(ពោធិ៍សាត់)៖ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំងចំនួន ២៤នាក់ ស្រី ៥នាក់ ក្នុងនោះខេត្តពោធិ៍សាត់មានចំនួន ១៣នាក់ ស្រី៥នាក់ និងខេត្តកំពង់ឆ្នាំងមានចំនួន ១១នាក់ បានបញ្ចប់វគ្គសិក្សាបំប៉នជំនាញបឋមដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២-៥ ខែធ្នូ ឆ្នាំ២០១៩ ទទួលបានលទ្ធផលជោគជ័យនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ហើយត្រូវបានបិទវគ្គក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងផែនការងារសេនាធិការទទួលកិច្ចការងារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទូទាំងខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ។
ពិធីនេះក៏មានការចូលរួមពីស្នងការរងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ព្រមទាំងលោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរងក្រុង-ស្រុក និងលោកនាយ នាយរងផ្នែកជំនាញចំណុះស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា បានផ្តាំផ្ញើដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលដែលទើបនឹងបញ្ចប់វគ្គសិក្សានេះ ត្រូវយកចំណេះដឹងដែលទទួលបានពេលនេះ យកទៅអនុវត្តនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសជម្រុញលើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងទម្រង់ទាំងបួនរបស់នគរបាលនិងសហគមន៍។
សូមបញ្ជាក់ថា លទ្ធផលនៃវគ្គបំប៉នជំនាញបឋមរយ:ពេលខ្លីដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលនេះ សិក្ខាកាមទទួលបាននិទ្ទេសល្អចំនួន១៩នាក់ ស្មើ ៧៩% និងនិទ្ទេសបង្គួរចំនួន៥នាក់ស្មើនឹង ២១%៕