(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានរៀបចំបិទវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពីក្រមនីតិវិធីព្រហ្មទណ្ឌ និងតួនាទីភារកិច្ច មន្ត្រីនគរបាលយុត្តិធម៌ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក។

ក្នុងវគ្គបណ្តុះបណ្តាលរយៈពេល០២ថ្ងៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០១៩ ដោយមានគ្រូឧទ្ទេសនាមអញ្ជើញចូលរួមធ្វើបទបង្ហាញចំនួន៣រូប គឺលោក ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារងសាលាឧទ្ទរណ៍, លោកឧត្តមសេនីយ៍ទោ ប៉ាល់ សុធី អនុប្រធាននាកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី អៀង ណាវី គ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន៩៨រូប (នារីចំនួន០៤រូប)។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់គ្រូឧទ្ទេសទាំង០៣រូប ដែលបានធ្វើបទបង្ហាញពន្យល់យ៉ាងក្បោះក្បាយ និងសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងវគ្គបណ្តុះបណ្តាល និងសិក្សារហូតដល់ចប់កម្មវិធី ដោយជោគជ័យ។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ក៏បានផ្តាំផ្ញើ និងណែនាំដល់សិក្ខាកាមទាំងអស់ ឲ្យយកចំណេះដឹងដែលបានមកពីការរៀនសូត្រនេះ យកទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសម្រេចបានជោគជ័យ។ នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះជាវគ្គទី២ ហើយនឹងមានវគ្គបន្តបន្ទាប់ទៀត ដោយមានការអញ្ជើញគ្រូឧទេ្ទស មកពីស្ថាប័នតុលាការ និងស្ថាប័នពាក់ព័ន្ធ។

សូមជម្រាបថា គោលបំណង នៃការបង្កើតវគ្គបណ្តុះបណ្តាលនេះទ្បើង ដើម្បីបំពេញចំណេះដឹងបន្ថែម ពង្រឹងសមត្ថភាពដល់មន្រ្តីអនុវត្តតិវិធីឲ្យស្រប តាមក្រមនីតិវីធីព្រហ្មទណ្ឌ ដែលច្បាប់បានកំណត់ក្នុងកិច្ចប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស៕