(ភ្នំពេញ)៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោក ហ៊ីង ប៊ុនហៀង, លោក ចៅ តុល អនុប្រធានគណៈពង្រឹងអចិន្រ្តៃយ៍ស្រុកកោះធំ ចុះជួយឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល និងលោក ហូសេន ម៉ូហាម៉ាត់ហ្វារីត ប្រធានអង្កកាក្រុមព្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះសិក្សាសាងសង់វិហារឥស្លាមពីរកន្លែង។
វិហារពីរកន្លែង ដែលកំពុងតែចុះសិក្សានេះ ទីតាំងទី១ ស្ថិតនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដែលមានទំហំ៣៥ម៉ែត្រ គុណ២០ម៉ែត្រ ចំណាយទឹកប្រាក់អស់៦០ម៉ឺនដុល្លារ និងទីតាំងទីពីរ ស្ថិតនៅភូមិទួលសង្កែ ឃុំទួលកុង ស្រុកកោះធំ ខេត្តកណ្តាល មានទំហំ១៥ម៉ែត្រ គុណ២០ម៉ែត្រ ចំណាយទឹកប្រាក់៧ម៉ឺនដុល្លារ ដែលបានមកពីសប្បុរសជនម៉ាឡេស៊ី តាមរយៈអង្កកាក្រុមព្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ថ្លែងនៅចំពោះបងប្អូនខ្មែរអីស្លាម លោក ចៅ តុល បានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណប្រជាជនកម្ពុជា សួរសុខទុកដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទោះបីសម្តេចមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ។
លោក ចៅ តុល បានបន្តថា ប្រទេសកម្ពុជា បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឱ្យមានរីកចម្រើនលើគ្រប់វិស័យ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពណ៌សម្បុរស ឬជាតិសាសន៍នោះឡើយ។ ជាក់ស្តែងការចុះសិក្សាដើម្បីសាងសង់ព្រះវិហារអីស្លាមនេះពេលនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីភាពសុខដុមខាងសាសនា នៅក្នុងប្រទេសកម្ពុជា ដោយមិនមានការរើសអើងជំនឿនោះឡើយ។
អនុប្រធានក្រុមការងារបានបញ្ជាក់ថា អំណោយព្រះវិហារ ចំនួន ២កន្លែងនេះ គឺជាការលើកទឹកចិត្តដល់បងប្អូនខ្មែរឥស្លាម ដែលលោកបានគាំទ្រ និងស្រឡាញ់គណបក្សប្រជាជនកម្ពុជា ជាពិសេស គឺគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក ហើយបងប្អូនខ្មែរឥស្លាម នៅក្នុងស្រុកកោះធំទាំងមូលនេះ ក៏មានការយកចិត្តទុក្ខពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ក៏ដូចជាអង្គការនានា ដូចភ្លៀងរលឹមផងដែរ។
ក្រៅពីចុះត្រួតពិនិត្យនូវទីតាំងសម្រាប់សាងសង់ ព្រះវិហារថ្មី សម្រាប់បងប្អូនខ្មែរឥស្លាមទាំងពីរកន្លែងខាងលើនេះ លោក ចៅ តុល ក៏បានចុះត្រួតពិនិត្យការសាងសង់សាលារៀន ២កន្លែងទៀត ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងចុះត្រួតពិនិត្យនូវវិហារឥស្លាម ដែលកំពុងសាងសង់ដែលគ្រោង សម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលខាងមុខក្រោមអធិបតីភាព សម្តេចតេជោ ផងដែរ៕