(ភ្នំពេញ)៖ «នៅក្នុងរយៈពេល ៣ឆ្នាំខាងមុខនេះ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ក្រុមហ៊ុន ស៉ីង បាយ អូថេក (Think Bio-Tech) មានផែនការដាំកូនឈើជាង ៣០លានដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើ ក្នុងវិស័យឧស្សាហកម្មកែច្នៃឈើ ដែលបច្ចុប្បន្នកម្ពុជាកំពុងត្រូវការខ្លាំង ជាពិសេសនៅក្នុងវិស័យសំណង់ ដែលកំពុងតែត្រូវការឈើកែច្នៃខ្លាំង សម្រាប់បម្រើឱ្យការសាងសង់ សំណង់ផ្សេងៗ ដែលកំពុងតែរីកដុះដាល យ៉ាងច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តផ្សេងៗទៀត»។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក លូ ឈូឆាង នាយកក្រុមហ៊ុន ស៉ីង បាយ អូថេក (ខេមបូឌា) នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោកនាយកក្រុមហ៊ុន បានគូសបញ្ជាក់ថា ក្រុមហ៊ុនលោកមានលិខិតអនុញ្ញាតត្រឹមត្រូវពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការឈូសឆាយលើផ្ទៃដីទាំងអស់ ដែលជាផ្ទៃដីព្រៃរិចរិលស្ថិតក្នុងទំហំដី ដែលបានទទួល សិទ្ធិប្រើប្រាស់ សម្រាប់ធ្វើចម្ការឈើដាំបម្រើ ក្នុងវិស័យឧស្សាហកម្ម ហើយក្រុមហ៊ុនបានបង់ថ្លៃសួយ សារ និងបុព្វលាភផលអនុផលព្រៃឈើ ដែលបានពីការឈូសឆាយដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ នៅក្នុងអនុតំបន់ ផ្សេងៗរបស់ខ្លួនស្របតាមគោលការណ៍ច្បាប់កំណត់។
ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩មក ក្រុមហ៊ុន ស៉ីង បាយអូថេក បានចាប់ផ្តើមឈូសឆាយលើផ្ទៃដីទំហំ ៥០០០ហិកតា ហើយគ្រោងនឹងចាប់ផ្តើមដាំដុះកូនឈើនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២០ លើផ្ទៃដីដែលបានឈូសឆាយទាំងអស់ ដោយគ្រោងដាំឈើប្រមាណជិត ៧លានដើមដែលក្នុងនោះ រួមមាន៖
១៖ ដាំប្រភេទកូនឈើ ប្រណិតគ្រប់ ប្រភេទចំនួន ៥០ហិកតាស្មើនឹង ៦២ ៥០០ដើម
២៖ កូនឈើប្រភេទលេខ១ ចំនួន ៥០ហិកតា ស្មើនឹង ៦២ ៥០០ដើម
៣៖ កូនឈើប្រភេទលេខ២ ចំនួន ៣០០ហិកតា ស្មើនឹង ៣៧៥ ០០០ដើម
៤៖ កូនឈើប្រភេទក្រៅលំដាប់មានដើមរការ ដើមស្ពង់ ដើមពោន ដើមគរចំនួន ៦០០ហិកតាស្មើនឹង ៧៥០ ០០០ដើម
៥៖ ដាំកូនឈើប្រេងខ្យល់ចំនួន ៤០០០ហិកតាស្មើនឹង ៥ ០០០ ០០០ដើម។
នៅឆ្នាំ ២០២១ និង២០២២ ក្រុមហ៊ុនគ្រោងធ្វើការឈូសឆាយលើផ្ទៃដី ១០ ០០០ហិកតាក្នុងមួយឆ្នាំ និងដាំកូនឈើសរុបចំនួនជាង ២៥លានដើម។ ផលឈើដែលទទួលបាន នឹងត្រូវប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ការកែច្នៃ។
លោក លូ ឈូឆាង បានថ្លែងបន្តថា ក្រុមហ៊ុនបានចុះកិច្ចសន្យា ទិញកូនឈើពីក្រុមហ៊ុន Angkor Plywood ចំនួន ១០លានដើមក្នុងមួយឆ្នាំ ដើម្បីធ្វើការដាំដុះតាមផែនការអាជីវកម្មរបស់ខ្លួន ព្រោះក្រុមហ៊ុន Angkor Plywood មានវិទ្យាស្ថានបង្កាត់ពូជកូនឈើតាមបច្ចេកទេស។ លោកបានគូសបញ្ជាក់ថា ក្រុមហ៊ុន Angkor Plywood មិនមានការជាប់ពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្មកែច្នៃឈើជាមួយក្រុមហ៊ុន ស៉ីងបាយអូថេក ដូចមជ្ឈដ្ឋានមួយចំនួនចោទប្រកាន់នោះឡើយ។
លោកបានអះអាងថា ក្រុមហ៊ុន ស៉ីង បាយអូថេក (ខេមបូឌា) ទទួលបានសិទ្ធិប្រើប្រាស់ដីព្រៃរបស់រដ្ឋ សម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមរយៈលិខិតលេខ ៩៩៩ សជណ.កស ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី លើផ្ទៃដីសរុបទំហំ ៣៤ ០០៧ហិកតា នៅលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ លោកបន្តទៀតថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានបញ្ចប់ការដាំកូនឈើបានចំនួន ៩៣៧ហិកតា ដែលមានកូនឈើចំនួន ១,១លានដើម ដែលជាប្រភេទដើមប្រេងខ្យល់ដែលរំពឹងថានឹងអាចទទួលផល នៅក្នុងរយៈពេល ៥ឆ្នាំទៀត។
លោក លូ ឈូឆាង បានថ្លែងទៀតថា ក្រុមហ៊ុននឹងបញ្ចប់ការជីកព្រំ និងបោះបង្គោល សម្គាល់ព្រំប្រទល់នៃតំបន់ ដែលទទួលបានសិទ្ធិវិនិយោគនៅឆ្នាំ២០១៩នេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងលុបបំបាត់ការចោទប្រកាន់របស់ក្រុមជនមួយចំនួនតូច ដែលជ្រកក្រោមស្លាកសកម្មជន បរិស្ថានថា ក្រុមហ៊ុន ស៉ីង បាយ អូថេក (ខេមបូឌា) ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ឬធ្វើឱ្យប៉ះពាល់ដល់តំបន់អភិរក្សរបស់រាជរដ្ឋាភិបាល។ លោកថ្លែងថា ការចោទប្រកាន់នេះមានចេតនាបំផ្លាញកេរ្តិ៍ឈ្មោះ របស់ក្រុមហ៊ុនដែលធ្វើអាជីវកម្មស្របច្បាប់ ក្នុងចេតនាបម្រើរបៀបវារៈនយោបាយ និងប្រឆាំងនឹងដំណើរការអភិវឌ្ឍសហគមន៍ និងការអភិវឌ្ឍរបស់ជាតិទាំងមូល ព្រមទាំងព្យាយាមបំបាក់ទឹកចិត្តអ្នកវិនិយោគទុន។
លោក លូ ឈូឆាង បានថ្លែងអះអាងថា ក្រុមហ៊ុន ស៉ីង បាយអូថេក មិនបានទទួលទិញឈើពីខាងក្រៅឡើយ គឺប្រមូលតែអនុផលព្រៃឈើ ដែលមាននៅក្នុងតំបន់ដែលខ្លួនទទួលបានសិទ្ធិប្រើប្រាស់តែប៉ុណ្ណោះ និងបានបង់ពន្ធសួយសារតាមច្បាប់កំណត់។ លោកបានថ្លែងឲ្យដឹងផងដែរថា ក្រុមហ៊ុនធ្វើសកម្មភាពស្របតាមកិច្ចសន្យា និងនៅលើទំហំផ្ទៃដីដែលខ្លួនទទួលបានសិទ្ធិប្រើប្រាស់ពីរដ្ឋាភិបាលតែប៉ុណ្ណោះ។
ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍចម្ការឈើដាំ សម្រាប់បម្រើវិស័យឧស្សាហកម្មឈើកែច្នៃនៅកម្ពុជា និងការពិភាក្សាជាមួយប្រជាពលរដ្ឋ និងសហគមន៍ដែលរស់នៅក្នុងតំបន់នោះ ដែលមានដីទំនេរដើម្បីសហការដាំកូនឈើជាលក្ខណៈដៃគូ បង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនជីវភាពរបស់ពួកគាត់។ លោកក៏បានប្រកាសស្វែងរកដៃគូសហការផ្សេងទៀតដែរ ក្នុងការវិនិយោគដាំចម្ការលើ៕