Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេប៉ូលិសអន្តោប្រវេសន៍កម្ពុជា ប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកថា នគរបាលអន្តោប្រវេសន៍តៀមខ្លួនជានិច្ច ក្នុងកិច្ចសហប្រតិបត្តិការល្អគ្រប់ពេលវេលាជាមួយអាមេរិក

05-12-2019 16:53

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានជម្រាបជូនលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍តៀមខ្លួនជានិច្ច ក្នុងកិច្ចសហប្រតិបត្តិការល្អគ្រប់ពេលគ្រប់វេលាជាមួយអាមេរិក។

ការបញ្ជាក់យ៉ាងដូច្នេះរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ធ្វើឡើងក្នុងឱកាសដែលលោកបានអនុញ្ញាតឲ្យលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ។

ក្នុងជំនួបនោះដែរ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានសូមស្វាគមន៍ និងអបអរសាទរ លោកឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅកម្ពុជា និងបានលើកឡើងពី កិច្ចប្រតិបត្តិការល្អជាមួយគ្នាកន្លងមក តាមរយៈស្ថាប័ន FBI, DHS, RSO ជាដើម ធ្វើឲ្យករណីល្មើសមួយចំនួន ត្រូវដោះស្រាយបានជោគជ័យ។

លោក គៀត ច័ន្ទថារិទ្ធ ក៏សូមអំណរគុណដល់រដ្ឋាភិបាលអាមេរិក ដែលតែងតែផ្តល់ការបណ្តុះបណ្តាល ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍កម្ពុជា ទៅសិក្សារៀនសូត្រ ទាំងនៅក្នុងប្រទេស និងសហរដ្ឋអាមេរិកជាដើម។

លោក W.Patrick Murphy បានលើកសសើរ និងកត់សំគាល់ពីស្នាដៃល្អជាច្រើន ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើកិច្ចសហប្រតិបត្តការល្អ ជាមួយនឹងស្ថានទូតអាមេរិក ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តល្អទៅមុខទៀត។

លោកឯកអគ្គរដ្ឋទូតអាមេរិក បានថ្លែងអំណរគុណចំពោះការរកឃើញ និងចាប់បញ្ជូនជនលើ្មសឲ្យទៅទទួលទោស នៅសហរដ្ឋអាមេរិកវិញ ធ្វើឲ្យជនរងគ្រោះទទួលបាននូវយុត្តិធម៌។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានជូនពរដល់លោកឯកអគ្គរដ្ឋទូត ក្នុងអាណត្តិពេលសកម្មការទូតនៅកម្ពុជា ទទួលបាននូវជោគជ័យល្អប្រសើរ៕