(ភ្នំពេញ)៖ លោកស្រី ហេង សុខគង់ ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sok Kong ដែលជាភរិយាអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ បានប្រកាសច្រានចោល និងបដិសេធទាំងស្រុងចំពោះ Account Facebook មួយដែលមានឈ្មោះថា «ព័ត៌មានពិត ពីកម្ពុជា» ដែលបានលួចយករូបថតរបស់លោកស្រី ទៅដាក់នៅលើ Profile គណនីរបស់ខ្លួន ដោយគ្មានការអនុញ្ញាត ហើយថែមទាំងបានបង្ហោះព័ត៌មានប្រជាភិថុត រូបភាពកាត់តខុសការពិត និងមាននិន្នាការគាំទ្រអតីតគណបក្សប្រឆាំង។
តាមរយៈអង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ លោកស្រី ហេង សុខគង់ បានប្រកាសបដិសេធយ៉ាងដាច់អហង្ការ មិនទទួលខុសត្រូវចំពោះសកម្មភាពការផុស ឬសរសេរខ្លឹមសារផ្សេងៗ របស់គណនីខាងលើនេះ ដែលធ្វើឲ្យមានការភ័ន្តច្រឡំជាមួយនឹងអាខោនពិតរបស់លោកស្រី ជាពិសេសនោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារ លោកស្រីតែម្តង។
ជាមួយគ្នានេះ លោកស្រី ក៏បានព្រមានថា ម្ចាស់ Account Facebook ដែលមានឈ្មោះថា «ព័ត៌មានពិត ពីកម្ពុជា» ត្រូវលុបរូបថតរបស់យើងខ្ញុំចេញពី Account Facebook នេះឱ្យអស់ជាបន្ទាន់ បើក្នុងករណី ម្ចាស់ Account facebook ខាងលើមិនលុបចេញនោះទេ យើងខ្ញុំនឹងដាក់ពាក្យប្តឹងទៅស្ថាប័នមានសមត្ថកិច្ច ជាពិសេសក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ ស្រាវជ្រាវ រកជនបង្កខាងលើ មកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕