(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នាំស្វាយចេញទៅក្រៅប្រទេសម្នាក់ ត្រូវដៃគូបោកលុយជិត ៩០ម៉ឺនដុល្លារ ក្រោមរូបភាពដាក់ទុនវិនិយោគរួមគ្នា ដោយជនឆបោករូបនេះ បានព្យាយាម គេចវេស មិនព្រមចូលខ្លួនមកដោះស្រាយតាមការសម្របសម្រួល និងតាមការកោះហៅរបស់មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញនោះឡើយ។
ជនឆបោកដែលរងការប្តឹងនេះមានឈ្មោះ ជា សុវណ្ណនី ហៅ ហួត សុវណ្ណនី អាយុ៣៧ឆ្នាំ បច្ចុប្បន្នផ្ទះជួលម្តុំវត្តទួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានលោក ស៊ុន សុភ័គ្រ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ស៊ី.អេ.ប៊ី (ខេមបូឌា) តាមរយៈមេធាវីបានដាក់ពាក្យបណ្តឹងពីបទ «រំលោភលើទំនុកចិត្ត» ក្រោមរូបភាពដាក់ទុនវិនិយោគរួមគ្នា ដោយឆកបោកយកប្រាក់អស់ ជាង ៨៨ម៉ឺនដុល្លារ កាន់ទៅអាវុធហត្ថរាជធានីភ្នំពេញ។
តាមរយៈពាក្យបណ្តឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ស៊ុន សុភ័គ្រ បានសុំឱ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់លើឈ្មោះ ជា សុវណ្ណនី និងសុំទាមទារឲ្យឈ្មោះ ជា សុវណ្ណនី ប្រគល់ប្រាក់ត្រឹមតែ ៦០ម៉ឺនដុល្លារ ជូនមកលោកវិញ ព្រមទាំងទាមទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារ។
លោក ស៊ុន សុភ័គ្រ ក៏សូមប្រកាសជូនដំណឹងដល់សាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា ក្នុងករណីដែលឈ្មោះ ជា សុវណ្ណនី យកត្រារបស់ក្រុមហ៊ុនទៅប្រើប្រាស់ក្នុងរឿងអ្វីមួយ ឬប្រើប្រាស់ឈ្មោះក្រុមហ៊ុន ដើម្បីទំនាក់ទំនងការងារផ្សេងៗនោះ ក្រុមហ៊ុនមិនទទួលខុសត្រូវ ជាដាច់ខាត ដូច្នេះ សូមផ្តាំផ្ញើទៅអ្នករកស៊ីទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ចំពោះបុគ្គលរូបនេះ។
ពាក់ព័ន្ធនឹងបណ្តឹងពីបទ «រំលោភលើទំនុកចិត្ត» នេះ អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបំភ្លឺពីសំណាក់លោក ជា សុវណ្ណនី បាននោះទេ ដោយសារទូរស័ព្ទទាំងពីរប្រព័ន្ធតេទៅជាច្រើនដង គ្មានអ្នកលើក៕
ឈ្មោះ ជា សុវណ្ណនី (រូបកណ្តាល) ដែលបោកលុយ