(ទូកមាស, ខេត្តកំពត)៖ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៩ រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន (CMIC) ដែលជារោងចក្រផលិតស៊ីម៉ងត៍ធំជាងគេមួយនៅក្នុងកម្ពុជា និងឈានមុខគេមួយនៅក្នុងតំបន់ បានរៀបចំពិធីសម្ពោធគម្រោងកែច្នៃសំណល់ឧស្សាហកម្មនៅក្នុងរោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត ក្រោមវត្តមានរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន អភិបាលខេត្តកំពត និង ដៃគូរបស់គម្រោងក៏ដូចជាភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។
ការគ្រប់គ្រងកាកសំណល់បានក្លាយជាបញ្ហាចម្បងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយការគ្រប់គ្រងសំណល់ឧស្សាហកម្មជាបញ្ហាប្រឈមក្នុងពេលដែលកំណើនសេដ្ឋកិច្ច កើនឡើងយ៉ាងរហ័ស។ គម្រោងកែច្នៃសំណល់របស់ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៊ី ត្រូវបានបង្កើតឡើងក្នុងគោលបំណងកែច្នៃកាកសំណល់ឧស្សាហកម្មប្រកប ដោយលក្ខណៈភាតរៈបរិស្ថាន និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងបរិស្ថាន។
អ្នកប្រកបរបរឧស្សាហកម្មកំពុងបង្ហាញពីទំនួលខុសត្រូវកាន់តែខ្លាំង នៅពេលនិយាយអំពីការទទួលខុសត្រូវផ្នែកបរិស្ថាន។ ការគ្រប់គ្រងសំណល់បែបថ្មីនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៊ី ស៊ីមេន ដើម្បីលើកកម្ពស់បរិស្ថានស្អាត នៅពេលដែលពិភពលោកកំពុងប្រឈម នឹងបញ្ហាយ៉ាងខ្លាំងនៃការឡើងកម្តៅភពផែនដី និង ការប្រែប្រួលអាកាសធាតុ។
លោក នីកូឡាស់ ចច (Nicolas George) នាយកប្រតិបត្តិនៃក្រុមហ៊ុន ជីបម៉ុង អ៉ិនស៊ី ស៊ីមេន (CMIC) បានថ្លែងថា «ការសម្ពោធគម្រោងកែច្នៃសំណល់នេះបង្ហាញថា ក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៊ី បានឈានដល់ដំណាក់កាលសំខាន់មួយទៀត គឺឆ្ពោះទៅការរួមចំណែកក្នុងការកែលម្អបរិស្ថាននៅកម្ពុជា។ ឥឡូវនេះរោងចក្ររបស់យើង ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយដើម្បីគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម និងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន។ ខ្ញុំជឿជាក់ថា ការបណ្តាក់ទុនថ្មីនេះនឹងបង្ហាញឲ្យឃើញពីភាពជោគជ័យដ៏អស្ចារ្យ និង ផ្តល់អត្ថប្រយោជន៍ដល់ដៃគូពាក់ព័ន្ធទាំងអស់របស់យើង»។
លើសពីនេះទៀត ក្រុមហ៊ុន CMIC បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអភិវឌ្ឍឧស្សាហកម្មស៊ីម៉ងត៍ប្រកបដោយចីរភាព។
គម្រោងកែច្នៃសំណល់មានសមត្ថភាពកែច្នៃកាកសំណល់ឧស្សាហកម្មប្រហែល១០តោន ក្នុងមួយម៉ោង ឬប្រមាណជា ៧០០០តោន ក្នុង១ខែ។ ការគ្រប់គ្រងកាកសំណល់នេះ មានរួមទាំងការប្រមូល និងតំណើរការនៃការកែច្នៃសំណល់រឹង ដែលនឹងផ្តល់ដំណោះស្រាយដល់រោងចក្រកាត់ដេរ និង រោងចក្រស្បែកជើងក៏ដូចជាវិស័យផ្សេងៗទៀតដែរ។
ក្រុមហ៊ុន CMIC មានមោទកភាពចំពោះគម្រោងកែច្នៃសំណល់របស់ខ្លួន ដែលជាដំណោះស្រាយនៃការគ្រប់គ្រងសំណល់ឧស្សាហកម្មប្រកប ដោយនិរន្តរភាពដំបូងគេនៅក្នុងប្រទេសកម្ពុជា។ គម្រោង ជីប ម៉ុង Ecocycle នេះអាចកែច្នៃកាកសំណល់ដែលមានគ្រោះថ្នាក់ និងមិនមានគ្រោះថ្នាក់ ដោយប្រើបច្ចេកវិទ្យាថ្មីមួយដែលគេហៅថា “co-processing”។ “Co-processing” គឺជាពាក្យបច្ចេកទេសប្រើសម្រាប់ការកំចាត់កាកសំណល់ ឧស្សាហកម្មតាមរយៈការដុតដោយឡស៊ីម៉ងត៍ ស្របពេលដែលកំពុងដំណើរការផលិតម៉ងត៍ដោយមិនប៉ះពាល់ដល់ប្រសិទ្ធភាពណាមួយឡើយ។
បច្ចេកវិទ្យា “co-processing” គឺគោរពតាមលក្ខខណ្ឌច្បាប់ទាំងអស់ ហើយត្រូវបានអនុម័តជាសកល សម្រាប់ការគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម។ បច្ចេកវិទ្យានេះត្រូវបានគេមើលឃើញថា ជាជម្រើសល្អប្រសើរជាងការយកកាកសំណល់ទៅចាក់ចោលនិងការយកទៅដុតចោលធម្មតា ពីព្រោះវាផ្តល់នូវដំណោះស្រាយពេញលេញដោយមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។
បច្ចេកវិទ្យា “co-processing” ត្រូវបានប្រើប្រាស់ដោយជោគជ័យនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុន អស់រយៈពេលជាង៤០ឆ្នាំ។ វាត្រូវបានទទួលស្គាល់ដោយ អង្គការ អន្តរជាតិជាច្រើន រួមទាំងអង្គការសុខភាពពិភពលោក និង GTZ ក៏ដូចជាអនុសញ្ញា Basel និង Stockholm។
ជាមួយគ្នានេះ លោក Sajith Edirisuriya (សាជីត អេឌីរីសុរីយ៉ា) អ្នកគ្រប់គ្រងគម្រោងកែច្នៃសំណល់ នៃក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៊ី ស៊ីមេន (CMIC) មានប្រសាសន៍ថា បច្ចេកវិទ្យា “co-processing” ធានានូវការកំចាត់កាកសំណល់បានទាំងស្រុង ដោយការដុតដោយប្រើសីតុណ្ហភាពខ្ពស់។ វាគឺជាដំណើរការកំចាត់កាកសំណល់ឧស្សាហកម្ម ដោយមិនបន្សល់ទុកកាកសំណល់អ្វីទាំងអស់ ហើយថែមទាំងជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិចទៀតផង។
គុណសម្បត្តិទាំងនេះជាអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់គ្រប់វិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ដោយធ្វើឲ្យស្តង់ដារបរិស្ថានរបស់ពួកគេប្រសើរឡើង ដោយមិនបន្សល់កាកសំណល់ទល់តែសោះសំរាប់ចាក់ចោល»។
ក្រុមហ៊ុន CMIC គឺជាការបណ្តាក់ទុនរួមគ្នា ចំនួន២៦២លានដុល្លារអាមេរិក រវាងក្រុមហ៊ុន ជីប ម៉ុង គ្រុប នៃប្រទេសកម្ពុជា និងក្រុមហ៊ុនស៊ីម៉ងត៍ Siam City Cement Corporation របស់ប្រទេសថៃ ដែលជាម្ចាស់ក្រុមហ៊ុន Insee Group ដែលជាក្រុមហ៊ុនមានបទពិសោធន៍ផ្ទាល់ជាង ៥០ឆ្នាំ ក្នុងវិស័យឧស្សាហកម្មផលិតស៊ីម៉ងត៍ប្រកប ដោយគុណភាព និង ជាង២០ឆ្នាំ លើវិស៍យគ្រប់គ្រង និងកែច្នៃកាកសំណល់ឧស្យាហកម្ម៕