(ស្វាយរៀង)៖ វេទិការសាធារណៈ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ត្រូវបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីលោក ភិន ឆាំ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តតំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។
ពិធីនេះក៏មានការចូលរួមពីមន្រ្តីដែលពាក់ព័ន្ធ និងប្រជាពលរដ្ឋស្រុករំដួលជាង ៣០០នាក់ ដើម្បីលើកជាកង្វល់ និងសំណូមពរដល់មន្ទីរអង្គភាពនានាក្នុងខេត្ត ក្នុងការដោះស្រាយឲ្យទាន់ពេលវេលា ឲ្យមានតម្លាភាព និងគណនេយ្យភាពជំរុញការអភិវឌ្ឍនៅមូលដ្ឋាន ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀត។
លោក ភិនឆាំ សមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណចំពោះវត្តមានប្រជាពលរដ្ឋ វិស័យឯកជន និងសមាជិកសមាជិកា នៃអង្គវេទិកាដែលបានចំណាយពេលវេលាចូលរួមនាពេលនេះ ពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុត្តិសាស្ត្រស្តីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក តូច ប៉ូលីវ៉ា បានថ្លែងថា វេទិការរបស់ក្រុមប្រឹក្សាខេត្ត បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួម ក្នុងការផ្តល់មតិយោបល់ចំពោះ ការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយៈការឆ្លើយតបបានទាន់ ពេលវេលា ពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយអោយកាន់តែល្អប្រសើរស្របទៅតាមតម្រូវការជាអទិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
សូមបញ្ជាក់ថា នៅក្នុងវេទិការសាធារណៈនេះ ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាង្វល់ និងសំណូមពរមួយចំនួនមានដូចជាបញ្ហាអគ្គីសនី មិនទាន់មានប្រើប្រាស់នៅក្នុងតំបន់មួយចំនួន ប្រឡាយទឹករាក់ អត្តសញ្ញាណបណ្ណ សៀវភៅសំបុត្រកំណើត ផ្លូវ សាលារៀន ។ល។ ហើយរាល់សំណូម និងកង្វល់ទាំងអស់នេះត្រូវបានលោក លោកស្រី តំណាងមន្ទីរដែលពាក់ពន្ធ័ឡើងពន្យល់ប្រជាពលរដ្ឋ និងយកទៅដោះស្រាយឲ្យបានទាន់ពេលវេលាជាពិសេសបញ្ហាកង្វល់ខ្លាំងនោះគឺអត្តសញ្ញាណបណ្ណ័ដែលមានបញ្ហាដូចជាខុស ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ភេទ អាយុ ហើយតម្រូវឲ្យពលរដ្ឋត្រូវកែតម្រូវឡើងវិញ ដោយកែនៅអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម ហើយបើខុសច្រើនត្រូវកែដល់តុលាការខេត្តទៀតផង ដូច្នេះពលរដ្ឋសូមសំណូមឲ្យមន្ត្រីដែលពាក់ពន្ធ័ជួយពន្លឿនលើបញ្ហានេះផងដែរ៕