(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញបិទសិក្ខាសាលាជាតិ ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០។
សិក្ខាសាលាជាតិនេះ ត្រូវបានរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៉ីវិលពាក់ព័ន្ធ សរុបប្រមាណជិត៥០០នាក់។
លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ថ្លែងពេលបើកអង្គសិក្ខាសាលាកាលពីព្រឹកមិញនេះ បានឲ្យដឹងថា សេចក្តីព្រាងបឋម នៃផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០នេះ បានរៀបចំឡើង ដោយផ្អែកទៅលើគម្រោងថវិកាសរុបប្រមាណជាង៣,៥ទ្រីលានរៀល ឬមានចំនួនប្រមាណជិត៩០០លានដុល្លារអាមេរិក ដែលក្នុងនោះថវិការដ្ឋប្រមាណជិត ៩៥% និងថវិកាចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍ប្រមាណជាង ៥%។
ថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ មានចំនួនប្រមាណជាង៣,៤ទ្រីលានរៀល ឬមានចំនួនប្រមាណជាង៨៥៥លានដុល្លារអាមេរិក។ បើប្រៀបធៀបនឹង ឆ្នាំ២០១៩ ថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ ឆ្នាំ២០២០ខាងមុខនេះ មានចំនួនកើនឡើងប្រមាណជិត១,១ទ្រីលានរៀល ឬមានចំនួនប្រមាណ ជាង២៧៦លានដុល្លារអាមេរិក ដោយសារការបង្កើនអត្រាចូលរួមពីថវិការដ្ឋ ទៅក្នុងមូលនិធិឃុំ សង្កាត់ មូលនិធិក្រុង ស្រុក និងការបង្កើតឲ្យមាននូវ ប្រភពចំណូលផ្សេងៗទៀតសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។
រដ្ឋមន្ដ្រី ពេជ្រ ប៊ុនធិន បានអះអាងថា ចំនួនថវិកានេះ នៅពុំទាន់បានគិតបញ្ចូលនូវថវិកា ដែលត្រូវផ្ទេរសម្រាប់អនុវត្តមុខងារនានា ដែលបានផ្ទេរទៅឲ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ ជាពិសេសមុខងារដែលត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌស្របនឹងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌតាមគោលការណ៍ នៃរដ្ឋបាលឯកភាព និងមុខងារក្នុងវិស័យសុខាភិបាល ដែលត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលរាជធានី ខេត្ត តាមរយៈអនុក្រឹត្យ ដែលបានដាក់ចេញនាពេលថ្មីៗនេះ។
លោកបន្ថែមថា ឆ្នាំ២០២០ខាងមុខនេះ គឺជាឆ្នាំទី២ នៃការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៃនីតិកាលទី៦ នៃរដ្ឋសភា ជាឆ្នាំចុងក្រោយនៃផែនការអនុវត្តដំណាក់កាលទី៣ របស់គ.ជ.អ.ប និងជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០១០-២០២០) ហើយក៏ជាឆ្នាំដែល គ.ជ.អ.ប ត្រូវគិតគូរអំពីការរៀបចំកម្មវិធីជាតិ សម្រាប់ការអនុវត្តដំណាក់កាលបន្ទាប់ផងដែរ៕