(ភ្នំពេញ)៖ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានបញ្ជាក់ជុំវិញដំណើការ នៃការសាងសង់ព្រលានយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី នៅលើកទឹកដីខេត្តកណ្តាល និងតាកែវថា អាចនឹងរួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។
ការបញ្ជាក់ឲ្យដឹងបែបនេះរបស់អ្នកឧកញ៉ា ពុង ឃាវសែ ធ្វើឡើងក្នុងពិធីមហាសន្និបាត បូកសរុបការងារប្រចាំឆ្នាំលើកទី៨ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា-អន្ដរជាតិ ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន «ទាក់ទងនឹងដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានការវិវត្ដទៅដល់ណាហើយ?» អ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវយើងកំពុងបុកគ្រឹះ! សំខាន់ល្អយើងមិនសូវមានឧបសគ្គប៉ុន្មានពីប្រជាជនជាម្ចាស់ដី ហើយខ្ញុំជឿថា បើសិនជាយើងពុំសូវមានឧបសគ្គខាងប្រមូលដីធ្លីទេ គឺយើងនឹងអាចរួចនៅ២០២៣»។
គួររំឮកថា គម្រោងព្រលានយន្តហោះភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន ក៏បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC លោក ពុង ខៀវសែ និងក្រុមហ៊ុនចិន។
ព្រលានយន្តហោះថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថា នឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ។
ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន ១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន ៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន ១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ ១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារជារបស់ក្រុម OCIC និង ២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី។
ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
ព្រលានយន្តហោះភ្នំពេញថ្មីនេះ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍ជាព្រលានយន្តហោះធំ និងទំនើបជាងគេនៅតំបន់អាស៊ី ឲ្យទំនើបជាងព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃ និងព្រលានយន្តហោះរបស់សិង្ហបុរី៕