(ភ្នំពេញ)៖ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានបង្ហាញពីភាពវិជ្ជមានក្នុងការដាក់ឲ្យប្រើប្រាស់កម្មវិធីទិញ-លក់ផលិតផលកសិកម្ម (ដំណាំ, ត្រី, សាច់, បន្លែ) តាមប្រព័ន្ធអ៉ីនធើណេត (លក់តាមអនឡាញ) ដែលអាចទិញ-លក់បានតាមរយៈ App ឈ្មោះ «ទន្លេសាប» ដោយលោកបានរំពឹងថា App នេះនឹងល្អបំផុត ក្នុងការជួយរកទីផ្សារជូនដល់ បងប្អូនប្រជាកសិករ ដែលគ្មានទីផ្សារ។
ការលើកឡើងបែបនេះ របស់លោក គា បូរាណ ធ្វើឡើងក្នុងកម្មវិធីសិក្ខាសាលាស្ដីពី កម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញ សម្រាប់អ្នកផ្គត់ផ្គង់ផលិតផលកសិកម្ម និងវឌ្ឍនភាពនៃកម្មវិធីទូរស័ព្ទដៃទន្លេសាប នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។
លោក គា បូរាណ ថ្លែងឲ្យដឹងថា គោលដៅសំខាន់នៃការបង្កើត App ទន្លេសាបនេះ គឺផ្ដោតលើកការជួយដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលប្រកបរបរកសិកម្ម នៅពេលដែល App នេះដំណើរការល្អ និងរីកចម្រើន ប្រជាពលរដ្ឋអាចទទួលដឹងព័ត៌មានច្រើន អំពីទីផ្សារវិស័យកសិកម្ម ដឹងអំពីតម្រូវការរបស់អ្នកទិញ កសិករអាចដាំដុះបានច្រើន និងត្រូវពេលវេលា ព្រមទាំងលក់បានក្នុងតម្លៃដ៏ល្អប្រសើរ។
លោក គា បូរាណ បញ្ជាក់បន្ថែមថា ជាទស្សនៈវិស័យយើងមានគោលដៅធំៗ២យ៉ាង ទី១៖ ធ្វើយ៉ាងណាឲ្យមានភាពវិជ្ជមានដល់ប្រជាកសិករ ទី២៖ ធ្វើយ៉ាងណាឲ្យ App នេះមានចំណូល និងបន្ដដំណើរការរីកចម្រើនរហូតតទៅ។
លោកឲ្យដឹងថា «អ្វីដែលយើងរំពឹងទុកបន្ទាប់ពី បើកដំណើរ App នេះនឹងជួយដល់ការកាត់បន្ថយ ការចំណាយថ្លៃដើមនៃការផលិត, ផ្ដល់នូវចំណេះដឹងផ្នែកបច្ចេកទេស ដើម្បីច្នៃប្រឌិតនៃការផលិត បានប្រសើរជាងមុនដល់កសិករ និងជួយស្វែងរកទីផ្សារឲ្យពួកគាត់បាន»។
លោកបញ្ជាក់ថា លើសពីនេះអេអឹមខេ បានបន្ដពង្រឹង ក្នុងការពង្រាយការប្រើប្រាស់ App នេះ ឲ្យទូលំទូលាយដល់ប្រជាពលរដ្ឋ និងចេះប្រើប្រាស់ App ទន្លេសាបនេះ ដោយមានការចុះបង្រៀនដល់មូលដ្ឋានផងដែរ។
ដើម្បីបន្ថែមឲ្យកាន់តែយល់ច្បាស់ពី ការប្រើប្រាស់ App ទន្លេសានេះកញ្ញា សុខ សិរីរ័ត្ន មន្រ្ដីបច្ចេកទេសកសិកម្ម បានធ្វើបទបង្ហាញមួយ ស្ដីពីការប្រើប្រាស់ App ដោយក្នុងនោះកញ្ញាបានបង្ហាញថា App នេះបង្កើតឡើង ដើម្បីជំរុញការដាក់លក់ផលិតផលកសិកម្មសម្បូរបែប ពង្រីកទីផ្សារបានធំជាងមុន, ផ្ដល់ភាពងាយស្រួលដល់កសិករ និងអ្នកផ្គត់ផ្គង់ផលិតផលកសិកម្មអាចចុះឈ្មោះដោយផ្ទាល់ លើកម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ ដើម្បីលក់ផលិផលរបស់ខ្លួន។
កញ្ញាបានបញ្ជាក់ថា App នេះពិតជាមានភាពងាយស្រួល ក្នុងការស្វែងរកផលិតផល និងសេវាកម្មដែលទាក់ទងនឹងកសិកម្ម ដោយអាចដឹងពីប្រភពអ្នកផ្គត់ផ្គង់ច្បាស់លាស់ និងអាចទំនាក់ទំនងដោយផ្ទាល់ផងដែរ៕