(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ និងកោតសរសើរកីឡាប៉េតង់ ដែលដណ្តើមបានមេដាយមាសមួយគ្រឿង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពិន ក្រោយយកឈ្នះម៉ាឡេស៊ីក្នុងលទ្ធផល ១៣ពិន្ទុ ទល់នឹង៤ពិន្ទុ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរក្រុមកីឡាករ និងកីឡាការិនីខ្មែរដទៃទៀត ទទួលបានជោគជ័យក្នុងការប្រកួតជាបន្តបន្ទាប់។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ កីឡាការិនីប៉េតង់កម្ពុជា ដណ្តើមបានមេដាយមាស ១គ្រឿងនៅ SEA Games 2019 ក្រោយឈ្នះម៉ាឡេស៊ីក្នុងលទ្ធផល ១៣-៤ពិន្ទុ។
ក្រុមកីឡាការិនីប៉េតង់កម្ពុជា ដណ្តើមបានមេដាយមាស ១គ្រឿងនេះ ក្នុងវិញ្ញាសា ៣នាក់ ទល់នឹង៣នាក់។ ក្រុមកីឡាការិនីប៉េតង់កម្ពុជា ដែលដណ្ដើមបានមេដាយមាសទី២នេះ រួមមានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ដួង ឌីណា និង អ៊ុន ស្រីយ៉ា។
នេះគឺជាមេដាយមាសលើកទី២ហើយ សម្រាប់កម្ពុជា ក្នុងព្រឹត្តិការណ៍ SEA Games លើកទី៣០ ឆ្នាំ២០១៩ ដែលមានហ្វីលីពីនធ្វើម្ចាស់ផ្ទះ បន្ទាប់ពីកីឡាគុនល្បុក្កតោ ដណ្តើមបានមេដាយមាស ១គ្រឿងដែរ កាលពីដើមសប្តាហ៍។
គិតត្រឹមរសៀលថ្ងៃនេះ កម្ពុជា ឈ្នះមេដាយសរុបចំនួន ២២គ្រឿងហើយរួមមាន មាស២ ប្រាក់៣ និងសំរិទ្ធ ១៧គ្រឿង៕