(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នៅក្រសួងការបរទេស ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប (ASEM) លើកទី១៣ ក្នុងឆ្នាំ២០២០ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការរវាងសមាជិកសហភាពអឺរ៉ុបទាំង៣០ប្រទេស និងអាស៊ីចំនួន២១ប្រទេស ព្រមទាំងលេខាធិការអាស៊ានផងដែរ។ កិច្ចពិភាក្សា ASEM លើកឡើងពីបញ្ហា នយោបាយ សេដ្ឋកិច្ច និង វប្បធម៌ ជាមួយគោលបំណង នៃការលើកកំពស់ទំនាក់ទំនង រវាងតំបន់ទាំងពីរ ដោយឈរលើគោលបំណង នៃការគោរពគ្នាទៅវិញទៅមក និង ភាពជាដៃគូដោយស្មើសិទ្ធិគ្នា។
ASEM ត្រូវបានបើកកិច្ចប្រជុំជាលើកដំបូងកាលពីឆ្នាំ១៩៩៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលពីប្រទេសចំនួន១៥នៃសហភាពអឺរ៉ុប និងប្រទេសចំនួន៧ នៃសមាជិកអាស៊ាន បូកថែមប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងស្នងការអឺរ៉ុបប៉ុណ្ណោះ។ នៅពេលនោះអឺរ៉ុប បានទទួលស្គាល់ពីការអភិវឌ្ឍការលូតយ៉ាងរហ័ស និងសក្តានុពលនៅក្នុងតំបន់អាស៊ី ហើយគេចង់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ តាមរយៈការពង្រឹង និងការធ្វើទំនើបកម្មទំនាក់ទំនងលើវិស័យ ឬសរសរស្តម្ភបីគឺ៖ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។
កិច្ចប្រជុំកំពូល ASEM គឺជាការជួបគ្នារវាងពីរឆ្នាំម្តង របស់ប្រមុខដឹកនាំរដ្ឋ និងរដ្ឋាភិបាល ប្រធាននៃក្រុមប្រឹក្សាអឺរ៉ុប ប្រធាននៃស្នងការអឺរ៉ុប និង អគ្គលេខាធិការនៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន។ កិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលធ្វើឡើងជាទៀងទាត់រៀងរាល់២ឆ្នាំម្តង បានក្លាយជាវេទិកាមួយយ៉ាងសំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការជាដៃគូ ក្នុងការថែរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព៕