(ភ្នំពេញ)៖ តៃវ៉ាន់បានរៀបចំកម្មវិធី ពិព័រណ៍ចំណីអាហារតៃវ៉ាន់ដ៏ធំ និងដំបូងគេនៅកម្ពុជា។ ពិព័រណ៍នេះរៀបចំឡើងរយៈពេល ១ខែចាប់ពីថ្ងៃទី១-៣១ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងផ្សារទំនើបអូឡាំព្យា។
ពិព័រណ៍ចំណីអាហារនេះ មានការតាំងបង្ហាញចំនួនជិត២០ស្ដង់ និងមានការតាំងបង្ហាញពីអាជីវករជាច្រើន មកពីកោះតៃវ៉ាន់ ដោយបានតាំងបង្ហាញនូវមុខម្ហូបបែបប្រពៃណី និងមានរសជាតិឈ្ងុយឆ្ងាញ់របស់តៃវ៉ាន់។ ពិព័រណ៍នេះរៀបចំឡើង ក្នុងគោលបំណងបង្កើតសកម្មភាពទីផ្សារ ឲ្យកាន់តែសម្បូរបែប និងផ្ដល់បទពិសោធន៍នៃការភ្លក់រសជាតិអាហារ កម្រិតស្ដង់ដារដែលមានរសជាតិឆ្ងាញ់។
កញ្ញា Connie Shia អនុប្រធានគ្រប់គ្រងទូទៅនៃផ្សារទំណើបអូឡាំព្យា បានថ្លែងឲ្យដឹងថា ក្នុងពិព័រណ៍ចំណីអាហារនឹងមានការតាំងបង្ហាញ អំពីម្ហូបអាហារឆ្ងាញ់ៗ និងជាប្រភេទអាហារប្រពៃណីមកពីតៃវ៉ាន់ ដែលក្នុងនោះរួមមានតែគុជ តែ Raby, Fried tempora និងមីតាន់ជឺ រួមទាំងសាច់ក្រក់ដែលប្រឡាកជាមួយអង្ករដំណើបជាដើម។
កញ្ញាបន្ដថា «នាងខ្ញុំសង្ឃឹមថា ពិព័រណ៍ម្ហូបអាហាតៃវ៉ាន់ និងម្ហូបអាហារផ្សេងៗ ដែលមកពីបណ្ដាប្រទេសផ្សេងៗ និងផ្ដល់ជូនដល់អតិថិជនទាំងអស់ នូវជម្រើសក្នុងការទទួលទាននៅរសឆ្ងាញ់»។
សូមជម្រាបថា នេះជាលើកទី១ហើយដែលតៃវ៉ាន់ បានរៀបចំពិព័រណ៍នេះនៅកម្ពុជា ហើយក៏គ្រោងនឹងរៀបចំពិព័ណ៍ផ្សេងៗជាច្រើនទៀតផងដែរ៕