(បន្ទាយមានជ័យ)៖ ករណីប្រជាពលរដ្ឋមួយចំនួន រស់នៅភូមិខ្ទុមជ្រុំ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានស្នើសុំការជួយអន្តរាគមន៍ពីឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ក្រោយមានស្រ្តីម្នាក់រំលោភយកដីផ្លូវពីបូរាណប្រវែងជាង ១០០ម៉ែត្រ និងទទឹងប្រវែង ៤ម៉ែត្រនោះ ត្រូវបានអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះទៅដល់កន្លែងផ្លូវផ្ទាល់ជួយអន្តរាគមន៍ កាលពីថ្ងៃទី៤ ខែធ្នូ។
ប៉ុន្តែគិតត្រឹមល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ ដំណោះស្រាយមិនទាន់មានជារូបរាងនោះទេ ដោយសារអ្នករំលោភបំពានស្រ្តីឈ្មោះ ប៉ូ ហឿង នៅតែបិទរបង ហើយថែមទាំងយកដើមចេក ទៅដាំនៅលើផ្លូវពេញអស់តែម្តង។ ករណីនេះត្រូវបានប្រជាពលរដ្ឋរងគ្រោះ និងអាជ្ញាធរអះអាងថា មានអ្នកនៅពីក្រោយខ្នងដែលការពារស្រ្តីរំលោភដីនោះ រួមមាន៖ សមាជិកក្រុមប្រឹក្សាខេត្តម្នាក់, ព្រះរាជអាជ្ញារងម្នាក់ និងនគរបាលម្នាក់ផងដែរ។
អភិបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក រ័ត្ឋ ដាស៊ីណង់ បានទទួលស្គាល់ថា ប្រជាពលរដ្ឋរងគ្រោះមួយចំនួន ពិតជាគ្មានផ្លូវធ្វើដំណើរចេញពីផ្ទះនោះទេ បើសិនផ្លូវពីបូរាណនេះ ត្រូវបានបិទមែននោះ។ លោកថែមទាំងលើកជាឧទារណ៍ជាក់ស្តែងថា «ម៉ាទោស បើសិនជាសមាជិកប្រជាពលរដ្ឋណាម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះទាំងនោះ មានស្លាប់ ក៏មិនអាចសែង ឬលើកសពចេញពីផ្ទះបានដែរ ដោយសារផ្លូវធ្លាប់ធ្វើដំណើរត្រូវបានរំលោភយកទាំងស្រុង»។
លោកអភិបាលស្រុកបានបញ្ជាក់ថា ករណីរំលោភផ្លូវនេះ លោកបានដោះស្រាយតាំងពីដើមឆ្នាំ២០១៩មកម្ល៉េះ ដោយលោកបានបើកផ្លូវ និងបានជួសជុលផ្លូវយ៉ាងស្អាត សម្រាប់ឲ្យប្រជាពលរដ្ឋ រងគ្រោះ អាចធ្វើដំណើរបាន ប៉ុន្តែក្រោយមកអ្នករំលោភផ្លូវនេះ បានប្តឹងទៅតុលាការ ក៏ស្រាប់តែកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ មានព្រះរាជអាជ្ញារងខេត្តម្នាក់ បានដឹកនាំមន្រ្តី និងនគរបាលចុះទៅកន្លែងផ្លូវហើយឲ្យគេបិតតែម្តង។
លោកអភិបាលស្រុក បានបង្ហាញអារម្មណ៍អាណិតប្រជាពលរដ្ឋរងគ្រោះទាំងនោះណាស់ បើសិនគេបិទផ្លូវនោះ មិនអាចធ្វើដំណើរចេញពីផ្ទះបានទេ ពីព្រោះពីមុនអ្នករំលោភយល់ព្រម ឲ្យបើកផ្លូវវៀងមួយ ហើយលោកបានត្រៀមគ្រឿងចក្រឈូសឆាយឲ្យស្អាត ប៉ុន្តែក្រោយមកស្រ្តីអ្នករំលោភនេះ បែរជាមិនព្រមឲ្យបើកផ្លូវវៀងនេះទៀត។
មជ្ឈដ្ឋានមួយចំនួនដែលតាមដានករណីនេះ បានសម្តែងចម្ងល់ថា បើពិតជារកឃើញថា នេះជាផ្លូវតាំងពីបូរាណ ហើយប្រជាពលរដ្ឋម្ចាស់ស្រុក តែងតែធ្វើដំណើរចេញចូលទៅកាន់ផ្ទះរបស់ពួកគាត់ និងបានរកឃើញមានការរំលោភយ៉ាងពិតប្រាកដនោះ តើហេតុអ្វីអាជ្ញាធរ និងមន្រ្តីជំនាញមិនហ៊ានបញ្ចេញកណ្តាប់ដែកទៅបើកឡើងវិញ ទុកឲ្យអ្នករំលោភ និងអ្នកនៅពីក្រោយ មានអំណាចជាងយ៉ាងដូច្នេះ ឬមួយអាជ្ញាធរ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ខ្លាចបុណ្យស័ក្តិ និងអំណាចជនខិលខូចទៅវិញ?
ដោយសារតែមានអ្នករំលោភផ្លូវមិនអាចធ្វើដំណើរចេញពីផ្ទះយ៉ាងដូច្នេះ និងមិនអាចដោះស្រាយចេញនោះ បណ្តាលឲ្យស្រ្តីរងគ្រោះម្នាក់គាំងបេះដូង រហូតបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់នៅតែទទូចដល់ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ជួយដោះស្រាយបញ្ចប់ករណីនេះផង បើសិនមិនអាចដោះស្រាយបានទេ តើឲ្យប្រជាពលរដ្ឋនៅខាងក្រោយផ្លូវនោះ ចេញមកតាមណា ឬត្រូវជីករូងក្រោមដី ឬត្រូវជិះយន្តហោះ?
យ៉ាងណាក៏ដោយ លោកអភិបាលស្រុកមង្គលបូរី ដែលបានចេញមុខការពារក្រុមគ្រួសាររងគ្រោះ បាននិងកំពុងបើករថយន្តទៅដោះស្រាយម្តងទៀតនៅយប់នេះតែម្តង ក្រោយមានបញ្ជាពីអភិបាលខេត្ត៕