(កំពង់ចាម)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិលោក ធា គ្រុយ បានណែនាំគ្រូពេទ្យត្រូវតែខិតខំបង្កើនសមត្ថភាពវិជ្ជា ជីវៈវេជ្ជសាស្ត្រ ដើម្បីធ្វើការពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
លោករដ្ឋលេខាធិការ បានលើកឡើងដូច្នេះ នៅក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី១០ ធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម។
លោករដ្ឋលេខាធិការបានថ្លែងបន្តថា «លោកពេទ្យ ពួកយើងគឺជាគ្រួសារធំទូទាំងប្រទេស ប្រសិនបើមិនខិតខំបង្កើនសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្រនោះទេ វាអាចធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ ដឹងប៉ះពាល់ដល់កិត្តិយសប្រទេសជាតិយើងទាំងមូលផងដែរ»។
លោក ធា គ្រុយ បានលើកឡើងថា ជាបទពិសោធន៍កន្លងទៅ មានគ្រូពេទ្យមួយចំនួន នៅតាមមន្ទីរពេទ្យនៃបណ្ដាខេត្តផ្សេងៗ បានបញ្ជូនអ្នកជំងឺ ដែលមានអាការៈស្រាលទៅមន្ទីរពេទ្យភ្នំពេញ ជាច្រើនករណី ដែលចំណុចនេះសបញ្ជាក់ឲ្យឃើញថា ចំណេះដឹងវិជ្ជាជីវៈវេជ្ជសាស្ត្រនៅមានកម្រិត ហើយប្រការនេះ អាចធ្វើឱ្យប្រជាពលរដ្ឋខ្វះទំនុកចិត្ត និងងាកទៅព្យាបាលនៅបរទេស ពោល គឺប្រទេសជិតខាង ខណៈដែលពួកគេមានជំងឺតិចតួចប៉ុណ្ណោះ ចំណុចនេះហើយដែលអាចធ្វើឲ្យប៉ះពាល់ដល់គិតយប់គ្រូពេទ្យនៃប្រទេសកម្ពុជារបស់យើង។ ដូច្នេះគ្រូពេទ្យយើងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបង្កើនសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីអាចឈានទៅព្យាបាលសុខភាពប្រជាពលរដ្ឋ ប្រកបដោយគុណភាពខ្ពស់ក៏ដូចជា ការផ្ដល់ទំនុកចិត្តដល់ពួកគាត់ និងលើកកិត្តិយសគ្រូពេទ្យយើងទាំងអស់គ្នា ក៏ដូចជា កិត្តិយសប្រទេសជាតិរបស់យើងទាំងមូលផងដែរ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ បានឲ្យដឹងដែរថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ចាម ដែលបានខ្នះខ្នែងបរិច្ចាគកម្លាំងកាយចិត្តប្រមូលគ្រូពេទ្យ មកសុំចុះបញ្ជីកាសឹងតែ ១០០% នៅសេសសល់មួយចំនួនតិចបំផុត ពិសេសគ្រូពេទ្យទើបចេញថ្មីៗ ហើយក្នុងឱកាសនេះ លោកសូមណែនាំបន្ថែមដល់ប្រធានមន្ទីរពេទ្យ ប្រធានការិយាលយ័សុខាភិបាលស្រុកត្រូវយកចិត្តទុកដាក់ ប្រមូលគ្រូពេទ្យដែលនៅសេសសល់នេះឲ្យរួសរាន់មកដាក់ពាក្យសុំចុះឈ្មោះ ក្នុងបញ្ជីគណៈគ្រូពេទ្យ ដើម្បីឆ្លើយតបទៅ នឹងការគោរពច្បាប់វិជ្ជាជីវៈសុខាភិបាល។
លោកប្រធានមន្ទីរសុខាភិបាល បានធ្វើការវាយតំលៃលើសីលធម៌ និងជំនាញសមត្ថភាព គ្រូពេទ្យដែលមានមកដល់ពេលនេះ គឺមានជំហានអភិវឌ្ឍន៍ល្អ ដោយសារការចូលរួមក្នុងការមកក្រេប ជញ្ជក់យកបទពិសោធន៍លើចំណេះដឹង តាមរយៈទិវាអភិវឌ្ឍន៍ និងសិក្ខាសិលា បច្ចេកទេសផ្សេងៗដែលរួមចំណែកកាត់បន្ថយបាននូវភាពថ្នាំងថ្នាក់ និងហានិភ័យដល់អ្នកជំងឺ។
លោកបន្តថា ក្នុងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងបន្តជួយជ្រោមជ្រែងដល់គណៈគ្រូពេទ្យដើម្បីបន្តបេសកកម្ម ដ៏មានសារៈសំខាន់នេះ អោយកាន់តែទទួលបានជោគជ័យថ្មីៗទៀត ជាគុណប្រយោជន៍ ចំពោះសុខភាពសុខុមាលភាពប្រជាពលរដ្ឋ និងសូមក្រើនរំលឹកដល់រាល់អាជីវ កម្មគ្រប់ប្រភេទរបស់អ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល មិនត្រូវធ្វើឲ្យហួសពីដែនកំណត់របស់ច្បាប់អនុញ្ញាតឡើយ៕