(កំពង់ធំ)៖ ដើម្បីកាត់បន្ថយការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងជួយសម្រួលដល់ជីវភាព នៃរស់នៅរបស់ប្រជាពលរដ្ឋលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានជំរុញឲ្យអ្នកពាក់ព័ន្ធ គ្រប់ស្ថាប័ន និងពលរដ្ឋមូលដ្ឋានចូលរួមសហការគ្នា លុបបំបាត់ការប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ផ្សេងៗ នៅលើបឹង ស្រះ ត្រពាំង ស្ទឹង ហើយមិនមែនសម្រាប់តែផ្នែកជំនាញ ជលផលតែម្នាក់ឯងនោះទេ គឺសម្រាប់យើងទាំងអស់គ្នា។
លោក ព្រឹម រដ្ឋា បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិតីក្នុងសិក្ខាសាលា ឆ្លុះបញ្ចាំងការអនុវត្តផែនការគ្រប់គ្រងប្រព័ន្ធជលផល តាមវាលស្រែដែលសហការរៀបចំដោយ អង្គការអ្នកត្រួសត្រាយកម្ពុជា អង្គការទ្រទ្រង់ស្ត្រីខ្មែ ខ័ណ្ឌរដ្ឋបាលជលផល ដោយមានការចូលរួមពីលោកស្រី ចេប ម៉ាលីបុផ្ផា នាយិកាអង្គការអ្នកត្រួសត្រាយកម្ពុជា អង្គការវើល្វីស និងគណៈកម្មការជំរកត្រីមកពីតំបន់ឃុំគោលដៅមកពី៦ស្រុក ប្រមាណជា១២០នាក់ ដែលរៀបចំឡើងនៅសាលាខេត្តកំពង់ធំ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោក ព្រឹម រដ្ឋា បានបន្តថា ត្រីគឺជាអាហាពិសេស និងចាំបាច់របស់ពលរដ្ឋទាំងអស់ ជាពិសេសសម្រាប់ប្រទេសកម្ពុជាយើងហើយត្រីទាំងអស់នេះ មាននៅតាមស្ទឹង បឹងបួរ ព្រែក ជាពិសេសនៅបឹងទន្លេសាប។ ដោយសារតម្រូវការប្រើប្រាស់ត្រីច្រើនហូបចុកផង និងសម្រាប់នាំចេញទៅក្រៅផង ព្រមទាំងគួបផ្សំជាមួយការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យមានការប្រែប្រួល លើរបបទឹកជំនន់មិនទៀងទាត់ ហើយបរិមាណទឹកតិចជាងមុន រីឯសីតុណ្ហភាពក្តៅខ្លាំង ជាងមុនជាពិសេសរដូវប្រាំងដែលប៉ះពាល់ដល់ការពងកូន របស់ត្រីដើម្បីកាត់បន្ថយការប្រើប្រាស់ នៅបឹងទន្លេសាប និងជួយសម្រួលដល់ជីវភាព នៃរស់នៅរបស់ប្រជាពលរដ្ឋយើងត្រូវនាំគ្នាធ្វើឲ្យត្រីសំបូរឡើងវិញ នៅតាមវាលស្រែ បឹងបួរប្រឡាយ ស្ទឹង ត្រពាំង ស្រះ តាមរយៈការធ្វើឲ្យមានទីកន្លែងដែលជាជម្រកសមរម្យ និងសុខសាន្តសម្រាប់ការស់នៅរបស់ត្រី។
លោកបានបន្តថាកម្មវិធីនេះ គឺដើម្បីចងក្រងវិធីសាស្រ្តសម្របសម្រួលក្នុងការគ្រប់គ្រងសហគមន៍ស្រះ ជម្រកត្រីដើម្បីយកទៅអនុវត្តបន្តនូវបរិស្ថានធនធានជលផល តាមវាលស្រែដទៃទៀតបង្កើត និងធ្វើឱ្យមានសក្តានុពលភាពនូវគំរូអភិបាលកិច្ចល្អ នៃការគ្រប់គ្រងសហគមន៍ស្រះជម្រកត្រីនិងប្រើប្រាស់ប្រភពទឹកពីស្រះជម្រកត្រីសហគមន៍ ប្រកបដោយប្រសិទ្ធភាព លើកកម្ពស់ចំណេះដឹងដល់ស្ត្រីដែលមានក្មេងតូចក្រោមអាយុ ៥ឆ្នាំ ពីសារៈប្រយោជន៍របស់ត្រីល្អិតរបបអាហារចម្រុះ ការរៀបចំអាហារឲ្យបានសមស្របតាមក្បួនអនាម័យនិងការបរិភោគទឹកស្អាត ផ្សព្វផ្សាយអំពីចំណេះដឹងដែលបានរៀនសូត្របានពីការអភិវឌ្ឍន៍សហគមន៍ស្រះជម្រកត្រីនៅក្នុងតំបន់ទន្លេសាបទៅដល់ភ្នាក់ងារអភិវឌ្ឍន៍ដទៃទៀតដើម្បីពង្រីកការអភិវឌ្ឍបន្ថែមនៅក្នុងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។
លោក ព្រឹម រដ្ឋា បានសំដែងនូវការរីករាយក្រៃលែងចំពោះអង្គការក្រៅរាជរដ្ឋភិបាលជាម្ចាស់ជំនួយ យូ.អេស.អេ.អាយ.ឌី (USAID) អង្គការវើលហ្វីស (World Fish) អង្គការទ្រទ្រង់ស្ត្រីខ្មែរ និងអ្នកត្រួសត្រាយកម្ពុជា (CTO) ដែលជាអ្នកអនុវត្តសកម្មភាពផ្ទាល់ហើយបានឆ្លុះបញ្ចាំង នៃការអនុវត្តគម្រោង បង្កើនធនធានជលផលតាមវាលស្រែ។
លោកស្រី ចេត ម៉ាលីបុប្ផា បានលើកឡើងថានេះគឺជាលើកទី៣ ហើយដែលអង្គការអ្នកត្រួសត្រាយកម្ពុជាអង្គការទ្រទ្រង់ស្ត្រីខ្មែរនិងអង្គការ បានសហការជាមួយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរៀបចំសិក្ខាសាលានេះឡើង ដើម្បីផ្ដល់ឱកាសការជួបជុំរវាងសហគមន៍ជម្រកត្រី អាជ្ញាធរមូលដ្ឋានស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធក្នុងការចែករំលែក បទពិសោធន៍ ការអនុវត្តផែនការគ្រប់គ្រងស្រះជម្រកត្រីសហគមន៍ ឆ្លុះបញ្ចាំង និងកែលម្អអនុវត្តផែនការគ្រប់គ្រងស្រះជំរកត្រី ព្រមទាំងបង្កើនកិច្ចសហការរវាងគ្នានឹងគ្នា ឲ្យកាន់តែប្រសើរក្នុងការគ្រប់គ្រងធនធានជលផល៕