(ពោធិ៍សាត់)៖ សមត្ថកិច្ចកងរាជអាវុធហត្ថ សហការជាមួយកម្លាំងគណបញ្ជាការឯកភាពស្រុកកណ្ដៀង បានចុះឆែកឆេរលំនៅដ្ឋានមួយកន្លែង រកឃើញសត្វព្រៃជាច្រើនក្បាល និងធ្វើការដកហូត ដើម្បីយកទៅចាក់លែងចូលស្ទឹងពោធិ៍សាត់វិញ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង២៖០០នាទី រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញ ត្រង់ចំណុចផ្ទះទិញលក់ផលិតផលអនុផលជលផល ស្ថិតក្នុងភូមិធ្លាអំពិល ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្ដៀង និងជាប្រធានគណបញ្ជាការឯកភាពស្រុក បានឲ្យដឹងថា កិច្ចប្រតិបត្តិការខាងលើធ្វើឡើង ដោយបានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទៅលើទីតាំងទិញលក់ផលិតផលអនុផលជលផល ដែលមានម្ចាស់ឈ្មោះ គង់ គុណណា អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ហ៊ន ស៉ីណា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។
លោកអភិបាលស្រុកបន្តថា កិច្ចប្រតិបត្តិការបង្រ្កាបករណីខាងលើ កម្លាំងបានដកហូតនូវវត្ថុតាងជាក់ស្ដែងរួមមាន៖ សត្វអណ្ដើកចំនួន១៧ក្បាល ទម្ងន់១២,០៤គីឡូក្រាម, សត្វពស់សឹងសឿចំនួន០៨ក្បាល ទម្ងន់១២គីឡូក្រាម, សត្វពស់វែកស្រង៉ែចំនួន០៥ក្បាល ទម្ងន់០៧,៣០គីឡូក្រាម, សត្វឆ្មាអស្សោងចំនួន០១ក្បាល ទម្ងន់០៩គីឡូក្រាម, សត្វពស់ត្រីទម្ងន់ចំនួន២៦គីឡូក្រាម និងសត្វពស់វែកចំនួន០២ក្បាលផងទៀង សរុបចំនួន ៥៨,០៦គីឡូក្រាម។
ចំពោះប្ដីប្រពន្ធម្ចាស់លំនៅដ្ឋាន ត្រូវបានបំពេញបែបបទប្រគល់ជូនមន្រ្តីជំនាញសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដើម្បីបន្តនីតិវិធី ចំណែកវត្ថុតាងសត្វព្រៃទាំងអស់ ចាក់លែងចូលក្នុងស្ទឹងពោធិ៍សាត់វិញ៕