(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី ១០ព្រឹទ្ធសភា បានបញ្ជាក់ថា ដោយប្រទេសយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ក្រោមការដឹកនាំដើរលើផ្លូវដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាល ដូចនេះប្រជាជនគ្រប់រូបកំពុងសប្បាយរីករាយនូវសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលបាននិងកំពុងកសាងស្តារហេដ្ឋារចនា សម្ព័ន្ធផ្លូវ ផ្លូវលំជនបទ ស្ពាន អាកាស ស្ពានឆ្លងកាត់ទន្លេ ដែលជាសរសៃឈាមសេដ្ឋកិច្ច ដើម្បីធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការរីកចម្រើន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោកបានបន្ថែមឲ្យដឹងថា សមិទ្ធផលនៃសន្តិភាពនេះហើយ ធ្វើឱ្យយើងទាំងអស់គ្នាមានឱកាសកសាងនូវសមិទ្ធិផលជាច្រើន ជម្រុញឲ្យមាន វិនិយោគិនបរទេស និងអ្នកទេសចរណ៏អន្តរជាតិ មកវិនិយោគ និងទស្សនាកម្ពុជាកើនឡើងជាលំដាប់ដែលធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើច្រើន និងទទួលបាននូវផលប្រយោជន៍ដល់សង្គមជាតិ និងប្រជាជននិងកូនចៅប្រជាពលរដ្ឋ ជំនាន់ក្រោយៗទៀត។
ការលើកឡើងរបស់លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី ១០ព្រឹទ្ធសភា បានធ្វើឡើងខណៈលោក អញ្ជើញជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ និងយុវជន ប៉ូលីស កងរាជអាវុទ្ធហត្ថ និងសិករងស្រុក ក្នុងឱកាសទិវាខួបអនុស្សាវរីយ៍លើកទី៤១ថ្ងៃបង្កើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(០២/ធ្នូ ១៩៧៨-២ធ្នូ ២០១៩) ដោយមានអ្នកចូលរួមចំនួន៤៤០នាក់ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
បន្ថែមពីលើនេះ លោក ម៉ម ប៊ុននាង បានលើកឡើងថា មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបប្រទេសជាតិ មានសុខសន្តិភាព និងការងារអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងយើងទាំងអស់គ្នារស់នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្នូ សុខសន្តិភាព រីកចំរើន សម្បូរសប្បាយ និងសិទ្ធសេរីភាពយ៉ាងទូលំទូលាយប្រកបដោយសេចក្តីសង្ឃឹម និងភាពញញឹមស្រស់ស្រាយគ្រប់ពេលវេលាគ្រប់ទីកន្លែង។
លោក ម៉ម ប៊ុននាង បានផ្តាំផ្ញើដល់អាជ្ញាធរ ស្រុកកណ្តាលស្ទឹងទាំងអស់ គប្បីខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុងការផ្តល់ និងបម្រើសេវាសាធារណៈឲ្យបាន ពេញលេញជូនប្រជាពលរដ្ឋដោយមានក្រមសីលធម៌ល្អ មានភាពទទួលខុសត្រូវចំពោះការងារ គោរពតួនាទីភារកិច្ច និងមានព្រហ្មវិហារធម៌ ចេះចែករំលែក និង បង្កើននូវចំណងសាមគ្គីផ្ទៃក្នុងល្អ មានមនសិការស្មោះត្រង់ យោគយល់ឱ្យគ្នាទៅវិញទៅមក។ ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែល មាន៩ចំណុច អោយមានប្រសិទ្ធភាព។
នាថ្ងៃដដែលនោះ លោក ម៉ម ប៊ុននាង ក៏បានអញ្ជើញចុះត្រួតពិនិត្យផ្លូវក្រាលគ្រួសក្រហម ចំនួន៣ខ្សែ ដែលបានជួសជុលរួចជាស្ថាពរ ដែលមានបណ្តោយ៨៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជាមួយគ្នានោះដែរ លោក ម៉ម ប៊ុននាង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ចាស់ជរា អ្នកជំងឺចំនួន០៦គ្រួសារ ដោយក្នុងមួយគ្រួសារថវិកា២០ម៉ឺនរៀល និងសារ៉ុង០១ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រមទាំងផ្តល់ថវិកា សម្រាប់ ជួសជុលផ្លូវគ្រួសក្រហម ដោយចំណាយថវិកាសរុបចំនួន២០.៥៨០.០០០រៀល៕