(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានជំរុញដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ កុំខ្ជិលច្រអូស ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ដែលនាំឱ្យខូចអនាគតរបស់ខ្លួន។
លោកអភិបាលខេត្ត បានលើកឡើងបែបនេះ នៅក្នុងពិធីបញ្ចុះបឋមសិលាអគារសិក្សាបឋមសិក្សាក្អមសំណក្រោម១ខ្នង ស្មើនឹង ៥បន្ទប់ នៅស្រុកលើកដែក ខេត្តកណ្ដាល នាថ្ងៃទី៤ ខែធ្នូ ម្សិលមិញនេះ។
លោ ម៉ៅ ភិរុណ បានថ្លែងថា អគារសិក្សាដែលត្រូវបញ្ចុះបឋមសិលាសាងសង់នាពេលនេះ សាងសង់ពីថ្មប្រក់ក្បឿង តាមគម្រោង គឺសាងសង់ រយៈពេល៦ខែ នឹងហើយរួចរាល់ជាស្ថាពរ។ ពេលសាលារៀនមួយខ្នងនេះ ហើយជាស្ថាពរសូមក្មួយៗ សិស្សានុសិស្សជួយថែរក្សាអគារនេះ ព្រមទាំងសំអាតអនាម័យទាំងក្នុង និងក្រៅអោយបានស្អាត ដើម្បីឲ្យអគារសិក្សានេះប្រើប្រាស់ បានយូអង្វែង ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តបានសន្យាថា នឹងផ្ដល់ផ្លូវបេតុង ១ខ្សែប្រវែង ១០០០ម ជូនប្រជាពលរដ្ឋក្នុងឃុំក្អមសំណរ នៅឆ្នាំ២០២០ខាងមុខនេះ៕