(ភ្នំពេញ)៖ លោក ឃាង វណ្ណដា នាយកប្រតិបត្តិក្រុមហ៊ុន SY industry បានឱ្យដឹងថា ក្រុមហ៊ុន SY industry ជាបុត្រសម្ពន្ធ័របស់ក្រុមហ៊ុនមេ SY Group នៅប្រទេសកូរ៉េ ដែលជាក្រុមហ៊ុនមានជំនាញខាងផលិតសម្ភារសំណង់ដ៏សំបូរបែប មានអាយុកាល៤០ឆ្នាំ នៅកូរ៉េ ផលិតតាមស្តង់ដារគុណភាព ISO 9001-2005 មកពីប្រទេសកូរ៉េ ជាមួយនឹងការនាំចូលវត្ថុធាតុដើមមកពីបរទេស យកមកកែច្នៃជាសម្ភារសំណង់ផ្សេងៗដូចជា ការជ្រលក់ពណ៌ស័ង្កសី ការធ្វើស័ង្កសីស្នោ ស័ង្កសីអេប៉ុង ទ្វារការពារភ្លើង បង្អូច PVC ផ្ទះរីសតលំហែរ ផ្ទះកុងតឺន័រ និងមានសម្ភារសំណង់ជាច្រើនប្រភេទទៀត ជាមួយនឹងការលក់ជូនអតិថិជន ក្នុងតម្លៃថោកសមរម្យផងដែរ។
លោក ឃាង វណ្ណដា បានលើកឡើងយ៉ាងដូចនេះ ល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបាននាំយកផលិតផលក្រុមហ៊ុន SY industry ដាក់តាំងបង្ហាញ នៅក្នុងពិធីសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាអន្តរជាតិ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
លោក ឃាង វណ្ណដាបានបន្តថា បានជាលោកសម្រេចចិត្តនាំយកផលិតផល មកដាក់ធ្វើការតាំងពិពរណ័ នៅក្នុងកម្មវិធីពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាអន្តរជាតិនេះ គឺដើម្បីចង់បញ្ជ្រាបឱ្យប្រជាជនកម្ពុជា និងវិនិយោគិនផ្នែកខាងសំណង់ផ្សេងៗ បានយល់ពីបានដឹងកាន់តែច្បាស់រោងចក្រផលិតគ្រឿងសំណង់ របស់ក្រុមហ៊ុន SY industry និងអាចឈានទៅដល់ការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន ដែលមានតម្លៃសមរម្យ និងមានស្តង់ដារគុណភាពខ្ពស់ពីប្រទេសកូរ៉េ។
លោកបានបន្ថែមថា ក្រុមហ៊ុន SY industry នាពេលបច្ចុប្បន្ននេះ មានរៀបចំធ្វើការជ្រលក់ពណ៌ស័ង្កសីគ្រប់ប្រភេទធម្មតា និងគ្រើម (Matt) ស័ង្កសីអេប៉ុង (PEFoam) និងធ្វើស័ង្កសីស្នោ ( SANDWICH PANEL) ធ្វើទ្វារ បង្អួច និងមានរោងចក្រស្នោដោយផ្ទាល់ ដែលអាចផលិតបានគ្រប់កម្រាស់ និងគ្រប់ទំហំដែលអតិថិជនចង់បាន ដោយធ្វើការដំណើរការ ជាចំបងនាពេលបច្ចុប្បន្ននេះ គឺការចែកចាយស័ង្កសីពណ៌ដែលមានអតិជិជនជាម្ចាស់គោលដៅជាង១០០ដេប៉ូររួចហើយ នៅតាមបណ្តា ខេត្តផ្សេងៗ ដែលបានចូលរួមចែកចាយលក់ប្រភេទស័ង្កសី ដែលអាចយកទៅប្រើប្រាស់ធ្វើជាដំបូល ជញ្ជាំង និងអាចរៀបជាផ្ទះកុងតឺន័រ រីសតលំហែរ ដោយងាយស្រួល និងឆាប់រហ័ស និងអាចចល័តបានគ្រប់ទីកន្លែង ជាមួយនឹងគុណភាពខ្ពស់ផងដែរ។
លោក Choi Wonsuk ប្រធានគ្រប់គ្រងរោងចក្រធ្វើស័ង្កសីស្នោរបស់ក្រុមហ៊ុន SY industry បានឱ្យដឹងដែរថា ក្រុមហ៊ុន SY industry មានស្នាក់ការកណ្តាល នៅក្នុងប្រទេសកូរ៉េ ដែលបានជាប់ចំណាត់ថ្នាក់លេខ១ ចំនួន១៤ឆ្នាំរួចមកហើយ ក្នុងការផលិតជាគ្រឿងសំណង់រាប់រយប្រភេទ ដែលផលិតតែសម្ភារសំណង់ណាដែល ទាន់សម័យ និងចុងក្រោយគេផងដែរ។ ក្រុមហ៊ុនមានជំនាញសំខាន់ គឺផ្តោតលើការផលិតសង្កសីស្នោរ (Sandwich Panel) ហើយស័ង្កសីប្រភេទនេះនៅក្នុងទីផ្សារ ប្រទេសកូរ៉េ គឺមានការប្រើប្រាស់ផលិតផលរបស់ SY រហូតដល់ ៤៥% រួចហើយ។
លោក Choi Wonsuk បានបញ្ជាក់ទៀតថា ការនាំផលិតផល SY មកដល់ប្រទេសកម្ពុជានេះ គឺដោយសារតែប្រទេសកម្ពុជា មានការីកចំរើនខ្លាំងនៅលើវិស័យសំណង់ ដូចនេះហើយក្រុមហ៊ុនក៏ចង់នាំឱ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើប្រាស់ ផលិតផលដែលមានគុណភាពខ្ពស់ ដូចប្រជាជនកូរ៉េផងដែរ ហើយក្រុមហ៊ុន SY industry បាននាំផលិតផលនេះ មកដល់ក្នុងប្រទេសកម្ពុជា ទើបតែបានត្រឹមតែមួយឆ្នាំតែប៉ុណ្ណោះ ហើយលោកសង្ឃឹមថា ប្រជាជនខ្មែរនឹងងាកមកប្រើប្រាស់ផលិតផល ដែលមានគុណភាពពីប្រទេសកូរ៉េ និងទម្លាក់ចោលនូវផលិតផល ដែលមិនមានគុណភាព នៅក្នុងពេលអនាគតផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន SY មានការិយាល័យកណ្តាលនៅ SEOUL មានសាខារោងចក្រចំនួន២៣នៅកូរ៉េ និង៧រោងចក្រនៅបរទេស ដូចជា ចិន វៀតណាម ឥណ្ឌូណេស៊ី ណេប៉ាល់ ភីលីពីន និងកម្ពុជា ដែលមានជំនាញខាងផលិត និងចែកចាយសម្ភារសំណង់ ពិសេសស័ង្កសីពណ៌ធម្មតា ពណ៌គ្រើម សង្ក័សីអេប៉ុង និងសង្ក័សី Panel (ស័ង្កសីស្នោរ)៕