(ភ្នំពេញ)៖ នេះគឺជាមោទកភាពខ្មែរទាំងមូល ដែលក្រុមហ៊ុនបន្លែសរីរាង្គក្នុងស្រុកទីមួយហើយ ត្រូវបានប្រគល់ជូនពានរង្វាន់អាស៊ានឆ្នាំ២០១៩ នៅប្រទេសភូមា។
ពិធីថ្លែងអំណរគុណ ដល់ដៃគូអភិវឌ្ឍន៍ និងអបអសាទរក្រុមហ៊ុន បានធ្វើឡើងនៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក វេង សាខុន បានថ្លែងអបអរសាទរ ចំពោះការទទួលបានពានរង្វាន់អាស៊ាន របស់ក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ។ លោកសូមគាំទ្រយ៉ាងពេញទំហឹង និងសូមលើកទឹកចិត្តឲ្យមានការផលិត នៃផលិតផលកសិកម្មសរីរាង្គ ពោលផលិតផលដែលគ្មានសារជាតិគីមីបែបនេះបន្ថែមទៀត។
លោកបានអះអាងថា កម្ពុជាគឺជាប្រទេសមួយ ដែលជាប់ចំណាត់ថ្នាក់លេខ៥ នៃការនាំផលិតផលសរីរាង្គ ទៅកាន់ទីផ្សារអឺរ៉ុប ហើយកសិករកម្ពុជាក៏បានខិតខំប្រឹងប្រែង ធ្វើការងារកសិកម្មយ៉ាងខ្លាំងក្លាផងដែរ។
លោក អៀង សុធារ៉ា ស្ថាបនិកក្រុមហ៊ុន សហករណ៍សរីរាង្គខ្មែរ បានថ្លែងថា ក្រុមហ៊ុនលោក ត្រូវបានផ្តល់ពានរង្វាន់អាស៊ាន «ភាពជាអ្នកដឹកនាំលើការអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ» លើកទី៤ ឆ្នាំ២០១៩ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងណៃពីដោ ប្រទេសភូមា។
លោកបន្តថា ពានរង្វាន់នេះត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់តួនាទី សមិទ្ធផលសម្រេចបាន លើកទឹកចិត្តពីការរួមចំណែកនៃអង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជននៅក្នុងប្រទេសជាសមាជិកអាស៊ានលើការអភិវឌ្ឍន៍ជនបទ សហគមន៍ ជីវភាពរស់នៅ និងការលុបបំបាត់ភាពក្រីក្រ និងលើកកំពស់បរិយាប័នតាមរយៈភាពជាដៃគូ និងការសហការណ៍យ៉ាងស្អិតរមួតរវាងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជន ក្នុងការអភិវឌ្ឍន៍ជនបទ និងការលុបបំបាត់ភាពក្រីក្រនៅក្នុងប្រទេសជាសមាជិកអាស៊ាន។
សូមបញ្ជាក់ថា ពានរង្វាន់អាស៊ាននេះ ត្រូវបានប្រារព្ធពិធីប្រគល់ជូននៅបណ្តាប្រទេសជាសមាជិកអាស៊ានរៀងរាល់ ២ឆ្នាំម្តង ជូនស្ថាប័នណាមួយ ក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០។
កន្លងមកនេះ ពានរង្វាន់អាស៊ាន ត្រូវបានប្រគល់ចំនួន៤លើក រួមមាន៖
លើកទី១៖ ផ្ដល់ជូនអង្គការ Life With Dignity (LWD) នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣ នៅទីក្រុង Yogyakarta, Indonesia។
លើកទី២៖ ផ្ដល់ជូនអង្គការ ACR/Caritas Australia នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុង Vientiane, Lao PDR។
លើកទី៣៖ ផ្ដល់ជូនអង្គការ Heifer International Cambodia និងវិស័យឯកជនឈ្មោះសហគ្រាសសេនតូសាសៀល (SentoSaSilk) នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុង Kuala Lumpur, Malaysia។
លើកទី៤៖ ផ្ដល់ជូនអង្គការ DPA និងវិស័យឯកជន: Khmer Organic Cooperative នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុង Nay Pyi Taw, Myanma៕