(កំពត)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវទៅកាន់គ្រប់ផ្នែកទាំងអស់ ដែលចូលរួមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នាចុងឆ្នាំ២០១៩ខាងមុខ ក៏ដូចជាអាជីវករ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋផងដែរ ត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះ ប្រកបដោយភាពស្អាត និងបៃតង។
ការប្រកាសអំពាវនាវរបស់លោករដ្ឋមន្ត្រី ថោង ខុន យ៉ាងដូចនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រៀមរៀបពិធីបុណ្យសមុទ្រ នៅសាលាខេត្តកំពត នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក ជាវ តាយ អភិបាលខេត្តកំពត និងមន្ត្រីរាជការជាច្រើននាក់ទៀត។
គួរជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩នេះ ធ្វើឡើងក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» រយៈពេលថ្ងៃ៣ថ្ង ចាប់ពីថ្ងៃសុក្រ ៩រោច ដល់ថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃនេះ មានកម្មវិធីកម្សាន្តជាច្រើនដូចជា ការសម្ដែងសិល្បៈរបាំ ចម្រៀង មានការតាំងពិព័រណ៍ វិថីម្ហូបអាហារ ព្រឹត្តិការណ៍កីឡាលើគោក និងលើទឹក ការប្រកួតក្បាច់គុនជាដើម។
ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ លោករដ្ឋមន្ត្រី ថោង ខុន បានផ្ដល់អនុសាសន៍មួយចំនួន ដល់គ្រប់អនុគណៈកម្មការ ដែលចូលរួមរៀបចំពិធីបុណ្យសមុទ្រនេះ ឱ្យត្រូវចូលរួមគិតគូរលើបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ការរៀបចំព្រឹត្តិការណ៍កម្សាន្តនានា ការយកចិត្តទុកដាក់លើការថែរក្សាអនាម័យ បរិស្ថាន ក៏ដូចជាការទុកដាក់វេចខ្ចប់ និងប្រមូលសំរាមឱ្យបានទាន់ពេល កុំឱ្យមានហៀរធ្លាក់ចេញពីធុងសំរាម។
ក្រៅពីនោះ ត្រូវចុះអប់រំប្រជាពលរដ្ឋឱ្យត្រៀមទទួលភ្ញៀវទេសចរ ដែលមានទាំងការរៀបចំបន្ទប់ស្នាក់នៅ ការតុបតែងលម្អគេហដ្ឋាន ការទទួលបដិសណ្ឋារកិច្ច អនាម័យ និងសុវត្ថិភាពភ្ញៀវផងដែរ។
លោក ថោង ខុន បានបន្តថា ចំពោះការសម្រួលដល់អាជីវករត្រូវរៀបចំស្ដង់ជូនពួកគាត់ប្រកបដោយការទទួលខុសត្រូវ ពិសេសត្រូវណែនាំពួកគេឱ្យទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំឱ្យមានក្រដាសធ្លាក់ក្រោមតុ ចំណីអាហារដែលលក់ជូនភ្ញៀវក៏ត្រូវមានអនាម័យ និងសុវត្ថិភាព។ លើសពីនេះ ត្រូវណែនាំឱ្យពួកគាត់ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
ម្យ៉ាងទៀត នៅតាមសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្កាឡូនានា ក៏ត្រូវបង្កើនការទទួលបដិសណ្ឋារកិច្ច សន្តិសុខ សណ្ដាប់ សុវត្ថិភាពជូនភ្ញៀវទេសចរ ពិសេសសូមកុំដំឡើងថ្លៃសវាកម្មរបស់ខ្លួនហួសហេតុពេក និងត្រូវរក្សាគុណភាពសេវាកម្មឱ្យបានល្អជានិច្ច។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះបានបង្ហាញការជឿជាក់ថា «ក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នាចុងឆ្នាំ២០១៩ ខាងមុខនេះ នឹងទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាមិនតិចជាង៥០ម៉ឺននាក់ឡើយ»៕