(ស្វាយរៀង)៖ លោក អ៊ូ សុខឿន ប្រធានមន្ទីការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ ខេត្តស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះថា ករណីតវ៉ារបស់កម្មករកម្មការិនី នៅរោងចក្រយូលី តំបន់សេដ្ឋកិច្ចពិសេស សានតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង, មន្ត្រីរបស់យើង និងតំណាងកម្មករ ព្រមទាំងថៅកែរោងចក្រ បានប្រជុំគ្នារកដំណោះស្រាយបានហើយនូវលក្ខខណ្ឌចំនួន ៦ចំណុច ហើយបងប្អូនកម្មករកម្ម ការិនី បានព្រមព្រៀងចូលធ្វើការងារវិញ ជាធម្មតាមិនមានសភាពការណ៍ អ្វីកើតឡើងនោះទេ។
គួរបញ្ជាក់ថា នៅវេលាម៉ោង៨៖៥០នាទីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង នៅរោងចក្រយូលី ដែលមានកម្មករសរុប ចំនួន៦០១២នាក់ ស្រី៥១៣៧នាក់ ដោយឡែកនៅអាគា០៨ មានកម្មករ ចំនួន៩៩៣នាក់ ស្រី៩១៨នាក់ បាននាំគ្នាធ្វើកូដកម្មក តវ៉ាទាមទារលក្ខខណ្ឌ ចំនួន០៦ចំណុច។
សមត្ថកិច្ចបានឱ្យដឹងថា ក្រុមកម្មករបាននាំគ្នាទាមទារនូវលក្ខខណ្ឌចំនួន៦ចំណុចរួមមាន៖
* ទី១៖ ស្នើសុំឱ្យក្រុមហ៊ុនរក្សាតួនាទីប្រធានម៉ាស៊ីន ពុំ សុម៉ាល័យ និងស្នើឱ្យលោក ពុំ សុម៉ាល័យ ចូលបម្រើការងារនៅអគារ៨ដូចមុនវិញ
* ទី២៖ សុំឱ្យក្រុមហ៊ុនពិនិត្យមើលលទ្ធភាព របស់កម្មករនិយោជិត មុននឹងកំណត់ចំនួនផលិតផល និងសូមកុំឱ្យមានការព្រមានចំពោះកម្មករនិយោជិតណាម្នាក់ ដែលធ្វើមិនដល់ចំនួនគោលដៅដែលបានកំណត់។
*ទី៣៖ ស្នើសុំក្រុមហ៊ុនក្នុងករណីកម្មករនិយោជិតភ្លេច ស្គេនមេដៃ សូមកុំឱ្យក្រុមហ៊ុនកាត់ប្រាក់ឈ្នួល ពេលដែលមានការបញ្ជាក់ ពីប្រធានក្រុមប្រធានផ្នែក។
* ទី៖ ស្នើសុំកុំឱ្យក្រុមហ៊ុនកាត់ប្រាក់រង្វាន់ទៀងទាត់នៅពេលដែលកម្មករនិយោជិត ដែលមកធ្វើការយឺតក្រោម ៥នាទី។
* ទី៥៖ ស្នើសុំឱ្យក្រុមហ៊ុនអនុញ្ញាតឱ្យមានលក់ភេសជ្ជៈ ក្នុងបរិវេណក្រុមហ៊ុនដូចមុនវិញ។
*និងទី៦៖ ស្នើសុំឱ្យក្រុមហ៊ុនកុំឱ្យមានការរឹតបន្តឹងចំពោះករណីកម្មករនិយោជិតសុំច្បាប់៕