(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឲ្យភាគីពាក់ព័ន្ធសហការគ្នាលើកកម្ពស់ផលិតផលកសិកម្មសរីរាង្គ ឲ្យទទួលបានជោគជ័យ ដើម្បីឆ្លើយតបនឹងតម្រូវការផលិតផលសរីរាង្គ ដែលកំពុងតែមានតម្រូវការកើនឡើងទាំងក្នុងស្រុង និងក្រៅស្រុក។
ការជំរុញរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្វើឡើងនៅយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធី «អបអរសាទរក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ ដែលបានទទួលពានរង្វាន់អាស៊ាន ភាពជាអ្នកដឹកនាំលើការអភិវឌ្ឍជនបទ និងលុបបំបាត់ភាពក្រីក្រ»។
លោកបានបន្តទៀតថា បច្ចុប្បន្ននេះ ប្រជាជនមានការកើនឡើងជាលំដាប់ ទន្ទឹមគ្នាជាមួយនឹងបម្រែបម្រួលអាកាសធាតុ គឺទាមទារឲ្យមានការខិតខំប្រឹងប្រែងស្រាវជ្រាវ និងធ្វើការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ចាំបាច់បំផុតសម្រាប់បង្កើនផលិតភាពកសិកម្ម ឲ្យបានគ្រប់គ្រាន់ ដើម្បីធានាសន្តិសុខស្បៀង។ ជាងនេះទៅទៀត គឺស្របពេលដែលប្រជាជន និងភ្ញៀវទេសចរបានផ្លាស់ប្តូរឥរិយាបថ មកបរិភោគចំណីអាហារដែលមានស្តង់ដារប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសផលិតផលបន្លែ និងផ្លែឈើជាដើម។
ដើម្បីឆ្លើយតបនូវតម្រូវការនេះ លោករដ្ឋមន្ត្រីបានស្នើឲ្យភាគីពាក់ព័ន្ធសហការគ្នាលើកកម្ពស់ផលិតផលកសិកម្មសរីរាង្គ ឲ្យទទួលបានជោគជ័យ តាមរយ:ការរៀបចំក្រុមផលិត ក្រុមផ្តល់ធាតុចូល ក្រុមប្រមូលទិញ ក្រុមចែកចាយ ក្រុមទីផ្សារ និងអតិថិជនឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ក្នុងប្រព័ន្ធខ្សែច្រវាក់កសិកម្មសរីរាង្គ ហើយរួមគ្នាពង្រឹង និងពង្រីកដោយផ្តោតលើក្រុម ឬសមាគមផលិត សហគមន៍កសិកម្ម និងកសិដ្ឋានផលិតកម្មមានលក្ខណៈអាជីព និងត្រូវអនុវត្តកសិកម្មតាមកិច្ចសន្យា និងការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ស្របតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍»។ ទន្ទឹមនឹងនេះក៏ត្រូវរៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាព អធិការកិច្ច និងប្រព័ន្ធផ្តល់វិញ្ញាបនបត្រត្រឹមត្រូវ ដើម្បីលើកទឹកចិត្ត និងផ្តល់ការជឿជាក់ពីសាធារណជន ទៅលើផលិតផលផងដែរ។
លោករដ្ឋមន្ត្រីក៏បានលើកឡើងពីដំណើរការវិវឌ្ឍន៍នៃផលិតកម្មកសិកម្មសរីរាង្គនៅកម្ពុជា ដែលដំបូងផ្តើមចេញពីក្រុមផលិតតូចៗ ដែលចងក្រងឡើងដោយអង្គការ NGO ឬក្រុមហ៊ុនឯកជន ដោយផ្តោតជាសំខាន់លើដំណាំស្រូវ តាំងពីឆ្នាំ១៩៩០ ជាបន្តបន្ទាប់នៅឆ្នាំ២០០០ ទើបមានគម្រោងកសិកម្មសរីរាង្គជាច្រើន តាមរយៈកិច្ចសហការរវាងអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុន ហើយសហគ្រាសឯកជនទាំងនោះ ក៏បានចាប់ផ្តើមធ្វើធុរកិច្ចកសិកម្មសរីរាង្គ លើទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
លោករដ្ឋមន្ត្រីបន្តថា បច្ចុប្បន្នកម្ពុជាមានក្រុមអ្នកផលិតបន្លែសរីរាង្គ ប្រមាណជាង១០០លើផ្ទៃដីប្រមាណ៩៧១៧ ហិកតា និងស្រូវសរីរាង្គលើផ្ទៃដីប្រមាណ១២ ០០០ហិកតា នៅទូទាំងប្រទេស សម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប ជប៉ុន អាមេរិក ចិន ក្នុងតម្លៃទឹកប្រាក់ប្រមាណ១លានអឺរ៉ូ ក្នុងឆ្នាំ២០១៧។
លោកបន្តថា ដោយសារនិន្នាការវិវឌ្ឍន៍រីកចម្រើននៃកសិកម្មសរីរាង្គ នៅឆ្នាំ២០០៦ ក្រសួងបានចាប់ផ្តើមលើកគោលដៅ កសិដ្ឋានសរីរាង្គទៅក្នុងគោលនយោ បាយជាតិ ដែលមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យកសិកម្ម (ASDP ២០០៦- ២០១០) ហើយបច្ចុប្បន្នកំពុងដំណើរការ រៀបចំសេចក្តីព្រាងស្តង់ដារ កសិកម្មសរីរាង្គជាបន្ត។ ក្រៅពីនេះ ក្រសួងកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តិ និងនីតិវិធីផ្សេងៗសម្រាប់គាំទ្រ និងជំរុញការអនុវត្តកសិកម្មសរីរាង្គ ឲ្យស្របតាមបទដ្ឋានបច្ចេកទេស ការពារសុវត្ថិភាពអាហារ បរិស្ថាន សុខុមាលភាពសង្គម ការប្រកួតប្រជែងទីផ្សារ និងទំនុកចិត្តពីអតិថិជន ដើម្បីធ្វើសុខដុមនីយកម្ម ជាមួយបណ្តាប្រទេសអាស៊ាន និងពិភពលោក។
លោករដ្ឋមន្ត្រីសង្ឃឹមថា គ្រប់តួអង្គពាក់ព័ន្ធទាំង អស់នឹងរួមចំណែកគាំទ្រគោលបំណងរួមរហូតដល់ឆ្នាំ២០៣០ នៃការអនុវត្តកសិកម្មសរីរាង្គគឺ៖ ១៖កម្ពុជានឹងមានផលិតផលកសិកម្មសរីរាង្គគ្រប់គ្រាន់ សម្រាប់ធ្វើសុខដុមនីយកម្មជាមួយស្តង់ដារ ក្នុងតំបន់ និងអន្តរជាតិ ២៖ កម្ពុជានឹងបង្កើតបាននូវតំបន់អនុវត្តកសិកម្មសរីរាង្គជាតិ ប្រមូលផ្តុំមួយដែលមានភូមិសាស្រ្តជាយុទ្ធសាស្រ្ត ៣៖ តម្លៃភាគហ៊ុនទីផ្សារនៃផលិតផលសរីរាង្គកម្ពុជានឹងកើន ឡើងរហូតដល់៤០% ៤៖ ចូលរួមកែលម្អជីវភាពផលិតករសរីរាង្គ និងការរស់នៅប្រកបដោយភាតរៈបរិស្ថាន និង៥៖ កេរ្តិ៍ឈ្មោះផលិតផលសរីរាង្គនឹងមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស៕