(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោក TAMURA Tsutomu ជានាយកចាត់ការទូទៅក្រុមហ៊ុន NIPPON KOEI ប្រទេសជប៉ុន ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាអំពីផលិតកម្មសូត្រ និងការចិញ្ចឹមដង្កូវនាង នៅកម្ពុជានាពេលអនាគត។
ក្នុងជំនួបនោះ លោក TAMURA បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី វេង សាខុន ដែលបានអនុញ្ញាតឲ្យលោក និងសហការីចូលជួប ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ទាក់ទងនឹងការជំរុញផលិតកម្មសូត្រ និងចិញ្ចឹមដង្កូវនាង នៅកម្ពុជា។
លោកបានលើកឡើងថា ក្រុមហ៊ុនរបស់លោក មានចំណាប់អារម្មណ៍លើផលិតកម្មសូត្រកម្ពុជា ដោយយល់ឃើញថា វាមានគុណភាពល្អ មិនត្រឹមតែសម្រាប់ផលិតសូត្រ ដូចអ្វីដែលប្រជាពលរដ្ឋខ្មែរ និយមប្រើប្រាស់ តាមបែបប្រពៃណី តាំងពីបុរាណកាលតរៀងមកនោះទេ ប៉ុន្តែផលិតកម្មសូត្រ និងដង្កូវនាងនេះ សម្រាប់ជនជាតិជប៉ុន គេយកវាធ្វើជាគ្រឿងសំអាង ឬឱសថសម្រាប់រក្សាសម្ភស្សស្រ្តី ឲ្យនៅក្មេងជាងវ័យ (anti-aging)។
លោក TAMURA Tsutomu បានបន្ថែមថា សម្រាប់ផលិតកម្មសូត្រនេះ កម្ពុជាមានសក្តានុពល ប៉ុន្តែគ្រាន់ថាផលិតកម្មនេះ នៅមិនទាន់បានអនុវត្តឲ្យបានពេញលេញ និងត្រឹមត្រូវលើខ្សែច្រវាក់ផលិតកម្ម និងទីផ្សារដែលជាដើមហេតុចំបង ធ្វើឲ្យផលិតកម្មនេះ មានការធ្លាក់ចុះ និងបាត់បង់តម្លៃបន្ថែម។
លោករដ្ឋមន្ត្រី វេង សាខុន បានឯកភាពលើមូលបញ្ហាទាំងអស់ ដែលលោកនាយកបានលើកឡើង និងគាំទ្រចំពោះគម្រោងនេះ។
លោករដ្ឋមន្ដ្រីកសិកម្ម បានស្នើឲ្យក្រុមហ៊ុនធ្វើការសិក្សា ជាបឋមអំពីមូលបញ្ហាសំខាន់ៗ ដែលធ្វើឲ្យផលិតកម្មសរសៃសូត្រខ្មែរ និងផលិតកម្មចិញ្ចឹមដង្កូវនាងមានការធ្លាក់ចុះ ឲ្យបានច្បាស់លាស់បន្ទាប់មកត្រូវដាក់ចេញ នូវយន្តការដោះស្រាយសមស្រប ទាន់ពេល និងមានប្រសិទ្ធភាព ដើម្បីលើកស្ទួយ ពង្រឹង និងពង្រីកផលិតកម្មនេះ ឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ចាប់តាំងពីចំណុចចាប់ផ្តើម ដល់ផលិតផលសម្រេច និងទីផ្សារ (A to Z) ដោយត្រូវបញ្ចូលបច្ចេកវិទ្យាថ្មីៗ ទៅក្នុងច្រវ៉ាក់ផលិតកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានការប្រកួតប្រជែង រួមទាំងការធ្វើទំនើបកម្ម ទុនផលិត និងការបណ្តុះបណ្តាល ធ្វើយ៉ាងណាបង្កើនបរិមាណផលិត និងធានាគុណភាពខ្ពស់។
លោករដ្ឋមន្ត្រី វេង សាខុន បានបន្ថែមទៀតថា បើផលិតកម្មកើន គុណភាពត្រូវបានធានា ទីផ្សារគាំទ្រ នោះទើបយើងអាចឈានទៅសម្រេចបាន តាមផែនការដែលបានកំណត់។ ហេតុនេះ ដើម្បីឲ្យគម្រោងរបស់ក្រុមហ៊ុន សម្រេចបានជោគជ័យ ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការ ហើយក្រុមហ៊ុនត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីសិក្សា និងរៀបចំគម្រោងនេះឲ្យបានសុក្រឹត្យ ធ្វើយ៉ាងណាឲ្យការអនុវត្តប្រព្រឹត្តទៅដោយរលូន៕