(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន ៨គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋខ្ទង់រយគ្រួសារ បានបន្តរងគ្រោះរហូតមកដល់ពេលនេះ ដោយសារម្ចាស់ក្រុមហ៊ុនផ្ទះល្វែងមួយមានយីហោថា «អេសិនណា អ៊ិនធើណេសិននល (OCEANA INTERNATIONAL Co.,Ltd) មានទីតាំងស្ថិតនៅ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មិនបានគោរពពាក្យសន្យានៅក្នុងកិច្ច ព្រមព្រៀងទិញ-លក់ផ្ទះជាមួយពួកគាត់ជាអតិថិជន តាំងពីជាង ១០ឆ្នាំមុន ពោលផ្ទះក៏មិនទាន់ធ្វើហើយ និងក៏មិនទាន់បានផ្ទេរបណ្ណកម្មសិទ្ធិជូនពួកគាត់ទៀតផង បើទោះបីពលរដ្ឋខ្លះបានបង់គ្រប់ លុយក៏ដោយនោះ។
បញ្ហានេះប្រជាពលរដ្ឋរងគ្រោះទាំងនោះ ក៏ធ្លាប់បានដាក់ពាក្យប្តឹងទៅកាន់អភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត ផងដែរ កាលពីដើមខែឧសភា ឆ្នាំ២០១៩កន្លងទៅ ដើម្បីឲ្យជួយដោះស្រាយ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលនោះទេ ហើយផ្ទុយទៅវិញ ខាងម្ចាស់ក្រុមហ៊ុនផ្ទះល្វែងបែរជាដាក់ពាក្យប្តឹងប្រជាពលរដ្ឋទាំងនេះ ទៅកាន់ក្រសួងមហាផ្ទៃវិញ ដោយចោទថា បិរហាកេរ្តិ៍សាធារណៈ។
តាមរយៈពាក្យបណ្តឹងរប ស់ប្រជាពលរដ្ឋ ដែលបានដាក់ជូនអភិបាលខណ្ឌសែនសុខ ហើយអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ តំណាងប្រជាពលរដ្ឋ រងគ្រោះចំនួន ៨គ្រួសារ បានបញ្ជាក់ជូនថា កាលពីអំឡុងឆ្នាំ២០០៧ និងឆ្នាំ២០០៨ ម្ចាស់ក្រុមហ៊ុនឈ្មោះ គាន គឹមលាង មានទីលំនៅផ្ទះលេខ១៥-១៧អ៊ីអូ ផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា បានធ្វើកិច្ចសន្យាទិញ-លក់ផ្ទះជាមួយពួកគាត់ក្នុងតម្លៃទៅតាមផ្ទះ និងកិច្ចសន្យារៀងៗ ខ្លួន ហើយពួកគាត់ដែលជាអ្នកទិញបានអនុវត្តកាតព្វកិច្ចបង់ប្រាក់ទៅតាមកិច្ចសន្យាគ្រប់ចំនួនរួចរាល់ហើយ ប៉ុន្តែម្ចាស់ក្រុមហ៊ុន ពុំបានអនុវត្តកាតព្វកិច្ចកាត់ឈ្មោះផ្ទេរកម្មសិទ្ធិលើទីតាំងផ្ទះទាំងអស់ខាង
លើមកឲ្យពួកគាត់នោះទេ ហើយពួកគាត់បានទំនាក់ទំនងទៅម្ចាស់ក្រុមហ៊ុន ដើម្បីឲ្យទទួលខុសត្រូវក្នុងការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិ តែគាត់ (ម្ចាស់ក្រុមហ៊ុន) បានសន្យាជាច្រើនលើកច្រើនសារ តែមិនដែលមានការពិតម្តងណាឡើយ។
ក្រុមប្រជាពលរដ្ឋ បានចាត់ទុកថា «ម្ចាស់ក្រុមហ៊ុន មានចេតនាគេចវេសមិនព្រមទទួលខុសត្រូវក្នុងការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិមកឲ្យ យើងខ្ញុំតាមកិច្ចសន្យាទិញលក់នោះទេដូច្នេះមានតែសម្រេច ធ្វើពាក្យបណ្តឹងតាមផ្លូវច្បាប់មក សាលាខណ្ឌសែនសុខដើម្បីឲ្យលោកអភិបាល ជួយចំណាត់ការតាមនីតិវិធីច្បាប់ ដោយឲ្យម្ចាស់ក្រុមហ៊ុនទទួលខុសត្រូវតាមការទាមទាររបស់យើងខ្ញុំ»។
នៅក្នុងពាក្យបណ្តឹងនេះ ក្រុមប្រជាពលរដ្ឋបានទាមទារដូចខាងក្រោម៖
*ទី១ ៖ សុំឲ្យក្រុមហ៊ុនទទួលស្គាល់នូវកិច្ចសន្យា ដែលបានធ្វើឡើងជាមួយពួកគាត់ទាំងអស់
*ទី២ ៖ សុំឲ្យក្រុមហ៊ុនអនុវត្តកាតព្វកិច្ចផ្ទេរកម្មសិទ្ធិនូវអចលនវត្តក្នុងកិច្ចសន្យាទាំងអស់ខាងលើមកឲ្យពួគគាត់ទៅតាមខ្លឹមសារនៃកិច្ចសន្យា
*ទី៣ ៖ សុំឲ្យក្រុមហ៊ុនមិនទាមទារប្រាក់ដែលនៅសល់ចំនួន ១០%ដប់ភាគរយ) ពីពួកគាត់តាមកិច្ចសន្យា។
ថ្លែងបញ្ជាក់បន្ថែមលើពាក្យបណ្តឹងរបស់ខ្លួន តំណាងប្រជាពលរដ្ឋបានប្រាប់នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះថា ផ្ទះល្វែងមិនតិចជាង ៣០០ល្វែងរបស់ក្រុមហ៊ុនមួយនេះ មិនទាន់ធ្វើរួចរាល់នោះទេ ហើយពួកគាត់ខ្លះ ត្រូវបង្ខំចិត្តរស់នៅក្នុងផ្ទះទាំងរខេករខាក ហើយក៏គ្មានបណ្ណកម្មសិទ្ធិត្រឹមត្រូវទៀតផង ខណៈពលរដ្ឋខ្លះបានបង់រំលស់មិនដែលខកខាន និងខ្លះបានបង់ស្ទើរតែរួចរាល់ទៅ ហើយនោះ។
បើតាមប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុន បានប្តឹងពួកគាត់ទៅកាន់នាយកដ្ឋានកណ្តាលសន្តិសុខ ក្រសួងមហាផ្ទៃ កាលពីខែតុលា ឆ្នាំ២០១៩ ពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ» ហើយក៏ត្រូវបាន សមត្ថកិច្ចកោះអញ្ជើញប្រជាពលរដ្ឋទាំងនោះ ទៅបំភ្លឺរួចរាល់ដែរ។ ប្រជាពលរដ្ឋរងគ្រោះ បានអំពាវនាវឲ្យអភិបាលខណ្ឌ និងថ្នាក់ដឹកនាំពាក់ព័ន្ធជួយដោះស្រាយ បញ្ហាជូនពួកគាត់ឲ្យបានចប់ផង ដើម្បីមានផ្ទះនៅហ្នឹងគេ។
យ៉ាងណាក៏ដោយអង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីខាងភាគីក្រុមហ៊ុនបាននោះទេ នៅថ្ងៃនេះ៕