាំងផ្នែកខាងក្នុង និងខាងក្រៅផងដែរ។
កញ្ញា តាំង គីមហុង ប្រធានគ្រប់គ្រងផ្នែកលក់ នៅផ្សារទំនើប FURI Times Square បានប្រាប់ឱ្យដឹងថា នៅថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ផ្សារទំនើបបែបស៊ីវិល័យមួយនេះ នឹងចាប់បើកទ្វារដំណើរការលក់លើកដំបូង ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការ របស់អតិថិជន នៅក្នុងក្រុងព្រះសីហនុ។
កញ្ញា តាំង គីមហុង បានឱ្យដឹងថា បន្ទាប់ពីដំណើរការសាកល្បងរួចមក ផ្សារទំនើប FURI Times Square បាននាំមកជូនអតិថិជននូវបណ្តាផលិតផល មុខទំនិញចំរុះយ៉ាងសម្បូរបែប ដែលសុទ្ធតែជាម៉ាកយីហោល្បីៗ លំដាប់សាកលលោក ដូចជាក្រុមហ៊ុន KFC , ក្រុមហ៊ុន Starbucks, ក្រុមហ៊ុន Amazone Café , ក្រុមហ៊ុន KOI, ក្រុមហ៊ុន Dakasi Tea, ហាងអាហារមកពីប្រទសសិង្ហបុរី, ក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVI’s , ក្រុមហ៊ុន NIKE , ក្រុមហ៊ុន Samsonite, ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះ G-Shock, ក្រុមហ៊ុនលក់រថយន្ត HGB Group រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀត ដោយរាប់បញ្ចូលទាំងគ្រឿងបរិក្ខាប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងសំអាងផងដែរ ។
កញ្ញាបានបន្តទៀតថា ផ្សារទំនើបនេះ ចាប់បើកទ្វារបម្រើអតិថិជនចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១១យប់ ដែលក្រៅពីមានលក់នូវមុខទំនិញ និងអាហារយ៉ាងសម្បូរបែប ក៏មានទីកន្លែងកម្សាន្តសម្រាប់កុមារ និងយុវវ័យផងដែរ ជាពិសេសមានរោងកុនបែបទំនើប នៅជាន់ខាងលើ រួមជាមួយនឹង Sky Bar ដែលរៀបចំនៅជាន់ខាងលើលំហរអាកាស នៅពេលរាត្រីផងដែរ៕