(ប៉េកាំង)៖ ទីភ្នាក់ងារអវកាសចិន CNSA នាថ្ងៃពុធសប្តាហ៍នេះ បានឲ្យដឹងថា យានចុះចតនៅមួយកន្លែង (Lander) និងយានរុករកអាចចល័ត បាន (Rover) នៃបេសកកម្ម Chang'e-4 បានសម្រាកដំណើរការជាថ្មីម្តងទៀត ក្រោយពេលវេលាពេលថ្ងៃនៃថ្ងៃទី១២ នៅលើព្រះច័ន្ទត្រូវចប់ ហើយពេលវេលាយប់ឈានចូលមកដល់វិញម្តង។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩។
គិតតាំងពីដើមឆ្នាំ២០១៩ រហូតមកទល់ពេលនេះ យានរុករក Yutu-2 ធ្វើដំណើរបានចម្ងាយសរុប៣៤៥.០៥៩ម៉ែត្រហើយ នៅតំបន់ចំហៀង ម្ខាងទៀតរបស់ព្រះច័ន្ទ ដែលមិនបែរមករកផែនដី ដើម្បីបំពេញការងាររុករកផ្នែកវិទ្យាសាស្រ្ត ខណៈតំបន់នោះពុំធ្លាប់មានប្រទេសណាផ្សេង បញ្ជូនយានរ៉ូបូត ឬមនុស្សឲ្យទៅសិក្សាស្រាវជ្រាវឡើយ គឺចិនជាប្រទេសដំបូងគេ។ ទីភ្នាក់ងារអវកាស CNSA បានបញ្ជាក់ថា ដោយសារតែ ស្ថានភាពភូមិសាស្រ្តស្មុគស្មាញ និងសណ្ឋានដីពោរពេញដោយរណ្តៅអាចម៍ផ្កាយ នៅឯតំបន់ Far Side ឬហៅថា Dark Side របស់ព្រះច័ន្ទ ក្រុមវិស្វករចិនបានផ្ចិតផ្ចង់ជាខ្លាំង ក្នុងការគ្រោងផ្លូវធ្វើដំណើរសម្រាប់យាន Yutu-2 ដើម្បីធានាសុវត្ថិភាពរបស់វា។
គួរជម្រាបថា ទោះការចល័តរបស់វាមិនសូវបានលឿនក៏ដោយ អ្នកវិទ្យាសាស្រ្តចិនមានក្តីសង្ឃឹមថា យាន Yutu-2 នឹងបន្តធ្វើដំណើរដោយ ជោគជ័យនៅលើផ្ទៃព្រះច័ន្ទ ហើយបង្កើតគំហើញវិទ្យាសាស្រ្តជាបន្តបន្ទាប់ សម្រាប់បម្រើជាប្រយោជន៍ដល់ចំណេះដឹងរបស់មនុស្សលោក យើងអំពីព្រះច័ន្ទ។ យាននៃបេសកកម្ម Chang'e-4 របស់ចិន ត្រូវបានបាញ់បញ្ជូនចេញពីផែនដី កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ និងបានចុះ ទៅ ដល់រណ្តៅអាចម៍ផ្កាយ Von Karman នៅតំបន់ Far Side របស់ព្រះច័ន្ទ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ៕