(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយលោក Julian Schutz តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន៣ ដែលមានទឹកប្រាក់សរុបចំនួន៣៧លានអឺរ៉ូ (ប្រមាណជា៤១លានដុល្លារអាមេរិក)។

កិច្ចព្រមព្រៀងទាំង ៣ នេះ មានដូចខាងក្រោម៖

១៖ កិច្ចព្រមព្រៀងឥណទានសម្បទាន មានទឹកប្រាក់ចំនួន៣០លានអឺរ៉ូ និងកិច្ចព្រមព្រៀងហិរញ្ញប្បទាន មានទឹកប្រាក់ចំនួន២លានអឺរ៉ូ សម្រាប់គម្រោងប្រសិទ្ធភាពថាមពល សម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ៖

តាមរយៈកិច្ចព្រមព្រៀងហិរញ្ញប្បទានទាំងពីរនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នឹងផ្តល់ ឥណទានសម្បទានចំនួន៣០លានអឺរ៉ូ ត្រូវជាប្រមាណ៣៣ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួន២លានអឺរ៉ូ ត្រូវជាប្រមាណ ២.២ លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងប្រសិទ្ធភាពថាមពល សម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ ដែលមាន អគ្គិសនីកម្ពុជា (EDC) ជាភ្នាក់ងារអនុវត្តគម្រោង។

គម្រោងនេះ មានទិសដៅសាងសង់អនុស្ថានីយ 115/22 kV, 50 MVA ចំនួន០២កន្លែង (ស្រុកក្រឡាញ់ និងភាគខាងត្បូងនៃក្រុងសៀមរាប) និងសាងសង់បណ្តាញតង់ស្យុងមធ្យម (បណ្តាញកាបិ៍លក្នុងដី និងបណ្តាញអាកាស) សរុបប្រវែង៣២០គីឡូម៉ែត្រនៅក្នុងខេត្តសៀមរាប, ឧត្តរមានជ័យ និងខេត្តព្រះវិហារ ។

២៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានមានទឹកប្រាក់ចំនួន៥លានអឺរ៉ូ សម្រាប់កម្មវិធីផែនការអនុវត្តគណនេយ្យភាព សង្គម ដំណាក់កាលទី ២
តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៥លានអឺរ៉ូ ត្រូវជាប្រមាណ៥.៥លានដុល្លារអាមេរិក ទៅក្នុងមូលនិធិបរធនបាលកិច្ច (Trust Fund) ដែលសម្របសម្រួល ដោយធនាគារពិភពលោក ដើម្បីបែងចែកជូនលេខាធិការដ្ឋានគណៈកម្មការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងអង្គការសង្គមស៊ីវិល។ កម្មវិធីផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី ២ នេះ នឹងអនុវត្តដោយលេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គការសង្គមស៊ីវិល ។

កម្មវិធីនេះ នឹងជួយពង្រឹងអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជា រដ្ឋបាលឃុំ/សង្កាត់, សាលាបឋមសិក្សា, មណ្ឌលសុខភាព ជាដើម ដែលជាការរួមចំណែក និងគាំទ្រដល់ផែនការយុទ្ធសាស្ត្រ ស្តីពីការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការទាំងបីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្ហាញពីការបោះជំហានទៅមុខ នៃកិច្ចសហប្រតិបត្តិការជាមិត្តភាព រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ហិរញ្ញប្បទានសហប្រតិបត្តិការនេះ នឹងរួមវិភាគទានដល់ការអនុវត្តយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ ប៉ិនប្រសប់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមបញ្ជាក់ថា ហិរញ្ញប្បទានសហប្រតិបត្តិការ ពីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ផ្តោតអាទិភាពទៅលើវិស័យសំខាន់ៗមាន អភិវឌ្ឍន៍ជនបទ, សុខាភិបាល និងវិស័យអភិបាលកិច្ច (យេនឌ័រ, កំណែទម្រង់សាធារណៈ និងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ) ដែលគិតចាប់ពីឆ្នាំ១៩៩២ មកដល់បច្ចុប្បន្ន ទឹកប្រាក់ហិរញ្ញប្បទានសហប្រតិបត្តិការ ពីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មានប្រមាណជា ៦៤០ លានដុល្លារអាមេរិក។

ការផ្តល់ឥណទានពីដៃគូទ្វេភាគីថ្មីៗបន្ថែមទៀត ជាពិសេស ពីបណ្តាប្រទេសមានការអភិវឌ្ឍខ្ពស់នៃទ្វីបអឺរ៉ុប ដូចជាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នេះ បានឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់ថា ដៃគូអភិវឌ្ឍន៍សំខាន់ៗរបស់កម្ពុជាមានជំនឿយ៉ាងមុតមាំលើរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដើរនៅលើផ្លូវត្រូវ តាមយុទ្ធសាស្រ្ត និងគោលនយោបាយអភិវឌ្ឍន៍ រួមទាំងយុទ្ធសាស្រ្តគ្រប់គ្រងបំណុលសាធារណៈផងដែរ៕