(ភ្នំពេញ)៖ មជ្ឈមណ្ឌល CAPA ដែលជាមជ្ឈមណ្ឌលសម្រាប់វិស័យអាកាសចរណ៍ ដែលជាអង្គការឈានមុខគេ និងគួរជាទីទុកចិត្តលំដាប់ពិភពលោក បានសម្រេចជ្រើសរើសយកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដាក់ជាអាកាសយានដ្ឋានល្អបំផុតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩។
មជ្ឈមណ្ឌលសម្រាប់វិស័យអាកាសចរណ៍ (CAPA) បានជ្រើសរើសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាអាកាសយានដ្ឋានល្អបំផុតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី។
លោក Peter HARBISON ប្រធាន CAPA បានបញ្ជាក់ថា ការសម្រេចប្រគល់ពានរង្វាន់នេះគឺដោយមើលឃើញថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញបានបង្កើតនូវយុទ្ធសាស្រ្ដដែលនាំឲ្យមានកំណើន អ្នកដំណើរប្រកបដោយចីរភាពជាង២៥ភាគរយក្នុងរយៈពេល ២ឆ្នាំជាប់គ្នា (២០១៧ និង២០១៨) និង១៥ភាគរយ កាលពីត្រីមាសទី១ និងទី៣ នាឆ្នាំ២០១៩នេះ។ CAPA ក៏បានផ្ដល់ពិន្ទុលើការបញ្ចប់យ៉ាងរហ័សលើការងារទាក់ទងនឹងផ្លូវរត់ ដែលបានពង្រីកសក្ដានុពលសម្រាប់សេវាហោះហើរចម្ងាយឆ្ងាយ និងបានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា និងបង្កើតការងារបន្ថែមដល់ពលរដ្ឋ (គិតរួមជាមួយព្រលាន សៀមរាប និងព្រះសីហនុ)។ អ្នកដំណើរបានកើនឡើង ៥០ភាគរយ ក្នុងរយៈពេល៣ឆ្នាំ (២០១៥ ដល់ ២០១៨) ចំណែកសមត្ថភាព ដឹកជញ្ជូនទំនិញបានកើនឡើងស្ទើរតែពីដង។
លោក Alain BRUN អគ្គនាយកក្រុមហ៊ុន Cambodia Airports បានឲ្យដឹងថា សម្រាប់ពានរង្វាន់នេះ គឺបានបញ្ជាក់ពីគំរូភាពជាដៃគូឯកជនសាធារណ របស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលត្រូវបានអភិវឌ្ឍ ប្រកបដោយជោគជ័យក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ។ ភាពជាគំរូនេះនឹងធានាចក្ខុវិស័យរយៈពេលវែង រួមទាំងទំនុកចិត្ត និងការវិនិយោគជាបន្តដែលនឹងប្រែក្លាយទៅជាកំណើនអ្នកដំណើរដ៏រឹងមាំចាប់ពី៦០ម៉ឺននាក់ ទៅ៦លាននាក់ ត្រឹមចុងឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ដែរថាក្រុមប្រឹក្សានៃវិស័យអាកាសចរណ៍ បានទទួលស្គាល់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាអាកាសយានដ្ឋានក្នុងតំបន់ដែលបានបង្កើតខ្លួន ជាអ្នកដឹកនាំ និងខិតខំបំផុតដើម្បីជំរុញវឌ្ឍនភាពនៃឧស្សាហកម្មអាកាសចរណ៍។ ពានរង្វាន់ពីមជ្ឈមណ្ឌល CAPA នេះគឺជាឧត្តមភាពដែលត្រូវបានគេឱ្យតម្លៃខ្ពស់ និងទទួលស្គាល់ដោយអ្នកជំនាញអាកាសចរណ៍ និងឧស្សាហកម្មទេសចរណ៍។
ជោគជ័យនេះគឺជាជោជ័យសម្រាប់ប្រទេសកម្ពុជាដើម្បីអបអរសាទរ ភាពទាក់ទាញដែលកើនឡើងមិនគួរឱ្យជឿនៃព្រះរាជាណាចក្រកម្ពុជា និងជាកិត្តិយស នៃប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិម្តងទៀត។ ដើម្បីទទួលបានព័ត៌មានបន្ថែម https://corp.cambodia-airports.aero/en/news/press-release៕